2024-01-31 16:53
344

(បាងកក)៖ នៅថ្ងៃពុធនេះ តុលាការធម្មនុញ្ញនៅក្នុងប្រទេសថៃ បានចេញសេចក្តីសម្រេចថា គណបក្ស Move Forward បានបំពានរដ្ឋធម្មនុញ្ញជាតិ តាមរយៈការព្យាយាមចង់ធ្វើវិសោធនកម្ម ច្បាប់ដែលការពារការប្រមាថស្ថាប័នព្រះមហាក្សត្រដ៏មានឥទ្ធិពល របស់ប្រទេសអាស៊ានមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០២៤។

គណបក្ស Move Forward បានទទួលជ័យជម្នះដ៏ភ្ញាក់ផ្អើលក្នុងការបោះឆ្នោតសកលថៃ កាលពីឆ្នាំ២០២៣ ដោយឈរលើគោលនយោបាយវឌ្ឍនភាពនិយម ក្នុងនោះរួមមានផែនការស្នើឱ្យធ្វើកំណែទម្រង់ច្បាប់ការពារព្រះមហាក្សត្រ។ នៅក្រោមច្បាប់នេះ ជនល្មើសប្រឈមការជាប់ពន្ធនាគារជាអតិបរមា រហូតដល់ទៅ១៥ឆ្នាំ សម្រាប់បទល្មើសនីមួយៗ ដែលត្រូវបានចាត់ទុកជា ការប្រមាថលើស្ថាប័នព្រះមហាក្សត្រ។

ក្នុងសេចក្តីសម្រេចខាងលើ តុលាការធម្មនុញ្ញថៃបានបញ្ជាឱ្យ Move Forward បោះបង់ចោលផែនការរបស់ខ្លួន ដែលត្រូវតុលាការចាត់ទុកស្មើនឹង ការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលប្រជាធិបតេយ្យ ដែលមានព្រះមហាក្សត្រជាប្រមុខរដ្ឋ ដូច្នេះគឺវាបានបំពានរដ្ឋធម្មនុញ្ញ។ ផែននេះហើយ គឺជាមូលហេតុចម្បងដែលបានធ្វើឱ្យគណបក្ស Move Forward បរាជ័យក្នុងការបង្កើតរដ្ឋាភិបាលថ្មីកាលពីឆ្នាំ២០២៣ បើទោះបីខ្លួនជាគណបក្ស ឈ្នះបានអាសនៈច្រើនជាងគេ នៅក្នុងសភាក៏ដោយ បន្ទាប់ពីមានការជំទាស់ដោយក្រុមតំណាងរាស្រ្ត ជាសម្ព័ន្ធមិត្តនិងត្រូវបានតែងតាំងដោយ យោធាដែលស្មោះស្ម័គ្រចំពោះស្ថាប័នព្រះមហាក្សត្រ។

ទោះបីតុលាការធម្មនុញ្ញថៃ មិនបានកំណត់នូវការដាក់ពិន័យណាមួយចំពោះ Move Forward ក៏ដោយ អ្នកនយោបាយថៃមួយចំនួន ធ្លាប់បានលើកឡើងថា អាចនឹងមានកិច្ចប្រឹងប្រែងតាមផ្លូវច្បាប់ ដើម្បីព្យាយាមរំលាយ និងដាក់បម្រាមនយោបាយ ចំពោះថ្នាក់ដឹកនាំរបស់គណបក្សនេះ ជុំវិញគោលជំហរប្រឆាំង ច្បាប់ការពារព្រះមហាក្សត្រ។
គួរបញ្ជាក់ថា គណបក្សជំនាន់មុនរបស់ Move Forward គឺ Future Forward ធ្លាប់ត្រូវបានរំលាយចោល ដោយសារបំពានគោលការណ៍មូលនិធិយុទ្ធនាការបោះឆ្នោត ហើយអតីតមេដឹកនាំ និងជាអតីតបេក្ខជននាយករដ្ឋមន្រ្តី របស់គណបក្សនោះ គឺលោក Thanathorn Juangroongruangkit ត្រូវបានដកហូតសមាជិកភាពជាតំណាងរាស្រ្ត ដោយសារតែបញ្ហាភាគហ៊ុនក្នុងក្រុមហ៊ុនមួយ។

ដោយឡែក អតីតមេដឹកនាំនិងជាអតីតបេក្ខជននាយករដ្ឋមន្រ្តីបក្ស Move Forward លោក Pita Limjaroenrat ដែលត្រូវបានរារាំងមិនឱ្យក្លាយជានាយករដ្ឋមន្រ្តីថៃ កាលពីឆ្នាំមុន គឺត្រូវបានតុលាការធម្មនុញ្ញថៃ ចេញសេចក្តីសម្រេចកាលពីសប្តាហ៍មុនថា រូបលោកមិនបានធ្វើខុសអ្វី ឬបំពានលើច្បាប់បោះឆ្នោតឡើយ ហើយត្រូវអនុញ្ញាតឱ្យទទួលបានសមាជិកភាពជាតំណាងរាស្រ្ត ឡើងវិញ៕