2024-05-10 17:31
211

(កែប)នាថ្ងៃថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០២៤នេះ មន្ទីរការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប បានរៀបចំប្រារព្ធមីទ្ទីញអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ១៣៨ នៃទិវាពលកម្មអន្តរជាតិ ០១ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ សហគ្រាសមួយ ជាសហគមន៍សុខសាន្ដមួយ ក្រោមអធិបតីភាព ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានអញ្ជើញចូលរួមវិធានបទ ពីអភិបាលរងខេត្ត អភិបាលក្រុង ស្រុក ប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ មេឃុំ ចៅសង្កាត់ មេភូមិ តំណាងនិយោជក និយោជិត កម្មករ កម្មការិនី នៅតាមសហគ្រាស គ្រឹះស្ថាននានាក្នុងខេត្តកែប ប្រមាណជាង ៣០០នាក់។

មានមតិស្វាគមន៍របស់ លោក ស្រី សាម៉ន ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប បានបញ្ជាក់ឱ្យដឹងថា ទិវាពលកម្មអន្តរជាតិ ០១ ឧសភា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃចលនាកម្មករអន្តរជាតិ ដែលចាប់ផ្តើមនាឆ្នាំ១៨៨៦ ក្នុងគោលបំណងធ្វើឲ្យប្រសើរឡើងនូវស្ថានភាពនៃលក្ខខ័ណ្ឌការងារ និង ជីវភាពរស់នៅរបស់ប្រជាពលករ ។លោកប្រធានបានបន្ដថា ដោយឡែកនៅកម្ពុជា ទិវាពលកម្មអន្តរជាតិ ០១ ឧសភា ត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំ តាំងពីឆ្នាំ១៩៧៩ ហើយមកដល់បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានកំណត់យកថ្ងៃទី ១ ឧសភា ជាថ្ងៃបុណ្យការងាររបស់ពលករកម្ពុជា និង ជាថ្ងៃឈប់សម្រាករបស់មន្ត្រីរាជការ កម្មករ និយោជិត ទាំងអស់ ដូចជាថ្ងៃបុណ្យជាតិ បុណ្យប្រពៃណី និង បុណ្យអន្តរជាតិ នានាដែរ ។ 

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានអានសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ដែលមានខ្លឹមសារ សម្តែងនូវក្តីសោមនស្សរីករាយ ចូលរួមអបអរសាទរជាមួយបងប្អូនកម្មករ និយោជិត និយោជក និងជនរួមជាតិទាំងអស់ជាសារលិខិតបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលបានប្រសូត្រចេញពីការបោះឆ្នោត ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និង មានតម្លាភាព ក៏ដូចជាក្នុងនីតិកាលកន្លងមក បានបន្តផ្តោតការយកចិត្តទុកដាក់លើអាទិភាពជាចម្បងក្នុងការបង្កើតការងារកាន់តែប្រសើរជូនប្រជាពលរដ្ឋ ជាពិសេស សម្រាប់យុវជន ដែលគិតត្រឹម ខែមីនា ឆ្នាំ២០២៤ មានយុវជនចំនួន ៣៤,២៦៧នាក់ (ស្រី ៩,៦០៦នាក់) កំពុងទទួលបានការបណ្ដុះបណ្ដាល ក្នុងនោះចំនួន ១៦,២៦៧នាក់ (ស្រី ២, ២២៣នាក់) កំពុងទទួលបានការបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេសវិជ្ជាជីវៈ កម្រិត១។

រាជរដ្ឋាភិបាលបានខិតខំ លើកកម្ពស់សិទ្ធសេរីភាពអង្គការវិជ្ជាជីវៈ ស្រមតាមច្បាប់ស្ដីពីការងារ ច្បាប់ស្ដីពីសហជីព ច្បាប់ស្ដីពីរបបសន្ដិសុខសង្គម ច្បាប់ស្ដីពីប្រាក់ស្នួលអប្បបរមា និងលិខិតបទដ្ឋានការងារអន្ដរជាតិនានា ។

ឯកឧត្តម បន្តថា គិតត្រឹមខែមីនា ឆ្នាំ២០២៤ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចុះបញ្ជីការអង្គការវិជ្ជាជីវៈសរុបចំនួន ៦, ៣១៧ ក្នុងនោះសហភាពសហជីពមានចំនួន ៤២ សហព័ន្ធសហជីពមានចំនួន ២៨០ សហជីពមូលដ្ឋានមានចំនួន ៥,៩៨៣ និងសមាគមនិយោជកមានចំនួន ១២។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែបក៏បានកោតសរសើរចំពោះមន្ទីរការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានរួមសហការល្អជាមួយស្ថាប័នពាក់ព័ន្ធនានា ធ្វើការផ្សព្វផ្សាយ អប់រំ ជាប្រចាំដល់និយោជក និយោជិត កម្មករ កម្មការិនី ឲ្យបានយល់ច្បាស់ពីច្បាប់ ស្តីពីការងារ បង្ការទប់ស្កាត់បានវិវាទការងារ និងបង្កើតឡើងនូវភាពយោគយល់គ្នាក្នុងទំនាក់ទំនងវិជ្ជាជីវៈរវាងភាគីពាក់ព័ន្ធទាំងអស់។

ឯកឧត្តមក៏យកឱកាសនេះណែនាំដល់បងប្អូនប្រជាពលរដ្ឋ ជៀសអោយឆ្ងាយពីគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ ខិតខំប្រកបរបរទទួលទាន លើកកម្ពស់ជីវភាពរស់នៅ និងពង្រឹងជំនាញវិជ្ជាជីវៈ ពីព្រោះការងារគឺជាកត្តាគន្លឹះកំណត់នូវកម្រិតជីវភាព និងជាមធ្យោបាយដ៏មានប្រសិទ្ធិភាពក្នុងការកាត់បន្ថយភាពក្រីក្រ ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតអភិបាលខេត្ត ក៏បានជូនវត្ថុអនុស្សាវរីយ៍មានសារុង ម្នាក់ ០១ និងថវិកាមួយចំនួន ដល់អ្នកចូលរួមទាំងអស់ផងដែរ។(សឹង រ៉ាត់)