2024-02-04 15:58
439

ភ្នំពេញ៖ នាព្រឹក ថ្ងៃអាទិត្យ ទី០៤ ខែកុម្ភាៈ ឆ្នាំ២០២៤ នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះអត្ថបទលើបណ្តាញទំនាក់ទំនងសង្គមថា «ប្រព័ន្ធរំដោះទឹកកង្វក់ ភូមិសាស្ត្រស្ទឹងមានជ័យ ត្រូវបានស្តារ និងរៀបចំប្រកបដោយរបៀបរៀបរយ។ ប្រព័ន្ធរំដោះទឹកកង្វក់ គឺជាកិច្ចការសំខាន់ក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធទីក្រុងឱ្យមានសណ្តាប់ធ្នាប់ បរិស្ថានល្អ និងសោភ័ណភាព និងចាំបាច់បំផុត ក្នុងការរំដោះទឹកភ្លៀងនៅរដូវវស្សា»។ 
    សម្តេចធិបតី នាយករដ្ឋមន្ត្រី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានីភ្នំពេញ ចំពោះស្មារតីបុរេសកម្មដោយការយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តបញ្ចកោណទី៤ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ លើការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព  និងបរិយាបន្ន ដោយមុំទី៤ គឺការពង្រឹងការគ្រប់គ្រង និងការធ្វើទំនើបកម្មនគរូបនីយកម្ម ដែលមានកិច្ចការអាទិភាព ចំនួន៥ ហើយកិច្ចការអាទិភាពទី៣ គឺការរៀបចំផែនការមេអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទីក្រុង និងទីប្រជុំជនសំខាន់ៗ ប្រកបដោយភាពធន់ និងសោភ័ណភាព ព្រមទាំងការពង្រីកនូវប្រព័ន្ធលូរំដោះទឹកភ្លៀង, ប្រព័ន្ធចម្រោះ និងប្រព្រឹត្តកម្មទឹកកង្វក់។
    ជាការកត់សម្គាល់រាជរដ្ឋាភិបាលបន្តវេន ក្នុងអាណត្តិទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយភាពប៉ុនប្រសព្វ និងគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីត្រឹមតែរយៈពេលប្រមាណ ៥ខែប៉ុណ្ណោះដើមអាណត្តិនេះ មានលទ្ធផលផ្កែផ្កាជាច្រើន ជាពិសេសមានប្រជាប្រិយភាព ធ្វើឱ្យប្រជាពលរដ្ឋក្នុង និងក្រៅប្រទេសទទួលបានការគាំទ្រយ៉ាងខ្លាំង៕