2024-04-03 10:20
308

រដ្ឋធានីកៀវ៖ ជម្លោះ រវាងរដ្ឋាភិបាលក្រុងមូស្គូ និង ក្រុងកៀវ កំពុងតែបន្ដអូសបន្លាយ អស់រយៈពេលជាង២ឆ្នាំកន្លងមកហើយ ខណៈកងទ័ពទាំងសងខាង កំពុងតែបន្ដវាយប្រហារគ្នាយ៉ាងបង្ហូរឈាម រហូតបង្កឲ្យមហាសោកនាដកម្មយ៉ាងធ្ងន់ធ្ងរបំផុត ប៉ុន្ដែឥឡូវនេះ រុស្ស៊ី ចាប់ផ្ដលមដាក់ពង្រាយមីស៊ីលមហាលឿនជាងសំឡេង សម្រាប់យកជ័យជម្នះ លើប្រព័ន្ធការពារដែនអាកាស ផលិតដោយសហរដ្ឋអាមេរិក ដែលអង្គការណាតូ បានផ្គត់ផ្គង់ទៅឲ្យប្រទេសអ៊ុយក្រែន។
    ទស្សនាវដ្ដីអនឡាញ ផ្ដោតលើសន្ដិសុខ និង ការពារជាតិ Army Recognition បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី៣ ខែមេសា ឆ្នាំ២០២៤ ថា រដ្ឋាភិបាលអ៊ុយក្រែន កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ បានបង្ហាញមីស៊ីលមហាលឿនជាងសំឡេង ប្រភេទ Zircon (ហ្ស៊ាខុន) របស់រុស្ស៊ី ដែលបានវាយប្រហារ មកលើរដ្ឋធានីកៀវ។ មីស៊ីលប្រភេទនេះ ត្រូវបានគេស្គាល់ជាទូទៅ ជាមីស៊ីល 3M22 Tsirkon (៣អឹម២២ ធីស័រខុន) ដែលអង្គការណាតូ ហៅ មីស៊ីល SS-N33 ត្រូវបានគេរាយការណ៍ ថា បានបាញ់ចេញពីឧបទ្វីបគ្រីមៀ (Crimea) ដែលក្រុងមូស្គូ បានរឹបអូសពីអ៊ុយក្រែន ដោយគ្មានការបង្ហូរឈាម នាអំឡុងឆ្នា២០១៤។
   ការវាយប្រហារដោយមីស៊ីលមហាលឿនជាងសំឡេងនេះ កំពុងតែកំណត់គោលដៅទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ហើយក៏ជាការកត់សម្គាល់ អំពីការវាយមីស៊ីលដ៏ទំនើបប្រភេទនេះ ជាលើកទី៥ ចាប់តាំងពីដើមឆ្នាំ២០២៤នេះមក។ រុស្ស៊ី ប្រើប្រាស់មីស៊ីលដ៏ទំនើបរបស់ខ្លួនបែបនេះ ក៏ព្រោះតែមានគោលបំណងយ៉ាងសំខាន់ ចង់ស្ទាបស្ទង់មើល អំពីសមត្ថភាពការពារដែនអាកាសរបស់អ៊ុយក្រែន ដោយរាប់បញ្ចូលទាំងប្រព័ន្ធការពារដែនអាកាសប៉ាទ្រីយ៉ូត ផលិតដោយសហរដ្ឋអាមេរិក ដែលអង្គការណាតូ បានផ្គត់ផ្គង់ទៅឲ្យរដ្ឋាភិបាលក្រុងកៀវ។
   រុស្ស៊ី កាលពីពេលកន្លងមក ធ្លាប់អួតអាង ថា មីស៊ីលរបស់ខ្លួន ប្រភេទ Zircon ជាមីស៊ីលមហាលឿនជាងសំឡេង ព្រោះតែវាមានភាពល្បីល្បាញ ដោយសារមិនមានខែលការពារដែនអាកាសណាមួយ អាចស្ទាក់ចាប់វាបាន ជាមួយនឹងមធ្យោបាយការពារបច្ចុប្បន្ន ដោយសារល្បឿនលឿនជាងសំឡេងយ៉ាងពិសេស ហើយវាមានគន្លងហោះហើរ និង  អាចបត់បែនបានយ៉ាងរហ័ស។ មីស៊ីល Zircon មានល្បឿន រហូតដល់ ១ ១១១៣,២គីឡូម៉ែត្រ ក្នុងមួយម៉ោង ហើយវាអាចវាយប្រហារទៅលើគោលដៅ នៅក្នុងចម្ងាយជាអតិបរមា ១០០០គីឡូម៉ែត្រ៕