2024-05-11 10:54
200

កិច្ចប្រជុំនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំអគារDសាលាខេត្តរតនគិរី រសៀល ថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០២៤ក្រោមអធិបតីភាព ឯកឧត្តម ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មក្រសួងមហាផ្ទៃ។

ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ងិន ណែលអភិបាលរងខេត្តបានលើកឡើងថា យោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ ថ្ងៃនេះ រដ្ឋបាលខេត្ត បានរៀបចំកិច្ចប្រជុំបើកការងារសវនកម្មផ្ទៃក្នុងជាផ្លូវការ ដើម្បីបង្ហាញពីគោលបំណង និងកម្មវិធីជាក់លាក់ ព្រមទាំង ផ្តល់ការណែនាំមួយចំនួនសម្រាប់ដំណើរការនៃការធ្វើសវនកម្មដែលត្រូវបានអនុវត្តជាប្រចាំ និងតាមការចាំបាច់។ ការចុះធ្វើសវនកម្មលើផ្នែករដ្ឋបាលស៊ីវិល ផ្នែកសន្តិសុខសាធារណៈ និងផ្នែកពន្ធនាគារ សម្រាប់ការិយបរិច្ឆេទ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធនៅក្នុងខេត្តរតនគិរីដែលត្រូវបានរៀបចំធ្វើឡើងនាឱកាសនេះ គឺជាពិតជាមានសារៈសំខាន់ណាស់ ដែលអាចចូលរួមចំណែកក្នុងការតម្រង់ទិស និងការកែលម្អរបៀបរបបធ្វើការ និងឆ្លុះបញ្ចាំងលើការអនុវត្តនូវមុខងារ នានាដែលបានផ្ទេរ និងមុខងារជាអាណត្តិទូទៅរបស់ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ជាពិសេសនៅក្នុង បរិបទកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលជារបៀបវារៈ ការងារ ដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុង នីតិកាលទី៧ នេះ ។

ឯកឧត្តម ងិន ណែលបានស្នើឱ្យគ្រប់អ្នកពាក់ព័ន្ធទាំងអស់នៃរដ្ឋបាលខេត្ត ក្រុង ស្រុក និង ឃុំ សង្កាត់ អង្គភាពស្នងការដ្ឋាននគរបាលខេត្ត និងពន្ធនាគារខេត្ត ត្រូវផ្តល់កិច្ចសហការឱ្យបានល្អជាមួយក្រុមការងារ នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ ក្នុងការផ្តល់ឯកសារ និងការចុះពិនិត្យលទ្ធផល ការងារជាក់ស្តែងតាមតម្រូវការចាំបាច់នានាដើម្បីឱ្យដំណើរការនៃការធ្វើសវនកម្មបានប្រព្រឹត្តទៅដោយរលូន ។

ឯកឧត្តម ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មក្រសួងមហាផ្ទៃ មានប្រសាសន៍ថា នៅក្នុងតួនាទីជាសវនករផ្ទៃក្នុង គឺមានគោលបំណង និងទិសដៅ ជំរុញធ្វើឱ្យប្រតិបត្តិការប្រព័ន្ធ គ្រប់គ្រងផ្ទៃក្នុងរបស់អង្គភាពនីមួយៗ ដំណើរការប្រកបដោយប្រសិទ្ធភាព គណនេយ្យភាព និងភាពសន្សំសំចៃ ព្រមទាំងការចូលរួមទប់ស្កាត់ការខ្ជះខ្ជាយក្នុងការប្រើប្រាស់ធនធានរបស់រដ្ឋ។ ទន្ទឹមនឹងនេះ សវនកម្មបានជួយ ដល់ថ្នាក់ដឹកនាំសវនដ្ឋាន ដើម្បីដឹកនាំបំពេញការងារប្រកបដោយប្រសិទ្ធផល និងភាពទទួលខុសត្រូវខ្ពស់របស់ខ្លួន ពិសេសបានផ្តល់នូវការវិភាគ វាយតម្លៃហានិភ័យ និងអនុសាសន៍កែលម្អ តាមរយៈសវនករដែលបានរកឃើញ ក្នុងកំឡុងពេលចុះធ្វើការងារសវនកម្មនៅតាមបណ្តាសវនដ្ឋាន។ 

សូមបញ្ជាក់ជូនថា ការចុះធ្វើសវនកម្មផ្ទៃក្នុង គឺ ជាទិដ្ឋភាពមានលក្ខណៈជាប្រព័ន្ធ ដែលគូសបញ្ជាក់អំពីលទ្ធផលឆ្លើយតបទៅនឹងការចូលរួមចំណែកជួយពង្រឹង នូវការងារស្នូលរបស់សវនដ្ឋាននីមួយៗ ក៏ដូចជាអង្គភាពពាក់ព័ន្ធក្រោមការត្រួតពិនិត្យ និងវាយតម្លៃលើប្រព័ន្ធ គ្រប់គ្រងផ្ទៃក្នុងឱ្យស៊ីជម្រៅបន្ថែមទៀតលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (ចំណូល-ចំណាយ) ការគ្រប់គ្រង ទ្រព្យសម្បត្តិរដ្ឋ និងការគ្រប់គ្រងបុគ្គលិក ព្រមទាំងការគ្រប់គ្រងជនជាប់ឃុំ។ ដើម្បីឆ្លើយតបទៅនឹងការយក ចិត្តទុកដាក់ និងអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋ មន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ខ្ញុំសូមធ្វើការជំរុញដល់គ្រប់សវនដ្ឋាន និងអង្គភាពពាក់ព័ន្ធ ត្រូវបន្តខិតខំ យកចិត្តទុកដាក់ និងកាត់បន្ថយកម្រិតហានិភ័យគ្រប់ប្រភេទលើកិច្ចប្រតិបត្តិការនានាឱ្យកាន់តែល្អប្រសើរ មាន ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