2024-04-09 16:47
377

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងត្រឡប់មកដល់ប្រទេសកម្ពុជាវិញប្រកបដោយសុវត្ថិភាព នៅល្ងាចថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ នេះ បន្ទាប់ពីព្រះអង្គបានយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវការ នៅប្រទេសជប៉ុន រយៈពេល៥ថ្ងៃ។
 
សូមជម្រាថា ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង បានយាងចាកចេញពីប្រទេសកម្ពុជា កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ កន្លងទៅ។ 
នៅក្នុងឱកាសអវត្តមានរបស់ព្រះមហាក្សត្រ នៅក្នុងប្រទេស ព្រះអង្គបានប្រគល់ភារកិច្ច ជូនសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឱ្យទទួលជួយព្រះអង្គ ក្នុងឋានៈជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា។ 

ក្នុងការទទួលព្រះរាជដំណើរយាងវិលមកកាន់ប្រទេសកម្ពុជាវិញរបស់ព្រះមហាក្សត្រមានវត្តថ្នាក់ដឹកនាំកំពូលគ្រប់លំដាប់ថ្នាក់ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