2024-02-14 11:18
394

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ ២០០៤-២០២៤ កន្លងទៅ ដោយចាប់ផ្តើមពីកាលៈទេសៈដ៏លំបាក តាមប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងការប្រកាសដាក់ឱ្យដំណើរការដំណាក់កាលទី៤ នៃការកែទម្រង់កាលពីដើមឆ្នាំមុនកន្លងរួចមកហើយ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងថា «កន្លងមកយើងមិនបានរងចាំទទួលបានសន្តិសុខ សន្តិភាពពេញផ្ទៃប្រទេសទើបចាប់ផ្តើមកិច្ចការកែទម្រង់នេះទេ។ ផ្ទុយមកវិញដោយតម្កល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាធំបានចាប់ផ្តើមធ្វើការការកែទម្រង់លើគោលនយោបាយជាបន្តបន្ទាប់បន្ទាប់ដោយផ្នែកលើអទិភាពបន្ទាន់ទាំងឡាយស្របតាមបវិកាល និងកាលៈទេសៈនៃសម័យកាលនីមួយៗក្រោយពីការដួលរលំនៃរបបប្រល័យពូជសាស្ត្រ ប៉ុល ពត»។ 

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជា្កក់ថា «សុខសន្តិភាព ស្ថេរភាព នយោបាល និងការឯកភាពជាតិពេញលេញលើផ្ទៃប្រទេសដែលសម្រេចបានដោយការលំបាកបំផុត បានផ្តល់ឱកាសឱ្យយើងបានកែលម្អរ និងស្ថាបនាបន្ថែមទៀតលើប្រព័ន្ធអភិបាលកិច្ចតាមរយៈការរៀបចំកែទម្រង់ជាប្រព័ន្ធក្នុងលក្ខណៈរយៈពេលវែងដែលមានការកំណត់ចក្ខុវិស័យវែងឆ្ងាយ មានការបែកចែកជាដំណាក់កាលប្រកបដោយភាពជាក់ស្តែងនិយមជាមួយគោលជាក់លាក់ជាមួយរចនាសម្ព័ន្ធដឹកនាំ និងមានយន្តការអនុវត្តច្បាស់លាស់។ យុទ្ធសាស្ត្រនេះបង្ហាញអំពីក្តីក្លាហាន និងមហិតា ព្រមទាំងឆន្ទះមុះមុតរបស់រាជរដ្ឋាភិបាលក្នុងការកែទម្រង់ទៅតាមបរិបទរបស់កម្ពុជាឆ្លើយតមតាមសេចក្តីនូវការប្រកបដោយមោទនភាព ប្រសិទ្ធភាព និងស័កសិទ្ធភាព»។

សូមជម្រាប់ថា សម្តេចធិបតីបានអញ្ជើញជាអធិបតីក្នុងពិធី «បិទកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤» នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០២៤ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅរាជធានីភ្នំពេញ៕