2024-05-11 13:06
313

លោក ជា សានិត ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរីដែលទេីបឡេីងកាន់ដំណែងថ្មី អំពាវនាវដល់អាជ្ញាធរមូលដ្ឋានទាំងអស់នៅក្នុងខេត្តរតនគិរី ឲ្យជួយផ្សព្វផ្សាយអំពីបញ្ហាជំងឺគ្រុនឈាមបានទូលំទូលាយជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ស្របពេលដែលរដូវវស្សាឈានជិតចូលមកដល់។ ការអំពាវនាវរបស់លោកប្រធានមន្ទីរ សុខាភិបាលខេត្ត គឺបានធ្វើឡើងនៅក្នុងឱកាសដែលមន្ទីរសុខាភិបាលបានបើកយុទ្ធនាការ ដាក់ថ្នាំអាប៊ែតតាមខ្នងផ្ទះប្រជាពលរដ្ឋ នៅក្នុងក្រុងបានលុង។ លោកថា ដើម្បីការពារសុខមាលភាពនិងកាត់បន្ថយមិនឲ្យជំងឺគ្រុនឈាមនិងគ្រុនឈិក កើតឡើងទៅលើបងប្អូនប្រជាពលរដ្ឋនៅរដូវវស្សានេះ មន្ទីរសុខាភិបាលខេត្ត បានផ្សព្វផ្សាយតាមរយៈចាក់ផ្សាយសារអប់រំ ដើម្បីបញ្រ្ជាបដល់ប្រជាពលរដ្ឋតាមមូលដ្ឋានទូទាំងខេត្តតាំងពី ដើមខែកុម្ភៈឆ្នាំ ២០២៤មកម៉្លេះ។ ប៉ុន្តែទោះជាយ៉ាងនេះក្ដី ដើម្បីការពារឲ្យខាងតែបានមន្ទីរសុខាភិបាលបានមានផែនការបើកយុទ្ធនាការ ដើម្បីដាក់ថ្នាំអាប៊ែតតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋទូទាំងខេត្ត និងបន្តផ្សព្វផ្សាយអំពីបញ្ហាគ្រោះថ្នាក់នៃជំងឺគ្រុនឈាមនិងគ្រុនឈិកនេះឲ្យបានទូលំទូលាយបន្ថែមទៀត។

 លោកប្រធានមន្ទីរបានបន្តទៀតថាចំពោះការបើកយុទ្ធនាការដាក់ថ្នាំអាប៊ែតនេះ មន្ទីរបានរៀបចំផែនការតាមស្រុកក្រុងនិមួយៗទូទាំងខេត្ត ដោយចាប់ពីថ្ងៃទី ៧ ខែឧសភារហូតដល់ថ្ងៃទី ១៦ខែឧសភាទើបបញ្ចប់យុទ្ធនាការនៃការដាក់ថ្នាំអាប៊ែតតាមក្នុងផ្ទះ។ ហើយចំពោះការបើកយុទ្ធនាការដាក់ថ្នាំអាបែតនេះ គឺមន្ទីរសុខាភិបាល បានសហការជាមួយមន្ទីរអប់រំនិងយុវជនកីឡាខេត្ត ដោយបានប្រើប្រាស់កម្លាំងយុវជនក្នុងមួយថ្ងៃៗប្រមាណជិត ១០០ នាក់ ដែលក្នុងនោះមានយុវជនកាយរិទ្ធនិងយុវជនកាកបាទក្រហម រួមជាមួយយុវជនស្រឡាញ់សន្តិភាព និងអាជ្ញាធរមូលដ្ឋានផងដែរ ដែលជាជំនួយការដល់ការដាក់ថ្នាំអាប៊ែតតាមក្នុងផ្ទះ របស់បងប្អូនប្រជាពលរដ្ឋ។

 បន្ថែមពីនេះលោកប្រធានមន្ទីរសុខាភិបាលខេត្តក៏បានបញ្ជាក់ថាចំពោះបញ្ហាចម្បងនៃប្រភពចម្លងជំងឺគ្រុនឈាមនិងគ្រុនឈីក គឺកើតឡើងពីមូសខ្លា ហើយប្រភពនៃការបង្កើតពងមូសខ្លា គឺបានកើតនៅ ក្នុងពាងទឹក ឬ សំបកកំប៉ុង ដែលដក់ទឹកដែលជាកន្លែងពងរបស់មូស។ ដើម្បីកំចាត់កុំឱ្យមានមូសខ្លាយើងទាំងអស់គ្នាត្រូវចូលរួមលុបបំបាត់នៅសំបកកង់ ដែលអាចដក់ទឹកបាន កុំឲ្យមានទឹកដក់ សំបកដូង សំបកកំប៉ុង ឬ កន្លែងដែលមានភក់ជ្រាំ យើងត្រូវលុបបំបាត់វា ទើបយើងអាចកំចាត់ទីជម្រករបស់មុខខ្លាបាន ។ក្រៅពីនេះ យើងព្យាយាមនិងការបាញ់ថ្នាំ ឆ្កាព្រៃ ដែលនៅជុំវិញផ្ទះរបស់យើងឲ្យបានស្អាត ។លោកប្រធានមន្ទីរក៏បានអំពាវនាវនិងសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ឲ្យចូលរួមទាំងអស់គ្នា ក្នុងការទប់ស្កាត់និងបង្ការរៀបចំបរិស្ថានអនាម័យឲ្យបានល្អប្រសើរ ដើម្បីសុខមាលភាពជាពិសេសដើម្បីសេដ្ឋកិច្ចគ្រួសារ៕