2024-01-28 16:28
317

(ត្បូងឃ្មុំ)៖ បន្ទាប់ទទួលបានគោរមងារជាឧកញ៉ា ពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទសម្តេចព្រះ នរោត្តម សីហមុនី កាលពីពេលកន្លងទៅ លោកឧកញ៉ា ណាង ណាន និងលោកស្រី តាន់សុផាវី នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ បានរៀបចំពិធីនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត ដំឡើងរាសី តាមប្រពៃណីជាតិខ្មែរ និងនាំយកអំណោយជាថវិកា ទៅចែកជូនលោកតា លោកយាយ ប្រមាណ២០០នាក់ នៅស្រុកកំណើតក្នុងភូមិទំនប់សែនជ័យ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
    បើតាមលោកឧកញ៉ា ណាង ណាន បានលើកឡើងថា កត្តាសុខសន្តិភាពបានធ្វើឲ្យលោក និងក្រុមគ្រួសារមានឱកាស ប្រកបរបររកស៊ីចិញ្ចឹមជីវិតរហូតទទួលបានសេចក្តីទុកចិត្ត ពីសំណាក់រាជរដ្ឋាភិបាល ពិសេសព្រះមហាក្សត្រព្រះបាទសម្តេចព្រះ នរោត្តម សីហមុនី ផ្តល់គោរមងារជា ឧកញ៉ា។
    បើទោះបីលោកជោគជ័យបែបនេះក្តី តែមិនបំភ្លេចឡើយស្រុកភូមិជាទីកន្លែងកំណើត លោកបញ្ជាក់ថា ដើម្បីជាការតបស្នងលោក និងគ្រួសារបានរៀបចំពិធីនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងអញ្ជើញលោកតា លោកយាយ មកទទួលទានអាហារ និងផ្តល់ថវិកាមួយចំនួនជូនពួកគាត់ផងដែរ ។
   មិនខុសពីប្រជាពលរដ្ឋខ្មែរផ្សេងទៀត បើទោះបីលោកឧកញ៉ា ណាង ណាន និងក្រុមគ្រួសារ រកស៊ីទទួលទានមានបានក៏មិនភ្លេច ការប្រតិបត្តិប្រពៃណី វប្បធម៌ របស់ដូនតាឡើយ ពិសេសការចែករំលែកធនធាន ដល់បងប្អូនប្រជាពលរដ្ឋ ដែលងាយរងគ្រោះ និងទីទ័លក្រ ជាក់ស្តែងដូចជាការចែកជូនថវិកាដល់លោកតា លោកយាយ នាឱកាសនេះជាដើម ។
ជាចុងក្រោយ លោកឧកញ៉ា បញ្ជាក់ថា បងប្អូនយើងអាចប្រកបរបររកស៊ីបានដោយសេរី មានជីវភាពធូរធារ ជាពិសេសលោកទទួលងារជាឧកញ៉ា រហូតបង្កើតកម្មវិធីជួបជុំសប្បាយរីករាយ នៅក្នុងស្រុកភូមិកំណើតនាពេលនេះ គឺសុទ្ធសឹងផ្តើមចេញកត្តាសុខសន្តិភាព។
   ដូច្នេះសូមបងប្អូនយើង បន្តជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្តេចបវរមហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីបន្តបាននូវសុខសន្តិភាព ស្ថេរភាពក្នុងសង្គម និងរីកចម្រើនជឿនលឿន អភិវឌ្ឍន៍ប្រទេស តទៅមុខទៀត៕