2024-02-15 14:21
296

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. បានកត់សម្គាល់ឃើញថា «ក្នុងរយៈពេលនេះ មានគណបក្សនយោបាយមួយ ដែលគ្មានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតបានធ្វើសកម្មភាពគំរាម កំហែង សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់របស់ខ្លួនជាអ្នកបោះឆ្នោត ឱ្យបោះឆ្នោតជូនគណបក្សនេះ ឬគណបក្សនោះ ដែលជាការរំលោភសិទ្ធិក្នុងការសម្រេចចិត្តរបស់អ្នកបោះឆ្នោត រំលោភការសម្ងាត់នៃការបោះឆ្នោត និងធ្វើឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ គ.ជ.ប. ដែលបណ្តាញសារព័ត៌មានទទួលបាននៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។

គណៈកម្មាធិការជាតរៀបចំការបោះឆ្នោត បានធ្វើអំពាវនាវឱ្យគណបក្សនយោបាយ ដែលធ្វើសកម្មភាពខុសច្បាប់ បញ្ឈប់ជាបន្ទាន់ ដើម្បីឱ្យការឃោសនាបោះឆ្នោតប្រព្រឹត្តទៅដោយរលូន ក៏ដូចជាការបោះឆ្នោតទទួលបានជោគជ័យ។ ករណីនៅតែប្រព្រឹត្តខុសច្បាប់ទៀត គណៈកម្មាធិការជាតរៀបចំការបោះឆ្នោត នឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។ ជាងនេះទៅទៀត ការរក្សាការសម្ងាត់នៃ ការបោះឆ្នោតគឺជាគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ។

មាត្រា៧១ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលត្រូវយកមកអនុវត្តក្នុង ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា បានចែងថា «…… គ្រប់គណបក្សនយោបាយ បេក្ខជន ឬ អ្នកគាំទ្រទាំងអស់មិនត្រូវធ្វើការគំរាមកំហែង បំភិតបំភ័យ និងលួងលោមឱ្យបុគ្គលផ្តិតមេដៃ ឬស្បថ ឬ សន្យាបោះឆ្នោតឱ្យគណបក្សណាមួយឡើយ ។...»

សូមជម្រាបថា ការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មានរយៈពេល ១៤ ថ្ងៃដោយចាប់ផ្ដើមពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ហើយរហូតមកដល់ពេលនេះការឃោសនាបានប្រព្រឹត្តទៅអស់រយៈពេល ៥ ថ្ងៃ។ គណបក្សនយោបាយដែលបានដាក់បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត បានធ្វើសកម្មភាពឃោសនាបោះឆ្នោតដោយសេរី តាមកម្មវិធី និងលទ្ធភាពរៀងៗខ្លួន។ 

គណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ រួមនឹងអាជ្ញាធរមានសមត្ថកិច្ច បានបង្កលក្ខណៈ ងាយស្រួល និងការពារសន្តិសុខ សុវត្ថិភាព ដល់គណបក្សនយោបាយ ដើម្បីធ្វើការឃោសនាបោះឆ្នោត ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោត៕