2024-05-13 18:54
368

រដ្ឋធានីវ៉ាស៊ីនតោន៖ ជាមួយនឹងភាពតានតឹងយ៉ាងខ្លាំងខាងភូមិសាស្រ្ដនយោបាយ នៅលើពិភពលោកនោះ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានចាត់ទុកក្រុងមូស្គូ និង ក្រុងប៉េកាំង ជាការប្រឈមមុខដ៏ខ្លាំងក្លា ហើយឥឡូវនេះ កងទ័ពសហរដ្ឋអាមេរិក បានដាក់ចេញនូវផែនការថ្មីរបស់ខ្លួន ដើម្បីឆ្លើយតបទៅលើប្រទេសរុស្ស៊ី និង ចិន។

សារព័ត៌មានរបស់សហរដ្ឋអាមេរិក Business Insider បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ទី១២ ខែឧសភា ឆ្នាំ២០២៤ ថា ហេដ្ឋារចនាសម្ព័ន្ធថ្មីរបស់កងទ័ពអាមេរិក នឹងត្រូវតែរៀបចំឡើង ឆ្លើយតបទៅនឹងយន្តហោះគ្មានមនុស្សបើក ឬ ដ្រូន, មីស៊ីលនាំផ្លូវ និង កាំភ្លើងធំ។ ប៉ុន្តែកងទ័ព គ្រោងនឹងបង្កើតអង្គភាពថ្មី ខណៈការជ្រើសរើសទាហានថ្មីរបស់ខ្លួន កំពុងតែជួបនឹងការលំបាក។ ស្របគ្នានេះដែរ ទីភ្នាក់ងារសេវាកម្មស្រាវជ្រាវរបស់សភាអាមេរិក បានព្រមាន ថា កងទ័ព កំពុងតែពឹងផ្អែកលើផែនការរបស់ខ្លួន សំដៅទៅលើអាវុធមិនទាន់បានសាកល្បង។

ក្រុមអ្នកវិភាគរបស់សភា បានអះអាង ថា កងទ័ពអាមេរិក កំពុងតែរៀបចំឡើងវិញ សម្រាប់ប្រយុទ្ធជាមួយនឹងប្រទេសមហាអំណាចធំៗ ដូចជា រុស្ស៊ី និង ចិន ប៉ុន្តែសហរដ្ឋអាមេរិក នៅតែខ្វះកងទ័ព និង ទាហានជ្រើសរើសថ្មី សម្រាប់អនុវត្តនូវគម្រោងនេះ។

ការរៀបចំហេដ្ឋារចនាសម្ព័ន្ធថ្មីរបស់កងទ័ព នាឆ្នាំ២០២៤នេះ នឹងក្លាយជាការរៀបចំឡើងវិញដ៏សំខាន់ទី៥របស់កងទ័ពសហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ២០០៣រហូតមក។ ការវិនិច្ឆ័យ ដោយព័ត៌មានលម្អិត ដែលមាននៅក្នុងក្រដាសសរបស់កងទ័ព គឺការសង្កត់ធ្ងន់ទៅនឹងការឆ្លើយតប ទៅលើការផ្លាស់ប្តូរបច្ចេកវិទ្យា នៅក្នុងសង្គ្រាម ដូចជា ការគំរាមកំហែងរបស់យន្តហោះគ្មានមនុស្សបើក ឬ ដ្រូន និង មីស៊ីលនាំផ្លូវរយៈចម្ងាយឆ្ងាយ ព្រោះកំពុងតែព្យាយាមសន្សំសំចៃលើកម្លាំងមនុស្ស ដែលកំពុងតែខ្វះខាត។

ស្របគ្នានេះដែរ កងទ័ព កំពុងតែព្យាយាមដោះស្រាយវិបត្តិជ្រើសរើសបុគ្គលិក ដែលបានធ្វើឱ្យអង្គភាពមួយចំនួន ស្ថិតក្រោមការគ្រប់គ្រង។ ផែនការផ្លាស់ប្តូរនឹងកាត់បន្ថយកម្លាំង ដែលត្រូវបានអនុញ្ញាត ពីចំនួនទាហានអតិបរមា ដែលត្រូវបានអនុញ្ញាតចន្លោះពី ៤៩៤ 000នាក់ មក ៤៧០ 000នាក់ ។ បច្ចុប្បន្ន កងទ័ពមានទាហានសកម្មប្រមាណ៤៥ម៉ឺននាក់។ ផ្ទុយពីកងទ័ពអាមេរិក មានទាហាន រហូតដល់ ៧៧0 000នាក់ នៅក្នុងដំណាក់កាលចុងក្រោយ នៃសង្រ្គាមត្រជាក់ ខណៈសហរដ្ឋអាមេរិក បានរៀបចំផែនការ ប្រឆាំងនឹងសហភាពសូវៀត។

កងទ័ព ក៏អាចនឹងផ្តោតខ្លាំងពេកទៅលើបច្ចេកវិទ្យាទំនើបៗច្រើនជាជាងអាវុធសម័យចាស់ ដែលបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ ពាក់ព័ន្ធនឹងអាវុធដ៏សាហាវៗ នៅក្នុងសង្គ្រាមអ៊ុយក្រែន។ ផែនការរបស់កងទ័ព លេចចេញជារូបរាង ដើម្បីដោះស្រាយដោយផ្អែកទៅលើបច្ចេកវិទ្យា លំហអាកាស និង ឥទ្ធិពលតាមអ៊ិនធើរណេត ការបាញ់ចំគោលដៅនៅក្នុងរយៈចម្ងាយឆ្ងាយ និង ការការពារកម្លាំងច្រើនជាងសមត្ថភាព នៃកម្លាំងប្រយុទ្ធធម្មតា សមត្ថភាពកងកម្លាំងប្រតិបត្តិការពិសេសរបស់កងទ័ព និង ជំនួយកម្លាំងសន្តិសុខ៕