2024-05-18 11:41
274

រដ្ឋធានីណៃពិដោរ៖ ស្របពេលក្រុមចលនាតស៊ូចម្រុះរបស់ភូមា កំពុងតែវាយលុកដណ្ដើមតំបន់កាន់កាប់កាន់តែច្រើន ទៅលើមូលដ្ឋានយោធារបស់របបសឹកមីយ៉ាន់ម៉ា នៅក្នុងមួយរយៈចុងក្រោយនេះ បានអូសទាញក្រុមអ្នកស្ម័គ្រចិត្ត មកពីបណ្ដាប្រទេសលោកខាងលិច ចូលរួមប្រយុទ្ធ ប្រឆាំងនឹងក្រុមរដ្ឋប្រហារយោធា។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤ ថា អតីតទាហានអង់គ្លេស និង យុទ្ធជនអាមេរិកម្នាក់ ស្ថិតក្នុងចំណោមជនបរទេសមួយចំនួន កំពុងតែបង្ហាញនូវភាពក្លាហាន ហើយស្ម័គ្រចិត្តចូលមកកៀកស្មាជាមួយនឹងក្រុមចលនាតស៊ូរបស់ភូមា ដើម្បីប្រយុទ្ធទប់ទល់នឹងកម្លាំងទាហានរបស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា។

អ្នកស្ម័គ្រចិត្តទាំងនោះ បានអះអាង  ថា ពួកគេត្រូវបានបំផុសគំនិត ដោយការតស៊ូរបស់មីយ៉ាន់ម៉ា ដែលបានប្រព្រឹត្ដយ៉ាងឃោរឃៅបំផុត និង បំពាក់អាវុធយ៉ាងល្អ នៅអាស៊ីអាគ្នេយ៍ ចាប់តាំងពីពួកឧត្តមសេនីយ៍របស់ប្រទេសអាស៊ានមួយនេះ បានដណ្តើមអំណាច ពីរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ោង សានស៊ូជី កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ និង ការបង្ក្រាបយ៉ាងព្រៃផ្សៃ ទៅលើក្រុមបាតុករអហិង្សា បណ្ដាលឲ្យមនុស្សរាប់ពាន់នាក់ បាត់បង់ជីវិត។

ទាហានថ្មើរជើងម្នាក់ ធ្លាប់បម្រើ នៅក្នុងជួរកងទ័ពអង់គ្លេស អស់រយៈពេល៤ឆ្នាំ ចាប់ពីឆ្នាំ២០០៩ ជាមួយនឹងដំណើរទេសចរណ៍ រយៈពេល៧ខែ នៅអាហ្វហ្គានីស្ថាន លោក ជេសុន (Jason) បានបញ្ជាក់ ថា គាត់បានត្រឡប់ មកពីភាគខាងកើត នៃប្រទេសមីយ៉ាន់ម៉ា កាលពីចុងខែមេសា ក្រោយពេលទៅកាន់សមរភូមិរយៈពេល៨សប្តាហ៍កន្លងមកនេះ។

លោក ជេសុន ប្រើប្រាស់ឈ្មោះក្លែងក្លាយ ដោយសារតែការព្រួយបារម្ភ អំពីបញ្ហាសន្តិសុខផ្ទាល់ខ្លួន បាន បញ្ជាក់ ថា ក្រុមអ្នកប្រយុទ្ធតស៊ូ បានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការស្លាប់ នៅលើសមរភូមិ នៅក្នុងបុព្វហេតុ ប្រឆាំងនឹងរដ្ឋភិបាលយោធា។ រីឯកន្លែងផ្សេងៗ ដែលគាត់បានប្រយុទ្ធ ដែលអ្នកឃើញមានការភ័យខ្លាច គឺពួកគេជាមនុស្សក្លាហាន។

ក្រុមប្រដាប់អាវុធជនជាតិភាគតិច ភាគច្រើន នៅតាមតំបន់ព្រំដែនរបស់ប្រទេសមីយ៉ាន់ម៉ា បានប្រយុទ្ធជាមួយយោធារដ្ឋាភិបាល អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកហើយ ជួនកាលដោយមានជំនួយ មកពីអ្នកស្ម័គ្រចិត្តបរទេសផងដែរ៕