2024-04-02 05:04
29

បាត់ដំបង ៖ នៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម សុខ លូ អភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង រួមនិងសហការីបានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកនូវអំណោយមនុស្សធម៌ទៅផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន១៨គ្រួសារ មកពីភូមិចំនួន៥ ក្នុងឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង ។

នៅក្នុងឱកាសនោះឯកឧត្តម សុខ លូ បាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់ប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់និងគិតគូខ្ពស់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់រូបដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីនោះឡើយ ។

ជាមួយគ្នានោះឯកឧត្តមក៏បានសំដែងនូវការសោកស្ដាយជាពន់ពេកចំពោះការខូចខាតផ្ទះសម្បែងនិងទ្រព្យសម្បត្តិ ដោយសារបាតុភូតគ្រោះធម្មជាតិខ្យល់កន្រ្តាក់ នាំឲ្យមានផលលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃផងដែរ ។

បន្ថែមពីនេះឯកឧត្តម សុខ លូ បានអំពាវនាវបន្ថែមដល់ប្រជាពលរដ្ឋទូទៅសូមឲ្យមានការប្រុងប្រយ័ត្នជាប់ជានិច្ចចំពោះគ្រោះធម្មជាតិដែលតែងតែកើតមានឡើងជាយថាហេតុ ខណៈដែល ក្រសួងធនធានទឹកនិងឧតុនិយមក៏បានចេញនូវសេចក្តីជូនដំណឹងអំពីការព្យាករណ៍អាកាសធាតុជាបន្តបន្ទាប់ ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានព័ត៌មានពាក់  ព័ន្ធទៅនិងបាតុភូតធម្មជាតិ ផងដែរ ។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ ដែលបានផ្ដល់ជូននាឪកាសនោះក្នុង០១គ្រួសារទទួលបាន ,អង្ករ២៥គីឡូក្រាម, ទឹកបរិសុទ្ធ០១កេស, មី០១កេស, ទឹកត្រី០១យួរ , ទឹកស៊ីអ៊ីវ០១យួរ , ត្រីខ០១យួរ , មុង០១ ,ក្រមា០១ និងថវិកា១០ម៉ឺនរៀល បន្ថែមពីនេះក៏ទទួលបានសង្ក័សីមួយចំនួនពីឯកឧត្តម ព្រួញ រិទ្ធិថា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំឃ្លាំងមាសផងដែរ។

គូររំលឹកថាៈចាប់តាំងពីថ្ងៃទី២២ ខែកុម្ភៈដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង មានភ្លៀងលាយឡំដោយខ្យល់កន្រ្តាក់ បណ្តាលអោយប៉ះពាល់លំនៅដ្ឋានប្រជាពលរដ្ឋសរុប ៩៧ខ្នងផ្ទះ(ស្មើ៩៧គ្រួសារ) រលំទាំងស្រុង១១ខ្នង ធ្ងន់ធ្ងរចំនួន៤៨ខ្នង និងប៉ះពាល់ដោយអន្លើចំនួន៣៩ខ្នងផ្ទះផងដែរ ៕