2024-03-21 15:56
311

រដ្ឋធានីហ្សាការតា៖    ជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា បាននាំជិះទូកមួយគ្រឿង រត់ភៀសខ្លួន គេចចេញពីការធ្វើទុក្ខបុកម្នេញរបស់របបយោធាមីយ៉ាន់ម៉ា ហើយបានមកជួបនឹងគ្រោះអកុសល ក្រឡាប់ទូកលិចនៅកណ្ដាលសមុទ្រ នៅជិតកោះអាសេ ហើយក្រុមអ្នកនេសាទ បានជួយសង្គ្រោះមនុស្ស យ៉ាងតិច៦នាក់ ខណៈការស្រាវជ្រាវកំពុងតែបន្ដសែ្វងរកទូកដែលបានដឹកមនុស្ស ប្រហែល១៥០នាក់។

 គេហទំព័ររបស់បណ្ដាញទូរទស្សន៍ Al Jazeera បានចេញផ្សាយ កាលពីរសៀល ថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០២៤ ថា ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា រាប់សិបនាក់ ត្រូវបានគេព្រួយបារម្ភ អំពីការលង់ទឹក បន្ទាប់ពីទូកឈើមួយគ្រឿង ដែលបានដឹកមនុស្សប្រហែល១៥០នាក់ បានលិច នៅឆ្នេរសមុទ្រ នៃខេត្តអាសេ (Aceh) ប្រទេសឥណ្ឌូណេស៊ី។ ទូកនេះ ត្រូវបានគេគិត ថា វាបានជួបនឹងបញ្ហា នៅចម្ងាយប្រហែល១៩គីឡូម៉ែត្រ ពីឆ្នេរគួឡាប៊ូប៉ុន (Kuala Bubon) នៃឆ្នេរសមុទ្រ នាភាគខាងលិចខេត្តអាសេ បន្ទាប់ពីទូកបានបុកផ្ទាំងទឹករលកសមុទ្រធំៗ កាលពីព្រឹក ថ្ងៃពុធ (ទី២០ ខែមីនា)។

 តំណាងទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួន អង្គការសហប្រជាជាតិ បានឲ្យដឹង ថា មនុស្សប្រុស២នាក់ និង ស្ដ្រី៤នាក់ ត្រូវបានអ្នកនេសាទនៅខេត្តអាសេជួយសង្គ្រោះ ហើយនាំទៅកាន់ទីជម្រកមួយកន្លែង។ 

 អ្នកនៅរស់រានមានជីវិត បានអះអាង ថា ទូកបានក្រឡាប់លិច។ ប៉ុន្ដែយើងមិនបានដឹង អំពីចំនួនអ្នករងគ្រោះថ្នាក់ ថា មានប៉ុន្មាននាក់នោះឡើយ ខណៈមានការព្រួយបារម្ភ ថា មនុស្សយ៉ាងតិច ចំនួន៥០នាក់បានបាត់បង់ជីវិត ហើយភាគច្រើនជាស្រ្ដី និង កុមារ ដែលមិនអាចហែលទឹករួច។

 បើទោះជាយ៉ាងណា អាជ្ញាធរឥណ្ឌូណេស៊ី នៅមិនទាន់បានបញ្ជាក់ អំពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន នៅក្នុងការស្វែងរកទូកនោះនៅឡើយ។

 រហូតមកដល់ពេលនេះ ជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា ប្រហែល១លាននាក់ កំពុងតែរស់នៅក្នុងជំរំយ៉ាងណែនណាប់ នៅក្នុងប្រទេសបង់ក្លាដែស។ ជនភៀសខ្លួនទាំងនេះ បានរត់ភៀសខ្លួន គេចចេញពីការបង្ក្រាបយ៉ាងរង្គាល ពីទាហានមីយ៉ាន់ម៉ា។ ប៉ុន្ដែចាប់តាំងពីមានអំពើរដ្ឋប្រហារយោធា ទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ោង សានស៊ូជី កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ នៅមីយ៉ាន់ម៉ា នោះមក  ជនជាតិរ៉ូហ៊ីងយ៉ា កាន់តែមានចំនួនច្រើនឡើងបន្ថែមទៀត បានរត់ភៀសខ្លួន គេចចេញពីប្រទេសនេះ៕