2024-01-31 10:59
348

រដ្ឋធានីមូស្គូ៖ សង្គ្រាមរបស់មេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់ចុងខែមករា ឆ្នាំ២០២៤នេះ បានធ្វើឲ្យភាគីជម្លោះទាំង២ បាត់បង់ជីវិត អស់រាប់សែននាក់ និង បានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងប្រទេសអ៊ុយក្រែន អស់រាប់រយពាន់លានដុល្លារ ប៉ុន្ដែឥឡូវ មេដឹកនាំរបស់ប្រទេសមហាអំណាចយោធាលំដាប់លេខ២របស់ពិភពលោកមួយនេះ កំពុងតែចាប់ផ្ដើមផ្លាស់ប្ដូរយុទ្ធសាស្រ្ដរបស់ខ្លួន ក្រោយពេលរុស្ស៊ី បានបាត់បង់យន្ដហោះទំនើបៗរបស់ខ្លួន អស់រាប់រយគ្រឿងរួចមក។

បើតាមគេហទំព័រ Tekedia បានចេញផ្សាយ កាលពីព្រឹក ថ្ងៃ ទី៣១ ខែមករា ឆ្នាំ២០២៤ ថា នៅក្នុងស្ថានភាពវិវឌ្ឍន៍ កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលក្រុងមូស្គូ បានប្រកាស ថា            រុស្ស៊ី នឹងកែប្រែយុទ្ធសាស្ត្រយោធារបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងការខាតបង់យន្តហោះសំខាន់របស់ខ្លួន កាលពីឆ្នាំ២០២៣។ ការសម្រេចចិត្តបែបនេះ បានកើតឡើង បន្ទាប់ពីការកើតឡើងនូវឧបទ្ទវហេតុជាបន្តបន្ទាប់ ចំពោះភាពងាយរងគ្រោះ ដល់កងទ័ពអាកាសរបស់រុស្ស៊ី និង ការពឹងផ្អែករបស់ខ្លួនទាំងស្រុង ទៅលើបច្ចេកវិទ្យាយោធាហួសសម័យ            កាល។បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹង ថា យុទ្ធសាស្ត្រថ្មីនេះ នឹងផ្តោតលើការបង្កើនលទ្ធភាពរស់រានមានជីវិត និង ប្រសិទ្ធភាព សម្រាប់យន្តហោះចម្បាំងរបស់ខ្លួន ក៏ដូចជា ការកែលម្អនូវការហ្វឹកហ្វឺន និង ការត្រៀមខ្លួនរបស់អ្នកបើកយន្តហោះ ផងដែរ។

សេចក្តីថ្លែងការណ៍ដដែលនោះ ក៏បានបញ្ជាក់ ថា រុស្ស៊ី នឹងវិនិយោគធនធានបន្ថែមទៀត នៅក្នុងការអភិវឌ្ឍ និង ទទួលបានប្រព័ន្ធការពារដែនអាកាសដ៏ទំនើប និង ជឿនលឿន ប្រកបដោយសមត្ថភាពខ្ពស់ នៅក្នុងសង្គ្រាមអេឡិកត្រូនិក បច្ចេកវិទ្យាបំបាំងកាយ និង គ្រឿងសព្វាវុធមានល្បឿនលឿនជាងសំឡេង។

ក្រសួងការពារជាតិរុស្ស៊ី បានចេញសេចក្ដីប្រកាសបែបនេះ ក្រោយពេលកងទ័ពអាកាសរបស់រុស្ស៊ី បានរងបរាជ័យជាបន្ដបន្ទាប់ រហូតបង្កើតឲ្យមានការចោទឡើងជាសំណួរ អំពីសមត្ថភាពរបស់រុស្ស៊ី នៅក្នុងការប្រកួតប្រជែង ជាមួយនឹងគូប្រជែង និង សត្រូវរបស់               ខ្លួន។ យន្តហោះចម្បាំង ប្រភេទ Su-35 ដែលកងទ័ពរុស្ស៊ី ចាត់ទុកជាយន្ដហោះដ៏ទំនើបរបស់ខ្លួន ត្រូវបានយន្ដហោះចម្បាំងប្រភេទ F-16 របស់តួកគី បាញ់ទម្លាក់ នៅលើដែនអាកាស នៃសមុទ្រមេឌីទែរ៉ាណេ កាលពីខែកញ្ញា ឆ្នាំ២០២៣។ នេះជាលើកទី១ ដែលកងទ័ពរបស់ប្រទេសជាសមាជិករបស់អង្គការណាតូ បានចូលរួមបំផ្លាញយន្តហោះចម្បាំងរបស់រុស្ស៊ី ចាប់តាំងពីសង្គ្រាមត្រជាក់ រហូតមក។

