2024-02-12 12:28
342

កំពង់ស្ពឺ៖ សកម្មភាពក្មេងទំនើងបង្កភាពអុកឡុកអសន្តិសុខក្នុងសង្គមហាក់បីដូចជាកក្រើកឡើងវិញគួរឲ្យបារម្ភ ដែលនាំឲ្យសីលធម៌ក្នុងសង្គមបច្ចុប្បន្នធ្លាក់ចុះយ៉ាងខ្លាំង ទោះបីជាសមត្ថកិច្ចធ្វើការបង្ក្រាប និងចុះអប់រំ ណែនាំនៅតាមសាលារៀន ភូមិ ឃុំយ៉ាងណាក្តីក៏មិនស្ងប់ស្ងាត់ដែរ។ 

ជាក់ស្តែង ក្រុមក្មេងទំនើងដេញវាយកាប់ចាក់គ្នាយ៉ាងសាហាវបំផុត ដែលកើតមានឡើងកាលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវេលាម៉ោង ១៤និង២០នាទី នៅលើឧទ្យានជាតិគីរីរម្យ ចំណុចជិតរង្វង់មូលនាគព័ន្ធ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយផ្តើមឡើងពីករណីគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួចក៏ឈានដល់ការប្រើប្រាស់អំពើហិង្សាដ៏ឃោរឃៅ ត្រូវបានភ្ញៀវទេសចរថត និងបានបង្ហោះលើបណ្តាញសង្គមផ្ទុះការចាប់អារណ្ម ព្រមទាំងសំដែងការហួសចិត្តយ៉ាងខ្លាំងចំពោះទង្វើដ៏អសីលធម៌នេះ។ 

របាយការណ៍របស់ អាជ្ញាធរស្រុកភ្នំស្រួច បានបង្ហាញថា មុខពេលកើតជាអំពើហិង្សាដ៏សាហាវនេះ គឺមានករណី មូ៉តូ ០១គ្រឿង ម៉ាក Scopy-i ពណ៌ក្រហម គ្មានស្លាកលេខ ស៊េរីឆ្នាំ២០២២ ជិះគ្នា ០២នាក់ រួមមាន៖ ទី១- ឈ្មោះ វី សុគុន្ធ ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិព្រៃស្ដុក ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណ (កំពុងស្រាវជ្រាវ) បានជិះទៅបុក ម៉ូតូ ០១គ្រឿងទៀត ម៉ាក ហុងដា C125 ស៊េរីឆ្នាំ២០២៤ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1KK-4037 ជិះគ្នា ០២នាក់ រួមមាន៖ ឈ្មោះ សេង រ៉ាវ័ន្ត ភេទប្រុស អាយុ ២០ឆ្នាំ (អ្នកឌុប) រស់នៅភូមិតាយស់ ឃុំជើងរាស់ ស្រុកយុទ្ធសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ និងទី២- ឈ្មោះ គង់ ណាវី ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិអង្គតាប៉ុក ឃុំជើងរាស់ ស្រុកយុទ្ធសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បណ្ដាលឲ្យដួលទាំង ០២គ្រឿង។ 

របាយការណ៍ដដែលបានបង្ហាញថា៖ ក្រោយលើតហេតុបក្ខពួករបស់ឈ្មោះ សេង រ៉ាវ័ន្ត មានឈ្មោះ សេង ដារ៉ា ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិតាយស់ បានមកដល់ក៏ទាញដំបងមែកស្រល់ដេញវាយទៅលើបក្ខពួករបស់ឈ្មោះ វី សុគុន្ធ ដែលបានមកដល់កន្លែងកើតហេតុដែរ។ ចំណែកឈ្មោះ  សេង រ៉ាវ័ន្ត ពេលងើបពីដួលវិញក៏ទាញដំបងឬស្សី បម្រុងវាយភាគីម្ខាងទៀតដែរ ប៉ុន្តែមានគេចាប់ឃាត់។ 

ក្រោយមានហេតុការណ៍ខាងលើនេះ កម្លាំងអធិការដ្ឋាន បានឡើងស្ទាក់ឃាត់បានភាគីម្ខាងចំនួន ០៣នាក់៖ ទី១- ឈ្មោះ សេង រ៉ាវ័ន្ត, ទី២- ឈ្មោះ គង់ ណាវី និង ទី៣- ឈ្មោះ សេង ពន្លឺ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិតាយស់ ឃុំជើងរាស់ ស្រុកយុទ្ធសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ និងឈ្មោះ សេង ដារ៉ា កំពុងរត់គេចខ្លួន។ ចំណែកភាគីម្ខាងទៀតឈ្មោះ រី សុគន្ធ របួសធ្ងន់ដោយសារគ្រោះថ្នាក់ចរាចរណ៍កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យផ្សារត្រែងត្រយឹង។ 

ក្នុងហេតុការណ៍ ដ៏អាក្រក់នោះ វត្ថុតាងដក់ហូត ម៉ូតូ ចំនួន ០៣គ្រឿង ក្នុងនោះ ម៉ូតូម៉ាក Scopy-i ពណ៌ក្រហម គ្មានស្លាកលេខ ស៊េរីឆ្នាំ២០២២, ម៉ាក ហុងដា C125 ស៊េរីឆ្នាំ២០២៤ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1KK-4037, ម៉ាកសងC125 សេរីឆ្នាំ២០២២ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1JA-7814។

ពាក់ព័ន្ធករណីខាងលើ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យទាំង ០៣នាក់ នៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីកសាងសំណុំរឿងអនុវត្តតាមនីតិវិធី៕