2024-02-14 11:36
423

ភ្នំពេញ៖ ប្រមុខដឹកនាំកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា ការកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា គឺប្រើប្រាស់អភិក្រម “បោះជំហានជាដំណាក់កាល” គ្មានសង្ស័យឡើងថាការកែទ្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក៏ដូចជាការកែទម្រង់គន្លឹះផ្សេងទៀត គឺជាឆន្ទះផ្ទាល់របស់រាជរដ្ឋាភិបាលក្នុងទស្សនៈវិស័យវែងឆ្ងាយក្នុងការអភិវឌ្ឍជាតិ មាតុភូមិ ឱ្យកាន់តែរីកចំរើនរុងរឿង និងជឿនលឿនថែមទៀត។

សម្តេចធិបតីបានថ្លែងយ៉ាងដូច្នេះ នាឱកាសបានអញ្ជើញជាអធិបតីក្នុងពិធី «បិទកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤» នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០២៤ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅរាជធានីភ្នំពេញ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងថា «អភិក្រមនៃការអនុវត្តជាក់ស្តែងក្នុងការកែទម្រង់ គឺជាការបញ្ហាដែលត្រូវយកចិត្តទុកដាក់ខ្ពស់ ដើម្បីធានាថាការកែទ្រង់អាចប្រព្រឹត្តទៅដោយរលួនជាមួយការថែរក្សាបាននូវស្ថេរភាព ទាំងក្នុងស្ថាប័នអនុវត្តក៏ដូចជាស្ថាប័នសង្គមជាតិទាំងមូល និងដើម្បីធានាផងដែរថា ការកែទម្រង់ និងចូលរួមចំណែកជាវិជ្ជមានជាជំហានឱ្យកិច្ចប្រឹងប្រែងជំរុញដល់ការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចរីកចំរើន»។ សម្តេចធិបតីបានបន្ថែមថា ការកែទម្រង់តាមអភិក្រម “រៀនបណ្តើរធ្វើបណ្តើរ” ជាស្មារតីដែកថ្នាក់ដឹកនាំប្រកាន់យកជាគុណតម្លៃដ៏សំខាន់មួយទៀត អភិក្រមនៃអភិក្រម គឺ “ការទម្រង់ជាជំហានជាដំណាក់កាល”។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជា្កក់ថា «ជាក់ស្តែងជាឧទាហរណ៍ថវិកាកម្មវិធីសរសរស្តម្ភនៃការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយត្រូវបានអនុវត្តសាកល្បងតាំងពីដំណាក់កាលទី១ ឆ្នាំ២០០៤-២០០៨ កន្លងទៅក្នុងគ្រាដែលត្រូវដោះស្រាយចំពោះមុខជាបន្ទាន់នូវបញ្ហាកង្វះសាច់ប្រាក់ដ៏រ៉ាំរ៉ៃ។ ក្នុងន័យនេះអភិក្រម “បោះជំហានជាដំណាក់កាល” អនុញ្ញាតឱ្យរដ្ឋាភិបាលកាត់បន្ថយជាអតិបរិមានូវហានិភ័យដែលអាចកើតមានជាយថាហេតុក្នុងការអនុវត្តមានលក្ខណៈប្រញាប់ប្រញាល់ខ្លាំាង ហើយជួនកាលឃ្លាតចេញពីតថភាពសង្គម»៕