ស្របគ្នានេះដែរ យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់រុស្ស៊ី ប្រភេទ Tu-160 ក៏បានធ្លាក់នៅតំបន់ស៊ីប៊ើរី ដោយសារបញ្ហាបច្ចេកទេស ហើយបានសម្លាប់អាកាសយានិកទាំងអស់ នៅលើយន្តហោះ កាលពីខែវិច្ឆិកា ឆ្នាំ២០២៣។ លុះមកដល់ខែមករា ឆ្នាំ២០២៤ យន្តហោះចម្បាំងដ៏ទំនើបរបស់រុស្ស៊ី  ប្រភេទ MiG-31 ត្រូវបានស្ទាក់ចាប់ និង អមដោយយន្តហោះចម្បាំងបំបាំងកាយដ៏ទំនើបរបស់កងទ័ពសហរដ្ឋអាមេរិក ប្រភេទ F-22  នៅលើមហាសមុទ្រអាក់ទិក។ សកម្មភាពយោធាទាំងនេះ កំពុងតែបង្ហាញ អំពីការបំបាំងកាយ និងសមត្ថភាពគ្រប់គ្រងយន្តហោះរបស់សហរដ្ឋអាមេរិក។ឧបទ្ទវហេតុទាំងនេះ ក៏បានបង្ហាញពីភាពទន់ខ្សោយរបស់កម្លាំងកងទ័ពអាកាសរុស្ស៊ី                 ខណៈបាន និង កំពុងតែតស៊ូ ដើម្បីធ្វើទំនើបកម្ម និង ធ្វើឱ្យប្រសើរឡើងនូវកងយន្ដហោះចាស់ៗរបស់ខ្លួន ដែលផលិត នៅក្នុងសម័យសហភាពសូវៀត។

ស្របគ្នានេះ ថវិកាវិស័យការពារជាតិរបស់រុស្ស៊ី បានធ្លាក់ចុះ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែតម្លៃប្រេងទាប ការដាក់ទណ្ឌកម្មរបស់លោកខាងលិច និង ជំងឺរាតត្បាត នៃមេរោគឆ្លង។ លើសពីនេះ រុស្ស៊ី ប្រឈមមុខនឹងសម្ពាធការទូត និង យោធាពីអង្គការណាតូ ចិន និង តួអង្គក្នុងតំបន់ផ្សេងៗជាច្រើនទៀត ដែលបាន និង កំពុងតែពង្រីកកម្លាំងទ័ពអាកាសផ្ទាល់ខ្លួន និង ប្រកួតប្រជែង ដើម្បីផលប្រយោជន៍ និង ឥទ្ធិពលជាមួយនឹងរុស្ស៊ី។ បញ្ហាទាំងអស់នេះ  ធ្វើឲ្យគេនៅតែមើល ថាតើយុទ្ធសាស្ត្រថ្មីរបស់រុស្ស៊ី នឹងទទួលបានជោគជ័យ នៅក្នុងការពង្រឹងកម្លាំងទ័ពអាកាសរបស់ខ្លួន និង ស្ដារឋានៈរបស់ខ្លួន ជាមហាអំណាចយោធារបស់ពិភពលោកបានដែរឬទេ? ផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ នៃបញ្ហាទាំងនេះ មានសារៈសំខាន់ខ្លាំង សម្រាប់ស្ថានភាពសន្តិសុខ នៅក្នុងតំបន់ និង ពិភពលោក ក៏ដូចជា អនាគត នៃទំនាក់ទំនងអន្តរជាតិ។

