2024-05-11 13:12
225

ខេត្តស្វាយរៀង៖ លោក សុខា រ៉ានាថ មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀងបានមានប្រសាសន៏ថាលោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុករមាសហែក ថ្មីដែលបានប្រកាសតែងតាំងមុខតំណែងនៅថ្ងៃនេះ ត្រូវបន្តខិតខំប្រឹងបែងយកអស់សមត្ថភាព ចំណេះដឹង ជំនាញ និងបទពិសោធន៍ បំពេញតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តនានាជាធរមាន វិន័យបទបញ្ជាក្រមសីលធម៌កងម្លាំង និងគោរពឋានានុក្រមការងារ ប្រកបដោយសុឆន្ទៈបុរេសកម្ម អន្តរសកម្ម ការសហការ សាមគ្គីភាពឯកភាពផ្ទៃក្នុង ការទទួលខុសត្រូវខ្ពស់ និងប្រសិទ្ធភាព។

 ការមានប្រសាសន៏បែបនេះធ្វើឡើងនាព្រឹកថ្ងៃទី១០ខែឧសភាឆ្នាំ២០២៤ ក្នុងពិធីប្រកាសមុខតំណែង លោកប៉ែន ខុន ជាមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុករមាសហែក ថ្មីជំនួសលោកគ្រុយសុខឡេង ដែលត្រូវតែងតាំង ជាមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិតថ្មី។

ក្នុងពិធីនេះមានការអញ្ជើញចូលរួមពី លោក អ៊ិន សាបន ប្រធានក្រុមប្រឹក្សាស្រុក និងលោក ស៊ូ ម៉ុល អភិបាល នៃគណ:អភិបាលស្រុករមាសហែក លោកស្រីមេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត លោកនាយសេនាធិការរង លោកអនុប្រធានមន្ទីរទាំង៧ លោកនាយការិយាល័យ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក លោក លោកស្រី អភិបាលរងនៃគណៈអភិបាលស្រុក លោកនាយករដ្ឋបាលសាលាស្រុក លោកអធិការនគរបាលស្រុក លោកមេបញ្ជាការផ្នែកសឹករងស្រុក លោក លោកស្រីមេឃុំ ទាំង១៦ឃុំ លោកស្មៀនឃុំ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងលោក លោកស្រី តំណាងអង្គភាព ស្ថាប័ន នានាក្នុងស្រុករមាសហែកជាច្រើនរូបផងដែរ។

 ក្នុងឱកាសនោះលោក ស៊ូ ម៉ុល អភិបាល នៃគណ:អភិបាលស្រុករមាសហែក បានសម្ដែងនូវការកោតសរសើរ និងថ្លែងនូវការអរគុណ ចំពោះលោក គ្រុយសុខឡេង អតីត មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុករមាសហែកមួយរូបពោរពេញដោយសមត្ថភាពដែលក្នុងរយៈពេល នៃការកាន់មុខតំណែង រយៈពេល២ឆ្នាំ ៣ខែកន្លងមកនេះ មិនត្រឹមតែបានចូលរួមដឹកនាំគ្រប់គ្រង និងបំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ និងកិច្ចសហការល្អជាមួយគ្រប់អង្គភាពពាក់ព័ន្ធ ដោយបានបង្កើតស្នាដៃធំៗជាច្រើនក្នុងការងារថែរក្សា ការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈនៅក្នុងស្រុករមាសហែក។

