2024-04-05 02:04
62

 នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកឧត្តមនាវីទោ រស់ វាសនា មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម ដឹកនាំនាយនាវី នាយនាវីរងកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ អញ្ជើញទទួលស្វាគមន៍ នាវាកងទ័ពជើងទឹកថៃមួយគ្រឿង ដែលមានឈ្មោះ HTMS BANGPAKONG FF456 ខណៈចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុដើម្បីបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ ។

  នាវាកងទ័ពជើងទឹកភូមិន្ទថៃខាងលើនេះដឹកនាំដោយលោកវរៈនាវីឯក អាក់សូក ស៊ីសុវត្ថិ ប្រធានគណៈបញ្ជាការនាវា និងជានាយរងសេនាធិការកងទ័ពជើងទឹកភូមិភាគទី១ ថៃ បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុប្រកបដោយសុវត្ថិភាព ដើម្បីធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ ក្នុងន័យរឹតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹក នៃប្រទេសទាំងពីរ និងរាជរដ្ឋាភិបាល នៃប្រទេសទាំងពីរផងដែរ ។

        តាមការគ្រោងទុកមេបញ្ជាការនាវាមានគម្រោងចូលជួយសម្តែងការគួសមជាមួយរដ្ឋបាលខេត្តព្រះសីហនុ មេបញ្ជាការកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ និងមានកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក និងមានកម្មវិធីលេងកីឡាបាល់ទាត់ បាល់ទះមិត្តភាព រវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរផងដែរ។ 

នាវា HTMS BANGPAKONG FF456 មានទម្ងន់ផ្ទុក1837 តោន និងមានទម្ងន់សុរប2072 តោន មានបណ្ដោយ 102.78ម៉ែត្រ និងទទឹង 11.36 ម៉ែត្រ ជម្រៅទឹក 4.2ម៉ែត្រកម្ពស់ 26.7ម៉ែត្រ។ មាននាវឹកសរុបចំនួន 229នាក់ ក្នុងនោះមាននាយទាហាន 37នាក់ ដឹកនាំដោយលោកមេបញ្ជាការលោកវរៈនាវី ឯក ស៊ីរ៉ាភព ថានាណនុតឈូដ។

  សូមរម្លឹកថា កាលពីថ្ងៃទី២៤ ខែកុម្ភះ ឆ្នាំ២០២៤ នាវាកងស្វ័យការពារជើងទឹកជប៉ុនចំនួន ០២គ្រឿង ក៏បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយ:ពេល ៣ថ្ងៃប្រកបដោយសុវត្ថិភាពផងដែរ ៕