ភ្នំពេញ៖ យោងតាមលទ្ធផលចុះយកសំណាកអ្នកប៉ះពាល់ផ្ទះជាមួយអ្នកជំងឺជាកុមារ អាយុ៩ឆ្នាំ ដែលសម្លាប់ដយសារជំងឺផ្តាសសាយបក្សី ប្រភេទ (H5N1) របស់ក្រុមការងារក្រសួងសុខាភិបាល បានរកឃើញមានវិជ្ជមាន ០១ករណីទៀតលើក្មេងប្រុស អាយុ១៦ឆ្នាំ ដែលត្រូវជាបងប្រុសបង្កើតរបស់អ្នកជំងឺដែលស្លាប់តែម្តង។
ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានប្រកាសថា៖ មានអ្នកជំងឺផ្តាសាយបក្សី ចំនួន ០១ករណីទៀត កើតលើក្មេងប្រុសអាយុ១៦ឆ្នាំ និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុស ផ្តាសាយបក្សី ប្រភេទ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានទីលំនៅក្នុងភូមិកាប៉ូ១ សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ។
ក្រសួងបានបញ្ជាក់ថា «ក្មេងប្រុសនេះមិនមានរោគសញ្ញាផ្លូវដង្ហើមទេ និងត្រូវជាបងប្រុសរបស់កុមារាដែលបានស្លាប់ កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ»។
ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងសហការ ជាមួយក្រុមការងារនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋានគ្រប់ លំដាប់ថ្នាក់ ធ្វើការអង្កេតស្រាវជ្រាវយ៉ាងសកម្មលើការកើតឡើងនូវជំងឺផ្តាសាយបក្សី និងធ្វើការឆ្លើយតបទៅតាមវិធីសាស្ត្រ និងពិធីសារបច្ចេកទេស បន្តការស្វែងរកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងបន្ត ស្វែងរកករណីសង្ស័យនិងអ្នកប៉ះពាល់ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នកដទៃទៀតក្នុងសហគមន៍ ព្រមទាំង ចែកជូនឱសថតាមីហ្គូ (Tamiflu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋ នៅក្នុងភូមិដែលកើតហេតុខាងលើ។
ក្រសួងសុខាភិបាល សូមក្រើនរំលឹកសារជាថ្មីម្តងទៀត ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋហើយក៏សូមឱ្យដល់បងប្អូនប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ហៀរសំបោរ ឬពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺ ឬស្លាប់ក្នុងអំឡុង១៤ថ្ងៃ មុនថ្ងៃចាប់ផ្ដើមមានរោគសញ្ញា សូមកុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្សច្រើន និងត្រូវស្វែងរកការ ពិគ្រោះយោបល់ និងការពិនិត្យព្យាបាលនៅតាមមូលដ្ឋានសុខាភិបាល ដែលនៅជិតលោកអ្នកបំផុតឱ្យបាន ឆាប់ទាន់ពេលវេលា។
សូមជម្រាបថា ជំងឺផ្តាសាយបក្សី (H5N1) គឺជាជំងឺផ្តាសាយមួយ ដែលជាធម្មតាចម្លងរវាងសត្វបក្សីឈឺទៅបក្សីផ្សេងទៀត ប៉ុន្តែជួនកាលវាអាចចម្លងពីបក្សីទៅមនុស្សតាមការប៉ះពាល់ជិតស្និទ្ធជាមួយបក្សីដែលឈឺឬស្លាប់។ ជំងឺផ្តាសាយបក្សីលើមនុស្សជាជំងឺធ្ងន់ធ្ងរ ដែលតម្រូវឱ្យមានការធ្វើការព្យាបាលនៅ មន្ទីរពេទ្យទាន់ពេលវេលា។ ទោះបីជាវាមិនងាយឆ្លងពីមនុស្សទៅមនុស្ស ប៉ុន្តែបើវាអាចបំប្លែងខ្លួនអាចឆ្លង ដូចនឹងជំងឺផ្តាសាយតាមរដូវកាលផងដែរ។
ចំពោះវិធានការបង្ការ៖ សារអប់រំរបស់រាជរដ្ឋាភិបាល រួមមាន៖ លាងដៃឱ្យបានញឹកញាប់ ជាមួយ សាប៊ូ និងទឹកមុនពេលបរិភោគ និងបន្ទាប់ពីប៉ះពាល់ជាមួយបក្សី ដាក់កុមារនៅឆ្ងាយពីសត្វបក្សី និងដាក់ សត្វបក្សីនៅឱ្យឆ្ងាយពីកន្លែងរស់នៅ កុំបរិភោគសត្វបក្សីឈឺឬងាប់ និងរាល់សត្វបក្សីដែលធ្វើសម្រាប់ បរិភោគត្រូវចំអិនឱ្យឆ្អិនល្អ៕