ព្រះសីហនុ៖ សំណុំរឿងពាក់ព័ន្ធករណីប្រើអំពើហិង្សា និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិលើអ្នកសារព័ត៌មានម្នាក់ នៅក្រុងព្រះសីហនុ ត្រូវបានជាប់គាំងអស់រយៈពេលប្រមាណជា ៤ឆ្នាំនៅសាលាឧទ្ធរណ៍ ពេលនេះជនរងគ្រោះបានដាក់ពាក្យបណ្តឹងកាន់ក្រសួងយុត្តុធម៌ ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ពន្លឿននិតិវិធី និងស្វែងរកយុត្តិធម៌ ខណៈតុលាការថ្នាក់ដំបូងកាត់ក្តីហាក់មានភាពលម្អៀង ។
លោក ដួង ច័ន្ទបូរិទ្ធ អ្នកយកព័ត៌មានប្រចាំខេត្តព្រះសីហនុ បានឲ្យដឹងថា៖ ករណីសំណុំរឿងរបស់លោកត្រូវអ្នករកស៊ីដីលក់-ទិញ និងគួកជេដីប្រើអំពើហិង្សាវាយ និងបំផ្លាញសម្ភារៈក្នុងកំឡុងពេលចុះបេសកកម្មយកព័ត៌មាន ដែលបានជាប់គាំងអស់រយៈពេល៤ឆ្នាំមកហើយនោះ ពេលនេះលោកបានដាក់ពាក្យបណ្ដឹងទៅក្រសួងយុត្តិធម៌សុំការអន្តរាគមន៍ ដើម្បីពន្លឿនការអនុវត្តនិតិវិធី ក៏ដូចជាការស្វែងរកភាពយុត្តិធម៌ផងដែរ ។
លោក ដួង ច័ន្ទបូរិទ្ធ បានបញ្ជាក់ថា៖ លោកបានសម្រេចដាក់ពាក្យបណ្ដឹងប្ដឹង សុំការអន្តរាគមន៍ទៅក្រសួងយុត្តិធម៌ ក្នុងកំឡុងខែមករាឆ្នាំ២០២៤ បន្ទាប់ពីលោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានប្រកាសដាក់ចេញនូវយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និង យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ កាលពីដើមខែមករា ឆ្នាំ២០២៤ កន្លងទៅនេះ ។
លោក ដួង ច័ន្ទនូរិន្ទ បានបញ្ជាក់យ៉ាងដូច្នេះថា៖ ក្រោយពីលោកដាក់បណ្តឹងស្នើសុំការអន្តរាគមន៍លើរឿងក្តីរបស់លោក ក្រុមការងារក្រសួងយុត្តិធម៌បានឆ្លើយតបមកលោក ដោយផ្ដល់ភាពជឿជាក់ជូនលោក និងសន្យាថា «ករណីនេះ ក្រសួងយុត្តិធម៌ នឹងដោះស្រាយជូនក្នុងពេលឆាប់ៗនេះ» ។
គួររំលឹកថា កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ៤និង៣០នាទីល្ងាច មានករណីហិង្សាមួយបានកើតឡើងបង្កឡើងដោយអ្នករកស៊ីដីធ្លីមានឈ្មោះ ជា សុខឡេង និងកូនប្រុសឈ្មោះ គឹម រដ្ឋធី ទៅលើលោក ដូង ច័ន្ទបូរិន្ទ ជាអ្នកសារព័ត៌មាន ស្ថិតក្នុងភូមិ៤ ឃុំអូត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដែលបច្ចុប្បន្នបានប្តូរទៅជាភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ។
ក្នុងហេតុការណ៍នោះ ឈ្មោះ ជា សុខឡេង និងកូនប្រុសឈ្មោះ គឹម រដ្ឋធី បានប្រើហិង្សា និងចាប់បោកបំផ្លាញសម្ភារៈរបស់អ្នកសារព័ត៌មានកម្ទេចចោល ខណៈពេលលោកចុះបំពេញភារកិច្ចយកព័ត៌មាន ។ ក្រោយកើតហេតុលោក ដួង ច័ន្ទបូរិទ្ធ បានទៅដាក់ពាក្យបណ្ដឹងនៅស្នងការដ្ឋាននគរបាលខេត្តសីហនុ ហើយសំណុំរឿងក៏ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ នៅថ្ងៃទី១១ ខែសិហា ឆ្នាំ២០២០ ។
លោក ដួង ច័ន្ធបូរិន្ទ បានបញ្ជាក់ថា៖ «ក្រោយសំណុំរឿងបញ្ជូនទៅដល់ដៃតុលាការត្រូវបានស្ថាប័នតុលាការមានចំណាត់ជាបន្តបន្ទាប់ឈានដល់ការជំនុំជម្រះនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយតុលាការខេត្តព្រះសីហនុសម្រេចកាត់អង្គសេចក្តីឲ្យភាគីជនបង្កឈ្មោះ ជា សុខឡេង សងជំងឺចិត្តជាទឹកប្រាក់ ចំនួន ១លានរៀល» ។
លោក ដួង ច័ន្តបូរិន្ទ បញ្ជាក់ថា «ដោយមើលយល់ឃើញថា ការសម្រេចអង្គសេចក្តីរបស់សាលាដំបូងខេត្តព្រះសីហនុ មិនសមហេតុផលទើបសម្រេចប្តឹងឧទរណ៍នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីមានចំណាត់ការបន្តលើសំណុំរឿងនេះ» ។
សូមជម្រាបថា សំណុំរឿងអំពើហិង្សាលើអ្នកសារព័ត៌មាន សាលក្រមរបស់សាលាដំបូងខេត្តសីហនុ ដែលបង្គាប់ឲ្យឈ្មោះ ជា សុខឡេង និងឈ្មោះ គឹម រដ្ធធី សងជំងឺចិត្តទឹកប្រាក់ ចំនួន ១លានរៀល ។ ចាប់តាំងពីបនតឹងឧទ្ធរណ៍គិតមកដល់ពេលនេះ មានរយៈពេលជិត ៤ឆ្នាំ ប៉ុន្តែតុលាការសាលាឧទ្ធរណ៍ក្រុងព្រះសីហនុ លោកមិនទាន់បានយកសំណុំរឿងនេះមកដោះស្រាយនៅឡើយ ៕