2024-01-29 10:40
356

រដ្ឋធានីកៀវ៖ ទីភ្នាក់ងារសន្ដិសុខអ៊ុយក្រែន (SBU) បានរាយការណ៍ ថា បុគ្គលិកមកពីក្រុមហ៊ុនអាវុធអ៊ុយក្រែន បានឃុបឃិតគ្នា ជាមួយនឹងមន្ត្រីជាន់ខ្ពស់មួយចំនួនរបស់ក្រសួងការពារជាតិ ដើម្បីកេងបន្លំប្រាក់ជិត៤០លានដុល្លារ សម្រាប់ការទិញគ្រាប់កាំភ្លើងត្បាល់ ចំនួន ១០០ ០០០គ្រាប់ យកមកធ្វើសង្គ្រាម ទប់ទល់ជាមួយនឹងកម្លាំងទាហានរុស្ស៊ី។ នេះបើតាមគេហទំព័ររបស់បណ្ដាញទូរទស្សន៍ Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០២៤។

ទីភ្នាក់ងារសន្ដិសុខអ៊ុយក្រែន បានបញ្ជាក់ កាលពីល្ងាច ថ្ងៃសៅរ៍ (ទី២៧ ខែមករា) ថា បុគ្គលិកចំនួន៥នាក់ ត្រូវបានចោទប្រកាន់ ខណៈម្នាក់ត្រូវបានឃុំខ្លួន ស្របពេលគេបានព្យាយាមឆ្លងកាត់ព្រំដែនរបស់អ៊ុយក្រែន។ ប្រសិនបើតុលាការ រកឃើញ ថា មានកំហុសដូចការចោទប្រកាន់មែននោះ ពួកគេប្រឈមនឹងការជាប់ពន្ធនាគារ រហូតដល់១២ឆ្នាំ។ សេចក្តីប្រកាសដែលបានបញ្ជាក់ ដោយក្រសួងការពារជាតិអ៊ុយក្រែន នឹងជះឥទ្ធិពលយ៉ាងខ្លាំង ដល់ប្រទេសមួយនេះ ខណៈកំពុងតែធ្វើសង្គ្រាម ជាមួយនឹងរុស្ស៊ី។
ទីភ្នាក់ងារសន្ដិសុខអ៊ុយក្រែន បានបញ្ជាក់ ថា ការស៊ើបអង្កេតមួយ បានលាតត្រដាងមកលើមន្ត្រីក្រសួងការពារជាតិ និង អ្នកគ្រប់គ្រងរបស់ក្រុមហ៊ុនផ្គត់ផ្គង់អាវុធ Lviv Arsenal  (ល្វីវអាសែនណល) ដោយបានលួចលុយ ជិត៤០លានដុល្លារអាមេរិក នៅក្នុងការទិញគ្រាប់កាំភ្លើងផ្លោង។ បើតាមការស៊ើបអង្កេតនេះ បានឲ្យដឹង ថា អតីត និង បច្ចុប្បន្ននៃមន្រ្ដីជាន់ខ្ពស់ ក្រសួងការពារជាតិអ៊ុយក្រែន និង ប្រធានក្រុមហ៊ុន មានការជាប់ពាក់ព័ន្ធនឹងករណីនេះ។

ទីភ្នាក់ងារសន្ដិសុខអ៊ុយក្រែន បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ថា កិច្ចព្រមព្រៀងពាក់ព័ន្ធនឹងការទិញគ្រាប់កាំភ្លើងត្បាល់ ចំនួន ១០០ ០០០គ្រាប់ ជាមួយនឹងកុងត្រា កាលពីខែសីហា ឆ្នាំ២០២២ និង ការចំណាយបានធ្វើមុន។ ប៉ុន្ដែមិនមានគ្រាប់កាំភ្លើង ត្រូវប្រគល់ឲ្យ ដោយមូលនិធិមួយចំនួន នាពេលនោះ បានបង្ហូរចូលទៅកាន់គណនីរបស់បរទេសជាច្រើន។ រីឯការសង័្សយ ក៏ត្រូវបានលាតត្រដាង ខណៈកំពុងតែព្យាយាមឆ្លងព្រំដែនរបស់អ៊ុយក្រែន៕