2024-02-15 11:20
419

កណ្តាល ៖ លោក ប៊ុន កែវឡុង និងប្រជាពលរដ្ឋ ចំនួន ១១គ្រួសារ ផ្សេងទៀត ដែលអះអាងថា ពួកគាត់គឺជាជនរងគ្រោះនៃអំពើរំលោភយកដីធ្លីជាង ២០ហិកតា ស្ថិតនៅក្នុង ភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកកំពូល ខេត្តកណ្ដាល ទទូចឱ្យលោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មេត្តាចាត់មន្ត្រីជំនាញដើម្បីពន្លឿនដោះស្រាយបញ្ហារបស់ពួកគាត់ឱ្យបានឆាប់ ខណៈអ្នករំលោភយកដីពួកគាត់ទៅលក់បានលុយរាប់លានដុល្លារ។

ការស្នើសុំកិច្ចអន្តរាគមន៍របស់ ប្រជាពលរដ្ឋរងគ្រោះជាង ១០គ្រួសារដល់រដ្ឋមន្ត្រីក្រសួងដែនដីជួយពន្លឿនការដោះស្រាយនេះ បន្ទាប់ពីកាលពីអំឡុងខែកមរា ឆ្នាំ២០២៤ កន្លងទៅ ពួកគាត់បានដាក់បណ្ដឹងចូលទៅលោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីឱ្យជួយរកយុត្តិធម៌ ករណីមានការគប់គិតគ្នាជាប្រព័ន្ធពីសំណាក់លោក សុក កាន់ណារិទ្ធិ ប្រធានមន្ទីរសុរិយោដីខេត្តកណ្ដាល និងលោកស្រី មាន សុទ្ធី ភូមិបាលស្រុកមុខកំពូល ចេញប្លង់រឹងឱ្យលោកឧកញ៉ា ភឺន ផល្លា ដើម្បីយកទៅលក់ឱ្យឈ្មោះ ជា ស៊ីណា ចំនួន ៨០ហិកតា និងឈ្មោះ ហៀ ហ៊ីន ចំនួន ១០ហិកតា ដោយគ្រប់លើដីរបស់ពួកគាត់ប្រមាណជាជាង ២០ហិកតា ដែលបានចុះបញ្ជីធ្វើប្លង់រឹងជាប្រព័ន្ធ និងមានបង្កាន់ដៃត្រឹមត្រូវ។ 

ករណីលោកផ្កាយ២ ភឺន ផល្លា មន្ត្រីជាន់ខ្ពស់យោធា កងពលតូចលេខ៧០ លក់ដីឱ្យឈ្មោះ ជា ស៊ីណា ដែលស្ថិតនៅ ភូមិអន្លង់ស្នែង ឃុំសំបួរមាស ស្រុកមុខកំពូល មានទំហំ ៨០ហិកតា មានយាមការជាប់ព្រំដី ឈ្មោះ ប៊ុន កែវឡុង ដោយឃុបឃិតគ្នាមានលក្ខណៈប្រព័ន្ធ មានភាពមិនប្រក្រតី ផ្ទុយពីលិខិតក្រសួងរៀបចំដែនដី នគរូបនីកម្ម និងសំណង់ បានប្រគល់ករណីវិវាទនេះ ជូនរដ្ឋបាលខេត្តកណ្តាល ពិនិត្យដោះស្រាយ។

ប្រជាពលរដ្ឋរងគ្រោះ បានលើកឡើងថា៖ កន្លងទៅលោកផ្កាយ២ ភឺន ផល្លា ធ្លាប់បានយកដីនៅក្បែរទីតាំងរបស់ពួកគាត់ទៅលក់ឱ្យអ្នកផ្សេង ដល់ពេលធ្វើប្លង់រឹងឱ្យឈ្មោះ ជា ស៊ីណា និងឈ្មោះ ហៀ ហ៊ីន អត់មានដីឱ្យគេបែរជាទៅធ្វើប្លង់គ្របលើដីរបស់ពួកគាត់យកស្រស់ៗតែម្ដង់។

