2024-05-18 11:38
313

រដ្ឋធានីកៀវ៖ រូបភាពពីផ្កាយរណប ដែលទទួលបានផ្ដាច់មុខ ដោយបណ្ដាញទូរទស្សន៍ CNN បានបង្ហោះ អីយន្ដហោះចម្បាំងរបស់រុស្ស៊ី ចំនួន៣គ្រឿង ត្រូវបានកម្ទេច និង អគារជាច្រើនកន្លែង នៅក្នុងមូលដ្ឋានកងទ័ពរបស់រុស្ស៊ី BelBek (បែលបែក) ស្ថិតក្នុងទីក្រុងកំពង់ផែសេវ៉ាស្ដូប៉ូល នៅលើឧបទ្វីបគ្រីមៀ កាលពីថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០២៤។
ការវាយប្រហារបំផ្លិចបំផ្លាញនេះ បានកើតឡើង ត្រឹមតែរយៈពេលថ្ងៃ ក្រោយពេលអ៊ុយក្រែន បានវាយប្រហារទៅលើទីក្រុងសេវ៉ាស្ដូប៉ូល (Sevastopol) នាភាគខាងត្បូង ឧបទ្វីបគ្រីមៀ ដែលរុស្ស៊ី បានរឹបអូសពីប្រទេសអ៊ុយក្រែន កាលពីអំឡុងឆ្នាំ២០១៤។

រូបភាពដែលថតបាន ដោយក្រុមហ៊ុនរូបភាពផ្កាយរណបរបស់សហរដ្ឋអាមេរិក BlackSky (ប្លែកស្កាយ) និង ក្រុមហ៊ុនបច្ចេកវិទ្យាអវកាស Maxar (ម៉ាក្សា) បានឃើញយន្តហោះចំនួនពីរគ្រឿង អាចត្រូវបានគេមើលឃើញ ថា បានឆេះ នៅក្នុងមូលដ្ឋានកងទ័ពអាកាស Belbek ខណៈយន្តហោះទីបី ដែលចតនៅលើទំនប់ការពារ។ រូបភាពពីផ្កាយរណប ក៏បានបង្ហាញពីអគារដែលត្រូវបានបំផ្លាញ នៅក្បែរនោះ និង អគារមួយទៀត ដែលបានទទួលនូវការខូចខាតយ៉ាងដំណំ។

លោក មីខាល រ៉ាសវ៉ូហ្សាអេវ (Mikhail Razvozhaev) អភិបាលក្រុង Sevastopol ដែលត្រូវបានតែងតាំងដោយរុស្ស៊ី បានសរសេរ នៅតាមបណ្ដាញសង្គមតេឡេក្រាម កាលពីព្រឹក ថ្ងៃសុក្រ (ទី១៧ ខែឧសភា) ថា ទាហានរុស្ស៊ី បានទប់ទល់នឹងការវាយប្រហាររបស់សត្រូវដ៏ធំ នៅទីក្រុង Sevastopol ប្រកបដោយដោយជោគជ័យ។ យន្តហោះគ្មានមនុស្សបើក និង ដ្រូនសមុទ្រជាច្រើនគ្រឿង ត្រូវបានបំផ្លាញ។ រីឯទីក្រុងនេះបានដាច់ចរន្តអគ្គិសនីមួយផ្នែក ដោយសារតែយន្តហោះគ្មានមនុស្សបើក បានធ្លាក់មកលើស្ថានីយអគ្គិសនី។

មូលដ្ឋានកងទ័ពអាកាស Belbek បានរងនូវការវាយប្រហារជាលើកទី២ នៅក្នុងរយៈពេល៤៨ម៉ោង ហើយត្រូវបានចោទប្រកាន់ទៅលើកងទ័ពអ៊ុយក្រែន។
ស្របគ្នានេះដែរ អគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានរាយការណ៍ ថា នៅក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ រុស្ស៊ី បានបង់ទាហាន ចំនួន ១ ៤១០នាក់ ហើយយន្ដហោះចម្បាំងចំនួន២គ្រឿង, ឧទ្ធម្ភាគចក្រ ១គ្រឿង និង គ្រឿងចម្បាំងជាច្រើនទៀត។ បើគិតចាប់តាំងពីការផ្ទុះសង្គ្រាម នាថ្ងៃដំបូង គឺនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ រុស្ស៊ី បានបាត់បង់ទាហានកើតឡើង ដល់ ៤៨៩ ៨៧៩នាក់។

នៅក្នុងអំឡុងសង្គ្រាម នៅលើទឹកដីរបស់អ៊ុយក្រែន អស់រយៈពេលជាង៨១០ថ្ងៃកន្លងមកនេះ ក្រៅពីការបាត់បង់ទាហានដ៏ច្រើននោះ រុស្ស៊ី ក៏បានខាត់បង់ទ្រព្យសម្បត្ដិការពារជាតិយ៉ាងច្រើន រួមមាន៖ នាវាមុជទឹក ១គ្រឿង, នាវាចម្បាំងតូចធំ ចំនួន ២៦គ្រឿង, យន្ដហោះចម្បាំង ចំនួន៣៥៣គ្រឿង, ឧទ្ធម្ភាគចក្រ ចំនួន៣២៦គ្រឿង, រថក្រោះ ចំនួន ៧ ៥៤៧គ្រឿង, រថពាសដែក ចំនួន ១៤ ៥៥២គ្រឿង និង គ្រឿងសឹកផ្សេងៗជាច្រើនទៀត៕