2024-03-27 15:02
307

រាជធានីបាងកក៖ ប៉ូលិសថៃ បានឆ្មក់បង្ក្រាបបណ្ដាញរត់ពន្ធគ្រឿងញៀនដ៏ធំបំផុតមួយ ដោយបានឃាត់ខ្លួនអ្នកពាក់ព័ន្ធ ចំនួន៦នាក់ និង រឹបអូសថ្នាំញៀន ប្រភេទមេតំហ្វេតាមីន ចំនួន៥,៦លានគ្រាប់ និង ខេតាមីន២០០គីឡូក្រាម នៅក្នុងស្រុកឡាតលុមកែវ (Lat Lum Kaeo) ខេត្តផាទុមថានី ( Pathum Thani)។ នេះបើតាមសារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤។

លោកនាយឧត្តមសេនីយ៍ គីត រ៉ាត់ ផានផេត (Kitrat Panphet) អគ្គស្នងការនគរបាលជាតិស្តីទី បានប្រាប់អ្នកយកព័ត៌មាន ថា ជនសង័្សយចំនួន៦នាក់ រួមមានបុរស ៤នាក់ និងស្ត្រី ២នាក់ ត្រូវបានចាប់ខ្លួនចេញពីផ្ទះមួយកន្លែង ស្ថិតក្នុងលំនៅដ្ឋានណាតតានុម (Nattanun) ស្ថិតក្នុងសង្កាត់ឃូក្វាង (Khu Kwang)។ នៅក្នុងប្រតិបត្ដិការ កាលពីយប់ ថ្ងៃអាទិត្យ ប៉ូលិសបានរឹបអូសថ្នាំញៀន ប្រភេទមេតំហ្វេតាមីនចំនួន ៥,៦លានគ្រាប់ និង ខេតាមីន ២០០ គីឡូក្រាម ហើយបានរឹបអូសយករថយន្តភីកអាប់មួយគ្រឿង ដែលគេចោទប្រកាន់ ថា បានប្រើប្រាស់សម្រាប់ចែកចាយគ្រឿងញៀន។

ជនសង្ស័យទាំងអស់ បានសារភាព ចំពោះការចោទប្រកាន់ទាំងនេះ ហើយពួកគេបានចំណាយប្រាក់ចំនួន ២00 000បាត សម្រាប់ការចែកចាយគ្រឿងញៀននេះ។ 
មេបូលិសថៃ បានអះអាង ថា នេះជាការបង្ក្រាបទៅលើបណ្តាញឧក្រិដ្ឋកម្មដ៏ធំមួយ ដែលបានរត់ពន្ធគ្រឿងញៀន ចេញពីភាគខាងជើងប្រទេសថៃ ឆ្ពោះទៅកាន់តំបន់ខាងក្នុងប្រទេស តាមរយៈស្រុកផានុមធួន (Phanom Thuan) ខេត្តកាន់ចាណាប៊ូរី (Kanchanaburi)។ ឈ្មួញបានជួលផ្ទះមួយកន្លែង នៅស្រុកឡាតលុមកែ ខេត្តផាថុមថានី សម្រាប់លាក់ទុកគ្រឿងញៀន នៅមុនពេលបញ្ជូនពួកគេទៅឲ្យអតិថិជន នៅទីក្រុងបាងកក ទីក្រុងអយុធ្យា និង តំបន់ជុំវិញនោះ៕