2024-05-08 10:35
255

ភ្នំពេញ៖ មន្ត្រីយោធាជាខ្មាន់កាំភ្លើង ដែលបានធ្វើសកម្មភាពបាញ់រះជាច្រើនគ្រាប់ នៅត្រង់ចំណុចភ្លើងស្តុប R3 ក្នុងភូមិសាស្ត្រសង្កាត់ស្រះចក ត្រូវបានកម្លាំងសមត្ថកិច្ចនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ស្រាវជ្រាវ និងបង្ក្រាប និងបក្ខពួកម្នាក់ទៀត កម្លាំងស្នងការដ្ឋានរាជធានីភ្នំពេញបង្ក្រាបបានផងដែរ។ 

ប្រតិបត្តិការបង្ក្រាបមន្ត្រីយោធាជាខ្មាន់កាំភ្លើងខាង ធ្វើឡើងនៅល្ងាចថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១៩និង៣០នាទី នៅត្រង់ចំណុចសង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ដោយឡែកបក្ខពួកម្នាក់ទៀត ត្រូវបានកម្លាំងស្នងការនគរបាលរាជធានីភ្នំពេញ ឡោមព័ទ្ធចាប់ខ្លួនបានត្រង់ចំណុច ផ្សារសាំហាន់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ 

ក្នុងការបង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធករណីបាញ់បេះសេរីកណ្តាលរាជធានីភ្នំពេញ បណ្តាលឲ្យមានជនរងគ្រោះរងរហូត ០៣នាក់នេះ ជនសង្ស័យបានប្រើប្រាស់អាវុធបាញ់តដៃជាមួយសមត្ថកិច្ច ដើម្បីរំដោះខ្លួន ប៉ុន្តែមិនអាចគេចផុតឡើយ។ 

ជនសង្ស័យម្នាក់ ដែលកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌបង្ក្រាប មានឈ្មោះ ថុល តាំង ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្ត្រីយោធានាយកដ្ឋានសណ្តាប់ធ្នាប៉ក្រសួងការពារជាតិ។

សូមជម្រាបថា នៅវេលាម៉ោង ០១និង២០នាទីទៀបភ្លឺ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ មានករណីផ្ទះអាវុធបង្កឡើងដោយជនសង្ស័យម្នាក់ បណ្តាលឲ្យរងរបួសជនរងគ្រោះ ចំនួន ០៣នាក់ នៅចំណុច បឹងកក់ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យខាងលើបានជិះរថយន្ត ០១គ្រឿងម៉ាក NISSAN ពណ៌ទឹកប្រាក់ រត់គេចខ្លួនបាត់។

     ក្រោយពីទទួលបានព័ត៌មានភ្លាម ដោយអនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រើវិធានការជំនាញ ស្រាវជ្រាវតាមនីតិវិធី រហូតដល់វេលាម៉ោង ១៩និង៣០នាទីនាថ្ងៃដដែល កម្លាំងជំនាញននៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំប្រតិបត្តិការដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន ឈានដល់នាំខ្លួនបានជនសង្ស័យ នៅត្រង់ចំណុចសង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន ដើម្បីយកមកសាកសួរ។ 

មន្ត្រីយោធាឈ្មោះ ថុល តាំង ដែលជាជនសង្ស័យបានឆ្លើយសារភាពថា «ខ្លួនពិតជាបានធ្វើសកម្មភាពប្រើប្រាស់អាវុធខ្លី ម៉ាក Glock បាញ់ទៅលើជនរងគ្រោះពិតប្រាកដមែន។ ចំពោះមូលហេតុដោយសារតែយុវជននោះ និងបក្ខពួកជាច្រើននាក់ប៉ុនប៉ងប្លន់ទ្រព្យសម្បត្តិសង្សារបស់ខ្លួន»។ 

សមត្ថកិច្ចបានឲ្យដឹងទៀតថា ចំពោះមធ្យោបាយ និងវត្ថុតាងដកហូតបានរថយន្តប្រព្រឹត្តបទល្មើស ម៉ាក Nissan (Pick up) ពណ៌ទឹកប្រាក់ និងអាវុធខ្លី ០១ដើម ម៉ាក GLOCK។

ដោយឡែកបក្ខពួកម្នាក់ទៀត ដែលពាក់ព័ន្ធករណីខាងលើ កម្លាំងស្នងការដ្ឋានរាជធានីភ្នំពេញបង្ក្រាបបាននៅចំណុចផ្ទះជួលម្តុំផ្សារសាន់ហាន់ ខណ្ឌឫស្សីកែវ ដែលប្រតិបត្តិការនេះយ៉ាងក្តៅគគុកព្រោះជនសង្ស័យបានបាញ់ជាច្រើនគ្រាប់មកលើសមត្ថកិច្ច ដើម្បីរំដោះខ្លួនចេញពីការតាមចាប់ខ្លួន ប៉ុន្តែទោះយ៉ាងមិនមានអ្នករងរបួងក្នុងហេតុការណ៍បាញ់តដៃនោះទេ ហើយជនសង្ស័យក៏ត្រូវចាប់ខ្លួន តែអត្តសញ្ញាសមត្ថកិច្ចមិនទាន់បង្ហាញនោះទេ។ 

បច្ចុប្បន្ននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងរៀបចំបញ្ជូនជនសង្ស័យខ ដើម្បីបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