ពលរដ្ឋរងគ្រោះ អះអាងថា៖ ការលួចចេញប្លង់រឹងឱ្យលោក ភឺន ផល្លា យកដីទៅលក់ឱ្យឈ្មោះ ជា ស៊ីណា និងឈ្មោះ ហៀ ហ៊ីន គ្របលើដីរបស់ពួកគាត់ គឺជាការរៀបចំ និងមានតួអង្គសម្តែងប្រទាក់ក្រឡាគ្នារាប់ចាប់តាំង មន្ត្រីថ្នាក់ធំនៅខេត្តកណ្តាល, លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាល ក្នុងការដាក់គំនាបទៅមន្ត្រីថ្នាក់ក្រោមឱ្យចុះហត្ថលេខាលើឯកសាររបស់ លោក ភឺន ផល្លា ទាំងដែលមន្ត្រីថ្នាក់ក្រោមមួយចំនួនអះអាងថា ពួកគាត់ធ្វើតាមតែបញ្ជាពីលើដោយមិនបានចុះទៅវាស់វែងផ្ទាល់នៅទីតាំងដីទេ គឺអ្វីៗសុទ្ធតែរៀបចំពីលើមេឃមកតែម្ដង។  

ជុំវិញករណីខាងលើនេះ លោកស្រី មាន សុទ្ធី ប្រធានការិយាល័យភូមិបាលស្រុកមុខកំពូល ធ្លាប់បានប្រាប់អ្នកសារព័ត៌មានថា «លោកស្រីមិនដែលបានចូលរួមវាស់វែងទីតាំងដីដែលឈ្មោះ ជា ស៊ីណា និងឈ្មោះ ហៀ ហ៊ីន ដែលទិញពីលោក ភឺន ផល្លា និងបានសុំចុះបញ្ជីធ្វើប្លង់រឹងនោះទេ ពោល គឺលោកស្រីចុះហត្ថលេខានៅការិយាល័យតាមតែការណែនាំរបស់ថ្នាក់លើ និងធ្វើតាម ស.ជ.ណ របស់សាលាខេត្តកណ្ដាល ហើយឯកសារផ្សេងៗ គឺគេធ្វើពីលើមកតែម្ដង»។

លោកស្រី មាន សុទ្ធី បានបញ្ជាក់ទៀងថា «ឈ្មោះ ប៊ុន កែវឡុង ពិតជាបានដាក់បណ្ដឹងទប់ស្កាត់ជំទាស់នឹងការចុះបញ្ជីធ្វើប្លង់រឹងរបស់ឈ្មោះ ជា ស៊ីណា និងឈ្មោះ ហៀ ហ៊ីន ប្រាកដមែន។ លោកស្រី ក៏បានធ្វើរបាយការណ៍ជូនថ្នាក់លើផងដែរថា ករណីនេះមានបណ្ដឹងទប់ស្កាត់ និងតវ៉ាចំនួន ៥បណ្ដឹង ប៉ុន្តែសេចក្ដីសម្រេចចេញប្លង់រឹងជូនឈ្មោះ ជា ស៊ីណា និងឈ្មោះ ហៀ ហ៊ីន គឺជាសិទ្ធិរបស់ថ្នាក់លើ»។

ដោយឡែកលោក ខៀវ រ៉េន មេឃុំសំបួរមាស បានធ្លាប់បានអះអាងដែរថា «លោកបានចុះហត្ថលេខាលើឯកសាររបស់លោកស្រី ជា ស៊ីណា និងឈ្មោះ ហៀ ហ៊ីន ពិតមែន ដោយលោកធ្វើទៅតាម ស.ជ.ណ របស់សាលាខេត្តកណ្ដាល ចំណែកការចុះវាស់វែងជាក់ស្ដែងលើទីតាំងដីរបស់ឈ្មោះ ជា ស៊ីណា និងឈ្មោះ ហៀ ហ៊ីន លោកមិនបានចូលរួមទៅវាស់វែងនោះទេ គឺខាងមន្ត្រីជំនាញសុរិយោដី និងថ្នាក់លើៗ គឺជាអ្នករៀបចំឯកសារទាំងអស់ ពោលគឺលោកចាំតែចុះហត្ថលេខាលើឯកសារនៅសាលាឃុំតែប៉ុណ្ណោះ»។ 

