2024-02-23 18:55
270

ភ្នំពេញ៖ គិតពីឆ្នាំ២០០៦មក កម្ពុជាបានខិតខំចែករំលែក និងបញ្ជូនកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងអ្នកអង្កេតការណ៏របស់ខ្លួន ដើម្បីចូលរួមចំណែកសម្រាល ទុក្ខលំបាកជូនដល់ប្រទេសផ្សេងៗ ដែលរងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដូចជាប្រទេស ស៊ូដង់ ប្រទេសស៊ូដង់ខាងត្បូង ប្រទេសលីបង់ ប្រទេសស៊ីរី ប្រទេសស៊ើប ប្រទេសយេម៉ែន ប្រទេសឆាដ ប្រទេសម៉ាលី ប្រទេសអាហ្វ្រិកកណ្តាល និងប្រទេសកុងហ្គោ រហូតនៅឆ្នាំ២០២៣ កម្ពុជាបន្តទទួលបានលំដាប់លេខ២ ក្នុងការបរិច្ចាគ កម្លាំងវីរយុទ្ធនារី ក្នុងបណ្តាសហគមន៍អាស៊ាន និងលំដាប់លេខរៀងទី១២ ក្នុងចំណោម ១២០ប្រទេសលោកពិភពលោក។
   នេះបើយោងតាមសាលិខិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា បានលើកឡើងនាឱកាសប្រារព្ធខួបលើកទី២៥ នៃទិវាជាតិយល់ដឹងអំពីមីន ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមប្រធានបទ «រួមគ្នាលុបបំបាត់គ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះក្នុងសហគមន៍»។
   ក្នុងសារលខិតដដែល បានបញ្ជាក់ថា ទោះបីកម្ពុជា ជាប្រទេសមួយធ្លាប់បានឆ្លងកាត់ និងទទួលរងនូវការបំផ្លិចបំផ្លាញដោយសង្គ្រាមរ៉ាំរ៉ៃ ព្រមទាំង ប្រឈមនឹងបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមយ៉ាងធ្ងន់ធ្ងរ ដែលបង្កឱ្យប្រជាជនស្លូតត្រង់ស្លាប់ របួស និងពិការ រាប់ពាន់នាក់ ក៏កម្ពុជានៅបន្តខិតខំចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុរក្សាសន្តិភាព និងសកម្មភាពបោសសម្អាតមីន ទូទាំងសកលលោក ក្នុងនាមជារដ្ឋសមាជិកអង្គការសហប្រជាជាតិ។ ជាសមិទ្ធផល កម្ពុជាទទួលបានស្នាដៃដ៏ធំធេងជាច្រើន ដូចជា ការបោសសម្អាតមីន ការកម្ទេចគ្រាប់មិនទាន់ផ្ទះ ការស្ថាបនាសំណង់ផ្ដេក សំណង់បញ្ឈរ ជួសជុលថែទាំព្រលាន យន្តហោះ ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ និងបំពេញការងារមនុស្សធម៌ផ្សេងៗ ដល់ប្រជាជន ក្នុងតំបន់បេសកកម្ម ដែលមានហានិភ័យខ្ពស់។ 
   សារលិខិតរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី នាឱកាសប្រារព្ធខួបលើកទី២៥ នៃទិវាជាតិយល់ដឹងអំពីមីន បានបង្ហាញថា «នៅឆ្នាំ២០២៣ កម្ពុជាបន្តទទួលបានលំដាប់លេខ២ ក្នុងការបរិច្ចាគ កម្លាំងវីរយុទ្ធនារី ក្នុងបណ្តាសហគមន៍អាស៊ាន និងលំដាប់លេខរៀងទី១២ ក្នុងចំណោម ១២០ប្រទេស ដែលបានបរិច្ចាគកងកម្លាំងក្រោមឆ័ត្រអង្គការសហប្រជាជាតិ»។ ក្នុងរយៈពេលជាង១៧ឆ្នាំកន្លងទៅនេះ ទាហានមួកខៀវកម្ពុជា ចំនួន ៩ ២៨១នាក់ ក្នុងនោះនារី ចំនួន ៧៥៣នាក់ បានចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព។ ដោយវីរភាពក្នុងបុព្វហេតុ សន្តិភាពនេះហើយ ទាហានមួកខៀវទាំងនោះបានក្លាយជាគ្រួសារមួយរបស់អង្គការសហប្រជាជាតិ និងជាបងប្អូន លើសកលលោកដែលបានជួយផ្ដល់នូវស្ថិរភាពមួយផ្នែកក្នុងពិភពលោក។ 
   ក្នុងកម្រិតអង្គការសហប្រជាជាតិ ក្នុងនាមជារដ្ឋភាគីសកម្មនៃអនុសញ្ញាស្តីពីការហាមប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីន (ហៅកាត់អនុសញ្ញាអូតាវ៉ា) ក្នុងខែតុលា ឆ្នាំ២០២៣ កម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទសកលលើកទី៣ ស្តីពីកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងបរិបទនៃសិទ្ធិជនមានពិការភាព ដែលមាន ៤៥ប្រទេសចូលរួម។ ទន្ទឹមនឹងនេះ កម្ពុជាមានកិត្តិយសដ៏ខ្ពង់ខ្ពស់ដែលត្រូវបានរដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ដែលមានសមាជិក១៦៤ប្រទេស បោះឆ្នោតជ្រើសតាំងជាប្រធាន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ដែលកម្ពុជាប្រសិទ្ធនាមជា «កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានម៉ឺន» ដែលគ្រោងប្រព្រឹត្តទៅនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ៕