ប្រសិនបើរុស្ស៊ី អាចយកឈ្នះលើបញ្ហាប្រឈមរបស់ខ្លួនបាន ហើយបានពង្រឹងកម្លាំងទ័ពអាកាសរបស់ខ្លួននោះ រុស្ស៊ី អាចនឹងរារាំង ឬ ទប់ទល់នឹងការគំរាមកំហែងដ៏មានសក្តា             នុពល ពីសត្រូវរបស់ខ្លួន និង អះអាងឥទ្ធិពលរបស់ខ្លួន នៅក្នុងតំបន់សំខាន់ៗមួយចំនួន ដូចជា មជ្ឈិមបូព៌ា អឺរ៉ុបខាងកើត និង អាស៊ីកណ្តាល។ ផ្ទុយទៅវិញ ប្រសិនបើរុស្ស៊ី បានរងនូវបរាជ័យ នៅក្នុងការធ្វើឱ្យប្រសើរឡើងនូវកម្លាំងទ័ពអាកាសរបស់ខ្លួន ហើយធ្លាក់មកនៅពីក្រោយគូប្រជែងរបស់ខ្លួននោះ រុស្ស៊ី អាចប្រឈមនឹងភាពឯកោកើនឡើង និង គម្លាត នៅលើឆាកអន្ដរជាតិ ក៏ដូចជា ការកើនឡើងហានិភ័យ នៃជម្លោះ។

ដោយឡែក ការសម្រេចចិត្តរបស់ប្រធានាធិបតីរុស្ស៊ី លោក វ៉ា្លឌីមៀ ពូទីន នៅក្នុងការចូលលុកលុយ ទៅលើប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់ពេលនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់មុខមាត់ នៃភាពជាអ្នកដឹកនាំ នៃមហាអំណាចពិភពលោករបស់រុស្ស៊ី។ សង្គ្រាមរបស់មេដឹកនាំវិមានក្រឹមឡាំង មិនត្រឹមតែធ្វើឲ្យខូចខាតដល់ប្រទេសអ៊ុយក្រែន អស់ទំហំទឹកប្រាក់ រាប់រយពាន់លានដុល្លារ ប៉ុណ្ណោះទេ សូម្បីតែរុស្ស៊ី ខ្លួនឯង ក៏ខាតបង់រាប់រយពាន់លានដុល្លារផងដែរ ដោយសារតែគំនាបសេដ្ឋកិច្ចរបស់លោកខាងលិច និង សម្ពន្ធមិត្ត។ ក្រៅពីនេះ ជម្លោះនេះ បានឆក់យកអាយុជីវិតទាហានទាំងសងខាង អស់រាប់សែននាក់ផងដែរ ខណៈការប្រយុទ្ធកំពុងតែបន្ដ។

បើតាមអគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានសរសេរបង្ហោះ នៅលើបណ្ដាញសង្គម កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ថា នៅក្នុងរយៈពេល២៤ម៉ោងមុនេះ ទាហានរុស្ស៊ី ចំនួន១០៧០នាក់ បានស្លាប់ នៅលើសមរភូមិ។ ជាមួយនឹងតួលេខថ្មីនេះ ធ្វើឲ្យរុស្ស៊ី បានបាត់បង់ទាហាន នៅលើសមរភូមិ សរុប ៣៨៣ ១៨០នាក់ ដោយគិតិចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤។ ដោយឡែក គ្រឿងសឹករបស់រុស្ស៊ី ត្រូវបានអ៊ុយក្រែន បំផ្លាញ រួមមាន នាវាមុទឹក ចំនួន១គ្រឿង, នាវចម្បាំងតូចធំ ចំនួន២៣គ្រឿង, យន្ដហោះចម្បាំង ៣៣១គ្រឿង, ឧទ្ធម្ភាគចក្រ ចំនួន ៣២៤គ្រឿង, រថក្រោះ ចំនួន ៦ ២៩០គ្រឿង, រថពាសដែក ចំនួន ១១ ៦៩៦គ្រឿង ព្រមទាំងគ្រឿងចម្បាំងជាច្រើនទៀត៕