2024-05-10 13:08
232

ភ្នំពេញ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់គ្រូបង្រៀន ចំនួន ០២នាក់ និងមន្រ្តីក្រសួងផែនការម្នាក់ ពីបទ៖ «រំលោភអំណាច» តាមបញ្ញត្តិមាត្រា ៣៥ នៃច្បាប់ស្តីពី ការប្រឆាំងអំពើពុករលួយ ពាក់ព័ន្ធនឹងករណីរត់ការយកមនុស្សចូលក្របខណ្ឌគ្រូបង្រៀន និងតាមក្រសួងស្ថាប័នមួយចំនួនទៀត។

លោក សុក កែវបណ្ឌិត តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រចចោទប្រកាន់ជនសង្ស័យទាំង០៣នាក់ រួមមាន៖ ទី១- ឈ្មោះ នង រុន ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ (ឃាត់ខ្លួន) អាសយដ្ឋានបច្ចុប្បន្ន ភូមិសួរចាន់ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ មុខរបរ គ្រូបង្រៀន។ ទី២- ឈ្មោះ ហ៊ុយ ពិសិដ្ឋ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ (ឃាត់ខ្លួន) អាសយដ្ឋានបច្ចុប្បន្ន ភូមិព្រៃទា សង្កាត់ចោម ចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ មន្ត្រីរាជការនៃក្រសួងផែនការ និង ទី៣- ឈ្មោះ ស៊ុន ពេជ្រសុម៉ាលី ភេទស្រី អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ (ឃាត់ខ្លួន)អាសយដ្ឋានបច្ចុប្បន្ន ភូមិត្រពាំងលាក់ សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ មុខរបរ គ្រូបង្រៀន ពីបទ៖ «រំលោភអំណាច» ប្រព្រឹត្តនៅខេត្តតាកែវ និងនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២៣ ដល់ខែឧសភា ឆ្នាំ២០២៤ តាមបញ្ញត្តិមាត្រា ៣៥ នៃច្បាប់ស្តីពី ការប្រឆាំងអំពើពុករលួយ និងបានដាក់ឲ្យស្ថិតនៅក្រោមការឃុំខ្លួនបណ្តោះអាសន្ន។

តាមសាវតរឿង៖ កាលអំឡុងឆ្នាំ២០២៣ ដល់ដើមខែឧសភា ឆ្នាំ២០២៤ មានបុគ្គល ចំនួន ០៣នាក់ ដែលមាន១- ឈ្មោះ នង រុន ភេទប្រុស អាយុ ៣៨ឆ្នាំ ជាគ្រូបង្រៀន នៅវិទ្យាល័យ សុខ អាន ព្រៃសណ្តែក, ២- ឈ្មោះ ស៊ុន ពេជ្រសុម៉ាលី ភេទស្រី អាយុ ៤៣ឆ្នាំ ជាគ្រូបង្រៀន នៃសាលាបឋមសិក្សា ធន់មន់ និង ៣- ឈ្មោះ ហ៊ុយ ពិសិដ្ឋ ភេទប្រុស អាយុ ៣៥ឆ្នាំ ជាអនុប្រធានការិយាល័យអភិវឌ្ឍន៍ជនបទ នៃក្រសួងផែនការ បានសហការជាមួយគ្នាដើម្បីធ្វើសកម្មភាពជាច្រើន ដូចជា៖ ការរត់ការចូលក្របខណ្ឌរដ្ឋ, ការរត់ការចូលក្របខណ្ឌគ្រូបង្រៀន និង ក្របខណ្ឌក្រសួងផ្សេងៗទៀត, ការទទួលធ្វើសញ្ញាបត្រក្លែងគ្រប់ប្រភេទ ដូចជា៖ សញ្ញាបត្របាក់ឌុប, សញ្ញាបត្របរិញ្ញាបត្រ និង សញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ជាដើម ក្នុងតម្លៃចាប់ពី ៤៥០ដុល្លារ ដល់ ១ ៥០០ដុល្លារ។ ចំពោះការរត់ការចូលក្របខណ្ឌរដ្ឋក្រុមជនសង្ស័យបានយកតម្លៃចាប់ពី ១១ ០០០ដុល្លារ ដល់ ១៦ ០០០ដុល្លារ តាមប្រភេទក្របខណ្ឌផ្សេងៗគ្នា។ 

