2024-05-10 12:55
328

ភ្នំពេញ៖ អ្នកបើករថយន្ត LAMBORGHINI បង្កគ្រោះថ្នាក់ចរាចរណ៍បុកម៉ូតូជនរងគ្រោះពីក្រោយបណ្តាលឱ្យស្លាប់ម្នាក់ នៅមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ត្រូវបានតុលាការរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសរយៈ ០២ឆ្នាំ តែត្រូវអនុវត្តក្នុងពន្ធនាគារត្រឹមតែ ០៦ខែប៉ុណ្ណោះ ទោសដែលនៅសល់ត្រូវបានព្យួរ។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា៖ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤នេះ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះ លើសំណុំរឿងព្រហ្មទណ្ឌលេខ ១២៦៧/I ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីសួរដេញដោលតតាំងគ្នា។ 

ក្រោយពីបានធ្វើកិច្ចពិភាក្សាដេញដោល លើជនជាប់ចោទ ភាគីពាក់ព័ន្ឋ និងបានពិនិត្យភស្តុតាង អង្គហេតុ និងអង្គច្បាប់ ចៅក្រមជំនុំជម្រះបានប្រកាស ជាសាធារណៈនូវសាលក្រមព្រហ្មទណ្ឌលេខ ១៨១៥ «ភ» នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ បានសម្រេច ផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ ហ្វូ ចុងហ័រ (FU ZHONGHUA) ភេទប្រុស អាយុ ៣៨ឆ្នាំ ដាក់ពន្ធនាគារកំណត់ ០២ (ពីរ) ឆ្នាំ ដោយទោសនេះត្រូវអនុវត្តក្នុងពន្ធនាគាររយៈពេល ០៦ (ប្រាំមួយ) ខែ ទោសនៅសល់ពីនេះ ឱ្យព្យួរការអនុវត្តធម្មតា ពីបទ៖ «បើកបរដោយធ្វេសប្រហែសបណ្តាលឱ្យស្លាប់អ្នកដទៃ» និង បទ៖ «រត់គេចខ្លួន» ប្រព្រឹត្តនៅលើមហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោស តាមមាត្រា ៨៥ កថាខណ្ឌទី២ ចំណុច ខ នៃច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក និងមាត្រា ៥៤៣ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ សូមបញ្ជាក់ថា៖ «ចំពោះករណីចរាចរណ៍ សាលាដំបូងរាជធានីភ្នំពេញប្រកាន់ខ្ជាប់នូវភាពម៉ឺងម៉ាត់ក្នុងការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ ជាពិសេស គឺការផ្តន្ទាទោសដាក់ពន្ធនាគារ បើទោះបីជាករណីនេះ មានការសម្រុះសម្រួលសងសំណង និងការដកពាក្យបណ្តឹងពីដើមបណ្តឹងរដ្ឋប្បវេណីក៏ដោយ»។

សូមរំឭកថា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ មានរថយន្តមួយគ្រឿង ម៉ាក LAMBORGHINI HURACAN STO ពណ៌ទឹកក្រូច ពាក់ផ្លាកលេខ កម្ពុជា F.R.999 ផលិតឆ្នាំ២០២២ បើកបរដោយជនជាតិចិន តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៉ី ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនដោយខ្វះការប្រុងប្រយ័ត្ន និងធ្វេសប្រហែសក្នុងស្ថានភាពស្រវឹងខ្លាំង លុះមកដល់ចំណុចកើតហេតុ បានបុកពីក្រោយម៉ូតូមួយគ្រឿង បណ្តាលឱ្យបុរសម្នាក់ កំពុងធ្វើដំណើរស្របទិសគ្នា ហើយអ្នកបើកបរបានព្យាយាមបើកររថយន្តរត់គេចខ្លួនចេញពីកន្លែងកើតហេតុ ជាមួយអ្នករួមដំណើរ ចំនួន ០២នាក់ទៀត ហើយប្រជាពលរដ្ឋ និងសមត្ថកិច្ចបានដេញតាមរហូតឃាត់ខ្លួនបានតែម្តង៕