 លោកបន្តថា ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុករមាសហែក មានសេចក្ដីសង្ឃឹមជឿជាក់ យ៉ាងមុតមាំថា លោកប៉ែន ខុន  មេបញ្ជាការកងរាជអាវុធហត្ថស្រុកថ្មី ដែលបានប្រកាសតែងតាំងមុខតំណែងនៅថ្ងៃនេះ នឹងបន្តខិតខំប្រឹងបែងយកអស់សមត្ថភាព ចំណេះដឹង ជំនាញ និងបទពិសោធន៍ បំពេញតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវ ស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តនានាជាធរមាន វិន័យបទបញ្ជាក្រមសីលធម៌កងម្លាំង និងគោរពឋានានុក្រមការងារ ប្រកបដោយសុឆន្ទៈបុរេសកម្ម អន្តរសកម្ម ការសហការ សាមគ្គីភាពឯកភាពផ្ទៃក្នុង ការទទួលខុសត្រូវខ្ពស់ និងប្រសិទ្ធភាព ។

 លោក សុខា រ៉ានាថ មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង បានបន្តថា ការតែងតាំងដំឡើង ផ្លាស់ប្តូរមុខតំណែង កន្លែងធ្វើការ នៅក្នុងកងកម្លាំងប្រដាប់ អាវុធ មន្ត្រីរាជការស៊ីវិល ក៏ដូចជាវិស័យឯកជន នោះគឺជាក្រឹត្យក្រមនៃការងារចាត់តាំង រៀបចំធនធានមនុស្ស ដើម្បីភាពរីកចម្រើនការងារ និងក៏ជាឱកាសនៃការផ្លាស់ប្តូរ  បរិយាកាស ទីកន្លែងធ្វើការងារ ការផ្លាស់ប្តូរមុខតំណែងគឺមានអត្ថប្រយោជន៍ ៤ជាគន្លឹះ ៖

  ១- ដើម្បីការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់នាយទាហាន

  ២- រៀបចំធនធានមនុស្សឱ្យស្របនិងសមត្ថភាពជំនាញ និងនិស្ស័យ

  ៣- ជាការផ្តល់ឱកាសសម្រាប់អ្នកបន្តវេន

  ៤- ជាការផ្លាស់ប្តូរបរិយាកាសការងារ ចែករំលែកបទពិសោធន៍ល្អ ក្នុងបំណងធ្វើឱ្យស្ថាប័ន អង្គភាព រីកចម្រើនព្រមៗគ្នា។ ម្យ៉ាងទៀត មានឱកាសទទួលបានការសិក្សា រៀន សូត្រ ដើម្បីបង្កើនសមត្ថភាព តាមឱ្យទាន់ការវិវឌ្ឍន៍ថ្មីៗនៃសភាពការណ៍។

 ទន្ទឹមនេះ  លោក ក៏សូមផ្តាំផ្ញើដល់លោកមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុករមាសហែកថ្មីត្រូវយកចិត្តទុកដាក់នូវតួនាទីភារកិច្ចស្នូល ការគ្រប់គ្រងមនុស្ស ត្រូវយល់ដឹងពី ការហូបចុក,ស្លៀកពាក់,ស្នាក់នៅ,សុខភាព- អប់រំ រៀនសូត្រ, មធ្យោបាយធ្វើដំណើរ- កំសាន្តសប្បាយ និងដោះស្រាយទុក្ខលំបាកការងារ -ថែទាំមធ្យោបាយ បរិក្ខារ និងគ្រឿងបំពាក់ការងារ-គ្រប់គ្រងអចលនទ្រព្យ-ដំណើរការ ការងារតាមបែបបទរដ្ឋបាល និងឋានានុក្រមកងទ័ព ការងារដឹកនាំ គ្រប់គ្រង បញ្ជាអង្គភាពមានសណ្តាប់ធ្នាប់ កងទ័ពមានវិន័យល្អ ផ្ទៃក្នុងមានសាមគ្គីឯកភាព មានស្មារតីឆន្ទៈ មនសិការ ស្មោះត្រង់ អង់អាចក្លាហាន ឧស្សាហ៍ព្យាយាម យល់ច្បាស់ តួនាទី ភារកិច្ច គោរពច្បាប់ វិន័យកងទ័ព ក្រមសីលធម៌វិជ្ជាជីវៈកងរាជអាវុធហត្ថ សហការសម្រេចភារកិច្ចផងដែរ៕