ជាក់ស្តែងនៅឆ្នាំ២០២៣ បុគ្គលទាំង០៣នាក់ បានសហការគ្នា ដោយជោគជ័យរត់ការចូលក្របខណ្ឌគ្រូបង្រៀន កម្រិតឧត្តមឲ្យឈ្មោះ គុណ ធារី ភេទប្រុស ជាប់ជាគ្រូបង្រៀន តាមរយៈការប្រឡងចូលក្របខណ្ឌគ្រូបង្រៀនកម្រិតឧត្តម (បរិញ្ញាបត្រ+២) សម័យប្រឡងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងតម្លៃ ១៦ ០០០ដុល្លារ។ ករណីមួយទៀតអ្នកទាំង០៣នាក់ បានរត់ការឲ្យឈ្មោះ ពុធ សំរស់ ភេទប្រុស ចូលក្របខណ្ឌគ្រូបង្រៀន នៅខេត្តមណ្ឌលគិរី នៅឆ្នាំ២០២៣ ប៉ុន្តែប្រឡងមិនជាប់ហើយបន្តរត់ការប្រឡងចូលក្របខណ្ឌគ្រូជាថ្មីម្តងទៀត នៅឆ្នាំ២០២៤ នៅសម័យប្រឡងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ ក្នុងតម្លៃ ១៦ ០០០ដុល្លារ ប៉ុន្តែត្រូវកក់ ចំនួន ១ ០០០ដុល្លារ មុនរង់ចាំប្រកាសលទ្ធផលជាប់ទើបបង់ប្រាក់បង្គ្រប់។

ក្រោយពីបានធ្វើការស៊ើបអង្កេត និងប្រមូលភស្តុតាងរួចមក រកឃើញថា៖ ជនសង្ស័យទាំង ០៣នាក់ ១- ឈ្មោះ នង រុន, ២- ឈ្មោះ ស៊ុន ពេជ្រសុម៉ាលី និង ៣- ឈ្មោះ ហ៊ុយ ពិសិដ្ឋ គ្មានសមត្ថកិច្ច និងសិទ្ធិទាល់តែសោះ ក្នុងការជ្រើសរើសមន្ត្រីឲ្យចូលក្របខណ្ឌ បែរជាសហការគ្នា ស្វែងរកបុគ្គល ដែលមានបំណងចូលក្របខណ្ឌ ទាំងដែលពុំមានក្ខខណ្ឌ និងសមត្ថភាពគ្រប់គ្រាន់ ដូចជា ពុំមានសញ្ញាបត្រត្រឹមត្រូវ ដោយហ៊ានរកអ្នកធ្វើសញ្ញាបត្រក្លែង យកមកប្រើប្រាស់ដោយខុសច្បាប់ ដើម្បីទទួលបានអត្ថប្រយោជន៍ជាប្រាក់។ បុគ្គលឈ្មោះ នង រុន ជាអ្នករៀបចំឯកសារ និងផ្តល់ជូនបេក្ខជននូវវិញ្ញាសារត្រៀមប្រឡងដោយផ្ទាល់ប្រមូលផ្តុំបេក្ខជន (ក្រុមបេក្ខជន) និងចាត់ចែងរាល់កិច្ចការងារពាក់ព័ន្ធនឹងការប្រឡងទាំងអស់សម្រាប់អ្នកចង់ចូលក្របខណ្ឌ ហើយបុគ្គលឈ្មោះ ស៊ុន ពេជ្រសុម៉ា លី និងឈ្មោះ ហ៊ុយ ពិសិដ្ឋ ជាអ្នកស្វែងរកបេក្ខជន ដែលចង់រត់ការចូលក្របខណ្ឌជាគ្រូបង្រៀន។ 

ជាលទ្ធផលជនសង្ស័យទាំ ង០៣នាក់ ទទួលបានដោយខុសច្បាប់នូវអត្ថប្រយោជន៍ នៃអំពើខាងលើនូវទឹកប្រាក់ ចំនួន ១៧០០០ដុល្លារ ក្នុងនោះឈ្មោះ នង រុន ទទួលបានប្រាក់ ចំនួន ១២ ០០០ដុល្លារ (ករណីរត់ការឲ្យឈ្មោះ គុណ ធារី ចំនួន ១១ ០០០ដុល្លារ និងប្រាក់កក់របស់ឈ្មោះ ពុធ សំរស់ ចំនួន ១ ០០០ ដុល្លារ ហើយឈ្មោះ ស៊ុន ពេជ្រសុម៉ាលី និងឈ្មោះ ហ៊ុយ ពិសិដ្ឋ ទទួលបានអត្ថប្រយោជន៍ដែលនៅសល់ពីការទូទាត់ឲ្យឈ្មោះ នង រុន នូវប្រាក់ចំនួន ៥ ០០០ដុល្លារ ដោយចែកគ្នាម្នាក់ ពាក់កណ្តាល គឺម្នាក់ទទួលបានប្រាក់ ចំនួន ២ ៥០០ដុល្លារ។

តំណាងអយ្យការបានចាត់ទុកថា អំពើខាងលើ គឺជាបទល្មើសោៈ រំលោភអំណាច ប្រព្រឹត្តនៅខេត្តតាកែវ និងនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២៣ ដល់ខែឧសភា ឆ្នាំ២០២៤ តាមបញ្ញត្តិមាត្រា ៣៥ នៃច្បាប់ស្តីពី ការប្រឆាំងអំពើពុករលួយ ទើបសម្រេចបើកការស៊ើបសួរលើអង្គហេតុ និងស្នើសុំដាក់ឲ្យស្ថិតក្រោមការពិនិត្យជនសង្ស័យទាំង០៣នាក់ ពីបទ៖ «រំលោភអំណាច» និងដាក់ឲ្យស្ថិតនៅក្រោមការឃុំខ្លួនបណ្តោះអាសន្ន៕