2024-04-05 15:10
348

ទីក្រុងប៊្រុសសែលស៍៖ ក្រោយពេលសហរដ្ឋអាមេរិក និង អង្គការណាតូ មានការព្រួយបារម្ភ អំពីការគំរាមកំហែងរបស់រុស្ស៊ី ទៅលើសហភាពអឺរ៉ុបនោះ ការស្ទង់មតិមួយ នៅទូទាំងប្លុកមួយនេះ បានបង្ហាញមតិភាគច្រើន មានគោលបំណងចង់ឲ្យអ៊ុយក្រែន ចូលរួម នៅក្នុងសហភាពអឺរ៉ុប។

សារព័ត៌មាន Africa News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី៥ ខែមេសា ឆ្នាំ២០២៤ ថា អ្នកបោះឆ្នោត មានចំនួន៤៥ភាគរយ នៅទូទាំងសហភាពអឺរ៉ុប មានគោលបំណង់ចង់ឲ្យអ៊ុយក្រែន ចូលរួមជាមួយនឹងប្លុកសេរីមួយនេះ ខណៈ៣៥ភាគរយប្រឆាំង និង ២០ភាគរយ អនុបវាទ។ នេះបើតាម Euro News បានសង់មតិ នៅទូទាំងរដ្ឋ ចំនួន១៨។

អ៊ុយក្រែន ក្លាយជាប្រទេសហែកហួរ ដោយសង្រ្គាម និង ប្រទេសម៉ូលដូវ៉ា (Moldova) ដែលជាប្រទេសជិតខាងរបស់ប្រទេសនេះ  បានដាក់ពាក្យស្នើសុំចូលជាសមាជិកសហភាពអឺរ៉ុប នៅក្នុងរយៈពេលត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ ក្រោយពេលប្រទេសរុស្ស៊ី បានចាប់ផ្តើមចូលលុកលុយទ្រង់ទ្រាយធំ ទៅលើប្រទេសរបស់ខ្លួន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ហើយបានទទួលត្រឹមតែឋានៈជាបេក្ខភាពអង្កេតការណ៍។ ចាប់តាំងពីពេលនោះមក មេដឹកនាំសហភាពអឺរ៉ុប ក៏បានយល់ព្រម បើកការចរចាបន្ថែមទៀត។

នៅមុនពេលមានសង្រ្គាមផ្ទុះឡើង ការរំពឹងទុករបស់អ៊ុយក្រែន នៅក្នុងការចូលរួមជាមួយនឹងសហភាពអឺរ៉ុប មានតិចតួច ដូចជាបណ្ដាប្រទេសផ្សេងៗទៀត នៅតំបន់បាល់កង់ខាងលិច ខណៈការស្នើសុំរបស់ប្រទេសទាំង២នេះ បានជាប់គាំង អស់រយៈពេលជាច្រើនឆ្នាំ។ ដោយឡែកលទ្ធផល នៃការស្ទង់មតិជាមូលដ្ឋាននៅតាមប្រទេសមួយចំនួន បង្ហាញ ថា ការស្ទង់មតិជាអំណោយផលរបស់អឺរ៉ុប សម្រាប់អ៊ុយក្រែន នៅក្នុងការចូលរួមជាមួយសហភាពអឺរ៉ុប គឺមានការលាយឡំទៅដោយអារម្មណ៍អាណិតអាសូរ និង ភាពប្រាកដនិយមខាងនយោបាយ។

ប្រជាជនហ្វាំងឡង់ដ៍ មានចំនួន៦៨ភាគរយ ចង់ឲ្យអ៊ុយក្រែន ចូលរួមជាមួយនឹងសហភាពអឺរ៉ុប។ បច្ចុប្បន្ន ប្រទេសហ្វាំងឡង់ដ៍ ដែលមានព្រំដែនប្រវែង ១៣៤០គីឡូម៉ែត្រ ជាប់ជាមួយនឹងប្រទេសរុស្ស៊ី បានបោះបង់គោលនយោបាយអព្យាក្រឹតរបស់ខ្លួន ហើយក្លាយជាសមាជិករបស់អង្គការណាតូ។ ក្រុមអ្នកយុទ្ធសាស្រ្ត នៃណ័រឌីក (Nordic ដែលជាបណ្ដាប្រទេស ស្ថិតក្នុងតំបន់ភូមិសាស្រ្ដ និង វប្បធម៌អឺរ៉ុបខាងជើង និង អាត្លង់ទិកខាងជើង) ជឿ ថា ការធ្វើសមាហរណកម្មបន្តិចម្តងៗរបស់អ៊ុយក្រែន នៅក្នុងសហភាពអឺរ៉ុប នឹងធ្វើឱ្យសមត្ថភាពរុស្ស៊ី ចុះខ្សោយក្នុងការជ្រៀតជ្រែក មកលើប្រទេសជិតខាង នៅភាគខាងកើត នៃប្លុកសេរីមួយនេះ។

ស្របគ្នានេះដែរ ប្រជាជនព័រទុយហ្កាល់ និង អេស្ប៉ាញ មានចំនួន ៦៨ភាគរយ សុទ្ធតែចង់ឲ្យអ៊ុយក្រែន ចូលរួមជាសមាជិកសហភាពអឺរ៉ុប ផងដែរ។ រីឯបណ្ដាប្រទេសណ័រឌីកផ្សេងៗទៀត ដោយរាប់បញ្ជូលទាំងស៊ុយអែត និង ដាណាម៉ាក ក៏ដូចជាបណ្ដាប្រទេសផ្សេងៗទៀត មានព្រំដែនជាប់ជាមួយនឹងអ៊ុយក្រែន រួមមាន ប៉ូឡូញ និង រ៉ូម៉ានី ក៏បានបង្ហាញអារម្មណ៍សាទរទាមទារឲ្យប្រទេសខ្ចេចខ្ទំ ដោយសារសង្គ្រាមមួយនេះ ចូលរួមជាសមាជិកសហភាពអឺរ៉ុប។ ដោយឡែក ប្រជាជនហុងគ្រី មានចំនួន៥៤ភាគរយ បានប្រឆាំង ខណៈ១៨ភាគរយ ចង់ឲ្យចូលរួម៕