2024-05-15 15:51
287

រដ្ឋធានីកៀវ៖ បើតាមការប៉ាន់ប្រមាណរបស់អគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានឲ្យដឹង ថា  រុស្ស៊ី បានបាត់បង់កម្លាំងទាហានយ៉ាងច្រើនបំផុត ចំពេលមានការវាយប្រយុទ្ធគ្នាយ៉ាងសាហាវ ឆ្លងកាត់ខ្សែបន្ទាត់សមរភូមិ នៅក្នុងប្រទេសអ៊ុយក្រែន អស់រយៈពេលមួយសប្ដាហ៍កន្លងមកនេះ។ នេះបើតាមសារព័ត៌មាន The Daily Digest បានចេញផ្សាយ កាលពីរសៀល ថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០២៤។

ស្របគ្នានេះដែរ អ្នកស្រី អេលលី ខុក (Ellie Cook) ជាអ្នកកាសែតរបស់ Newsweek បានរាយការណ៍ កាលពីថ្ងៃទី១២ ខែឧសភា ថា រដ្ឋាភិបាលក្រុងមូស្គូ បានបាត់បង់កម្លាំងទាហាន ចំនួន ៨ ០៣០នាក់ និង រថក្រោះ ៧៩គ្រឿង នៅក្នុងការវាយប្រយុទ្ធគ្នា កាលពី៧ថ្ងៃមុននេះ នៅលើសមរភូមិជួរមុខ។ រីឯតួលេខទាំងនេះ គ្រាន់តែជាការប៉ាន់ប្រមាណរបស់នាយអគ្គសេនាធិការកងទ័ពអ៊ុយក្រែន តែប៉ុណ្ណោះ។

បើតាមព្រឹត្ដិបត្ររបស់ក្រសួងការពារជាតិអង់គ្លេស បានចេញផ្សាយ កាលពីថ្ងៃតី២៧ ខែមេសា ឆ្នាំ២០២៤ បានឲ្យដឹង ថា ទាហានរុស្ស៊ី បានរងការខូចខាត នៅលើសមរភូមិរបស់ប្រទេសអ៊ុយក្រែន ចំនួន ៤៥០ ០០០នាក់។

ដោយឡែក អគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានចេញផ្សាយ កាលពីរសៀល ថ្ងៃទី១៥ ខែឧសភា ថា  នៅក្នុងរយៈពេល២៤ម៉ោងមុននេះ រុស្ស៊ី បានបាត់បង់ទាហាន ចំនួន ១ ៥១០នាក់។ ជាមួយនឹងចំនួនថ្ងៃនេះ ធ្វើឲ្យរុស្ស៊ី បាត់បង់ទាហាន កើនដល់ ៤៨៦ ៩៤០នាក់ គិតចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។ បើទោះជាយ៉ាងណា អ៊ុយក្រែន មិនបានបញ្ជាក់ អំពីកងទ័ពរបស់ខ្លួន រងគ្រោះថ្នាក់នោះឡើយ៕