2024-02-14 14:12
404

ភ្នំពេញ៖ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានដាក់បទបញ្ជាដាច់ណាត់ឱ្យអភិបាលរាជធានី-ខេត្តទូទាំងប្រទេស ត្រូវធ្វើការត្រួតពិនិត្យជាបន្ទាន់ទីតាំងល្បែងផ្សងសំណាងគ្រប់ប្រភេទ ក្នុងករណីមានការបើកថ្មី ត្រូវតែបង្ក្រាបបិទជាបន្ទាន់ និងត្រូវរាយការណ៍មកសម្តេចដោយផ្ទាល់ដើម្បីមានវិធានការលប់អាជ្ញាប័ណ្ណក្នុងខេត្ត ឬលប់ចោលអស់តែម្តង ព្រោះពេលវេលានេះ មិនមែនជាពេលវេលាពង្រឹងល្បែងស៊ីសងនោះទេ។

តាមរយៈសារសម្លេងបន្ទាន់របស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី ដែលបង្ហោះ និងចែកលើបណ្តាញ Telegram សម្តេចមានប្រសាសន៍ថា «…អស់លោក លោកស្រីបណ្តាអភិបាលរាជធានី ខេត្តប៉ុន្មានបីសប្ដាហ៍មុន សម្តេចបានចេញបទបញ្ជាឲ្យផ្អាករាល់ការចេញអាជ្ញាប័ណ្ណ ឬការផ្ដល់សិទ្ធិក្នុងការបើកទីតាំងល្បែងផ្សងសំណាងបន្ថែមនៅតាមមូលដ្ឋាន» ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ជាមួយគ្នានោះសម្តេចបានឲ្យគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ចំណុះឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំប្រជុំជាបន្ទាន់ ជាមួយសមត្ថកិច្ច អាជ្ញាធរ និងបណ្ដាអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីពិនិត្យឡើងវិញ និងរៀបចំឡើងវិញ នូវគោលការណ៍ និងវិធានការគ្រប់គ្រង ល្បែងផ្សងសំណាងនានានៅទូទាំងប្រទេស»។ 

សម្តេចបញ្ជាក់បន្ថែមទៀងថា «សូមឲ្យឯកឧត្តមលោកជំទាវ អភិបាល នៃគណៈអភិបាលរាជធានី-ខេត្តចាត់វិធានការជាបន្ទាន់ ដើម្បីត្រួតពិនិត្យទីតាំងល្បែងផ្សងសំណាងនៅតាមមូលដ្ឋានដែនសមត្ថកិច្ចរបស់ខ្លួន ក្នុងករណីមានបន្តបើកថ្មីថែមទៀតសូមចាត់វិធានការបិទជាបន្ទាន់ ហើយរាយការណ៍ត្រង់មកសម្តេច ដើម្បីចាត់វិធានការដែលអាចឈានទៅដល់ការដកអាជ្ញាប័ណ្ណនៅក្នុងខេត្ត ឬនៅទូទាំងប្រទេសតែម្ដង»។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសង្កត់ធ្ងន់ថា «ពេលវេលានេះនឹងបន្តទៅមុខ គឺជាពេលវេលាដែលត្រូវចូលរួមទាំងអស់គ្នាអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើនការកសាង និងពង្រាយសមិទ្ធផលវិជ្ជមាន ដូចជាហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ផ្លូវ ភ្លើង ប្រឡាយទឹក ពង្រាយមន្ត្រីកសិកម្មទៅតាមមូលដ្ឋាន ការបង្កើតរោងចក្រសហគ្រាសនៅតាមមូលដ្ឋាន ដើម្បីជួយបង្កើតការងារ និងបង្កើនចំណូលជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន មិនមែនជាពេលវេលាដែលត្រូវយកចិត្តទុកដាក់ក្នុងការពង្រាយទីតាំងល្បែងនោះទេ ទោះបីជាមានច្បាប់អនុញ្ញាតក៏ដោយ»។ 

សម្តេចធិបតី បានបញ្ជាក់ថា «សូមឯកឧត្តមលោកជំទាវអនុវត្តកិច្ចការងារនេះឲ្យបានម៉ឺងម៉ាត់ និងហ្មត់ចត់ និងត្រឹមត្រូវតាមបទបញ្ជា។ យើងត្រូវការវិន័យក្នុងការដឹកនាំរដ្ឋ ហើយត្រូវធ្វើការឲ្យបានលឿន និងរាយការណ៍មកសម្តេចជាបន្ទាន់ទៅលើកិច្ចការងារនេះ»៕