2024-05-01 12:23
293

រដ្ឋធានីកៀវ៖ ស្របពេលប្រធានអង្គការណាតូ លោក ជេនស៍ ស្ដូលថែនប៊ឺគ បានទៅដល់រដ្ឋធានីកៀវ ដើម្បីជួបពិភាក្សាគ្នា ជាមួយនឹងលោកប្រធានាធិបតី ហ្សេឡែនស្គី អំពីជំនួយសន្ដិសុខរបស់លោកខាងលិចនោះមក លោកស្រី នាយករដ្ឋមន្រ្ដីឡាតវី ដែលជាប្រទេសសមាជិករបស់អង្គការសម្ពន្ធមិត្តយោធាដ៏ខ្លាំងក្លារបស់បស្ចិមលោក និង ជាអតីតរដ្ឋរបស់សហភាពសូវៀត កាលពីថ្ងៃទី៣០ ខែមេសា ក៏បានប្រកាសផ្ដល់ជំនួយយោធាបន្ថែម ជួយដល់ប្រទេសអ៊ុយក្រែន ដោយរាប់បញ្ចូលទាំងប្រព័ន្ធប្រឆាំងនឹងយន្ដហោះ និង យន្ដហោះគ្មានមនុស្សបើក ឬ ដ្រូនឈ្លបយកការណ៍ផងដែរ។

លោកស្រី អេវីកា ស៊ីលីណា (Evika Siliņa) នាយករដ្ឋមន្រ្ដីឡាតវី បានប្រកាស នៅលើបណ្ដាញសង្គម X ដែលពីមុនគេស្គាល់ជាបណ្ដាញសង្គម Twitter ថា រដ្ឋាភិបាលឡាតវី បានអនុម័តនូវកញ្ចប់ជំនួយយោធាបន្ថែម ជួយដល់អ៊ុយក្រែន ដោយរាប់បញ្ចូល ទាំងគ្រឿងសព្វាវុធផ្សេងៗផង ហើយប្រព័ន្ធប្រឆាំងនឹងយន្ដហោះបាញ់ចម្ងាយខ្លី និង ដ្រូនឈ្លបយកការណ៍ផងដែរ។

លោកស្រី នាយករដ្ឋមន្រ្ដីឡាតវី បានសរសេរបន្ដ ថា រដ្ឋាភិបាលរបស់លោកស្រី ទើបនឹងអនុម័ត ផ្ទេរប្រព័ន្ធប្រឆាំងនឹងយន្ដហោះ NBS ដែលជាប្រព័ន្ធស៊ើបការណ៍តាក់ទិកស្វយ័តប្រវត្ដិ ហើយអាវុធពិសេសៗ និង ទ្រព្យសម្បត្ដិការពារជាតិតាក់ទិក ទៅជួយដល់កងទ័ពអ៊ុយក្រែន។ ជំនួយសន្ដិសុខទាំងនេះ នឹងធ្វើជួយបង្កើនសមត្ថភាព ទាំងប្រព័ន្ធការពារដែនអាកាស និង ឈ្លបយកការណ៍របស់អ៊ុយក្រែន ឲ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

លោកស្រី នាយករដ្ឋមន្រ្ដី ក៏បានរម្លឹកឡើងវិញ ថា ប្រទេសឡាតវី នឹងផ្ដល់ជំនួយយោធា ប្រចាំឆ្នាំស្មើនឹង០,២៥ភាគរយ  នៃផលិតផលក្នុងស្រុកសរុប ឬ GDP របស់ខ្លួន ទៅកាន់ប្រទេសអ៊ុយក្រែន។ បន្ថែមពីលើនេះ រដ្ឋាភិបាលរបស់លោកស្រី នឹងបន្ដជួយគាំទ្រដល់ប្រទេសអ៊ុយក្រែន ទាំងទ្វេភាគី និង ទាំងជាមួយនឹងសម្ពន្ធមិត្តរបស់ខ្លួន។
ការប្រកាសផ្ដល់ជំនួយយោធារបស់ប្រទេសឡាតវី កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ បានកើតឡើង ស្របគ្នានឹងកងទ័ពអ៊ុយក្រែន បានប្រកាស អំពីការស្លាប់ ឬ របួសរបស់ទាហានរុស្ស៊ី ចំនួន ១ ២៥០នាក់ នៅក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ។

អគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានបង្ហោះ នៅលើបណ្ដាសង្គម កាលពីថ្ងៃទី៣០ ខែមេសា ថា ទាហានរុស្ស៊ី បានស្លាប់ចំនួន ៤៦៨ ៧២០នាក់ គិតចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ដោយរាប់បញ្ចូលទាំងការស្លាប់ ឬ របួស ចំនួន ១ ២៥០នាក់ កាលពី២៤ម៉ោងមុនផងដែរ៕