2024-02-16 09:22
372

ជនសង្ស័យ ជាមុខសញ្ញាលួចកាត់ខ្សែភ្លើងអង់តែនទូរស័ព្ទ ចំនួន ២នាក់ ក្នុងចំណោមបក្ខពួក ៣នាក់ ត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួលឃាត់ខ្លួន ក្រោយពេលដែលពួកគេបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើង នៅចំណុចទីតាំងបង្គោលអង់តែនទូរស័ព្ទ ស្ថិតនៅភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីវេលាម៉ោងជាង ៣យប់ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ។

លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនទី១ ឈ្មោះ ឆុន វិរៈចេម ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (មានសារធាតុញៀនក្នុងទឹកនោម) ទី២-ឈ្មោះ ហ៊ុន សុផានិត ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិក្រាំងមានជ័យ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀនក្នុងទឹកនោម)  ចំណែកបក្សពួកម្នាក់ទៀតបានរត់គេចខ្លួនបាត់។ 

ជាមួយនិងការឃាត់ខ្លួននេះសមត្ថកិច្ចក៏បានធ្វើការដកហូតវត្ថុតាង ខ្សែភ្លើងប្រហែលប្រវែង ៥០ម៉ែត្រ ទូរស័ព្ទមួយគ្រឿង, ឧបករណ៍សម្រាប់ប្រើប្រាស់សារធាតុញៀនមួយចំនួន, ម៉ូតូមួយគ្រឿង និងដែកថ្នាំងអំពៅមួយដើមផងដែរ ។

បើតាមសមត្ថកិច្ចបញ្ជាក់ថាជនសង្ស័យខាងលើនេះគឺជាមុខសញ្ញាចាស់ធ្លាប់ធ្វើសកម្មភាព កាត់ខ្សែភ្លើងតាមបង្គោលអង់តែនចំនួនពីរលើកមកហើយ ។ 

ជនសង្ស័យទាំងពីរនាក់ខាងលើនេះត្រូវបានសមត្ថកិច្ចបញ្ជួនទៅកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួលដើម្បីធ្វើការសាកសួរ និងរង់ចាំកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់។