លោកមេឃុំសំបួរមាស ទទួលស្គាល់ថា «នៅក្នុងអំឡុងពេលដែលឈ្មោះ ជា ស៊ីណា និងឈ្មោះ ហៀ ហ៊ីន ដាក់ពាក្យសុំធ្វើប្លង់រឹងនោះ គឺមានឈ្មោះ ប៊ុន កែវឡុង បានដាក់ពាក្យប្ដឹងជំទាស់ ហើយលោកក៏បានជម្រាបជូនទៅមន្ត្រីជំនាញតាមនីតិវិធីផងដែ»រ។ លោក ខៀវ រ៉េន បញ្ជាក់ថា «លោក ប៊ុន កែវឡុង ពិតជាធ្លាប់បាន ចូលរួមធ្វើប្លង់ដីជាប្រព័ន្ធតាមនីតិវិធី និងទទួលបានបង្កាន់ដៃដីដែលមានទីតាំងស្ថិតនៅភូមិអន្លង់ស្លែង ប្រាកដមែន»។ដោយឡែក លោកស្រី ជិន សំអាត ប្រធានភូមិអន្លង់ស្លែង ធ្លាប់បានបញ្ជាក់ថា «លោកស្រីមិនបានចូលរួមវាស់វែងទីតាំងដីរបស់ឈ្មោះ ជា ស៊ីណា និងឈ្មោះ ហៀ ហ៊ីន ដែលទិញពីឈ្មោះ ភឺន ផល្លា នោះទេ ចំពោះឯកសារដែលតម្រូវឱ្យលោកស្រីចុះហត្ថលេខា គឺលោកស្រីធ្វើតាមតែការណែនាំរបស់ថ្នាក់លើ និង ស.ជ.ណ របស់សាលាខេត្តកណ្ដាល។ ចំពោះទីតាំងដីរបស់ឈ្មោះ ប៊ុន កែវឡុង លោកស្រី ជិន សំអាត បញ្ជាក់ថា លោកស្រីស្គាល់ទីតាំង និងធ្លាប់បានដឹងលឺនិងចាត់ឱ្យតំណាងចូលរួមជាមួយមន្ត្រីឃុំ និងមន្ត្រីជំនាញសុរិយោដីស្រុក ដើម្បីចុះទៅវាស់វែងធ្វើប្លង់បង់ពន្ធប្រថាប់ត្រា និងចុះបញ្ជីជាប្រព័ន្ធតាមនីតិវិធី»។ 

ចំពោះបញ្ហានេះលោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ធ្លាប់បានបញ្ជាក់ថា៖ «គេត្រូវមើលពីនីតិវិធី នៃការចុះបញ្ជីដី ចុះបញ្ជីដីជាប្រព័ន្ធក៏ដោយ ចុះបញ្ជីដីដាច់ដោយដុំក៏ដោយ នៅពេលណាគេចុះបញ្ជីដីនឹងគេតែងអនុវត្តនីតិវិធី តាំងពីថ្នាក់មេភូមិបញ្ជាក់ប្រវត្តិដីហូរហែរមក  រហូតដល់បិទផ្សាយសាធារណៈ ក្នុងបិទផ្សាយសាធារណៈ មានបណ្តឹងមក មានក្រុមការងារត្រួតពិនិត្យពាក្យបណ្តឹងនឹង! បើពាក្យបណ្តឹងនឹង អ្នកប្តឹងមិនមានមូលដ្ឋានផ្លូវច្បាប់ គ្មានឯកសារយកមកសំអាង  ឬឯកសារនោះមិនត្រឹមត្រូវ គេបដិសេធ ….!។

ពាក់ព័ន្ធករណីខាងលើ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមការងារ msj tv មិនអាចសុំការបញ្ជាក់បន្ថែមពីលោកឧត្តមសេនីយ៍ ភឺន ផល្លា ដែលត្រូវបានពលរដ្ឋជាង ១០គ្រួសារចោទប្រកាន់ថាគុបគិតគ្នាធ្វើប្លង់គ្រប់លើដីរបស់ពួកគាត់ជាង ២០ហិកតានោះបាននៅឡើយទេ និងអ្នកពាក់ព័ន្ធផ្សេងទៀតក៏មិនអានស្នើសុំការបំភ្លឹបានដែរ។ ក្រមការងារ msj tv រងចាំការបកស្រាយបំភ្លឺគ្រប់ពែលវេលាពីភាគីពាក់ព័ន្ធស្រមតាមច្បាប់ស្តីពីរបបសារព័ត៌មាន៕