2024-05-20 18:51
275

រដ្ឋធានីតេអ៊ីរ៉ង់៖ ឧទ្ធម្ភាគចក្រមួយគ្រឿង ដែលបានដឹកប្រធានាធិបតីអ៊ីរ៉ង់ លោក អេប្រាហ៊ីម រ៉ៃស៊ី (Ebrahim Raisi)  និង រដ្ឋមន្ត្រីការបរទេសរបស់គាត់ បានជួបនឹងហេតុការណ៍ដ៏អាក្រក់ ត្រូវបានធ្លាក់ កាលពីថ្ងៃអាទិត្យ (ទី១៩ ខែឧសភា) ខណៈកំពុងតែហោះហើរឆ្លងកាត់តំបន់ភ្នំ ដែលមានអ័ព្ទធ្លាក់ខ្លាំង ហើយក្រុមអ្នកជួយសង្គ្រោះ កំពុងព្យាយាមទៅកាន់ទីតាំងកើតមានឧបទ្ទវហេតុនោះ។ នេះបើតាមបណ្ដាញទូរទស្សន៍របស់សិង្ហបុរី Channel News Asia បានផ្សាយ កាលពីព្រឹក ថ្ងៃចន្ទី ទី២០ ខែឧសភា ឆ្នាំ២០២៤។
មន្ត្រីមួយរូបរបស់អ៊ីរ៉ង់ បានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មានរបស់អង់គ្លេស Reuters ដោយសុំមិនបញ្ចេញអត្ដសញ្ញាណ ថា ជីវិតរបស់លោកប្រធានាធិបតី រ៉ៃស៊ី Raisi និង រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក ហូសសេន អាមីរ៉ាបដូលឡះហៀន ( Hossein Amirabdollahian) កំពុងតែស្ថិតក្នុងហានិភ័យ បន្ទាប់ពីការធ្លាក់ឧទ្ធម្ភាគចក្រ នៅតាមផ្លូវវិលត្រឡប់ មកពីដំណើរទស្សនកិច្ច នៅតាមព្រំដែន នៅភាគពាយព្យ នៃប្រទេសអ៊ីរ៉ង់ ជាប់ជាមួយអាស៊ែរបៃសង់ ( Azerbaijan) ។ បើទោះជាយ៉ាងណា យើងនៅតែមានក្តីសង្ឃឹម ប៉ុន្តែព័ត៌មាន ដែលបានកើតចេញ មកពីកន្លែងធ្លាក់យន្តហោះនោះ ពិតជាមានការព្រួយបារម្ភខ្លាំងណាស់។
  បណ្ដាញទូរទស្សន៍ គ្រប់គ្រងដោយរដ្ឋអ៊ីរ៉ង់ បានដកស្រង់សម្តីរបស់មន្ត្រីម្នាក់ បានអះអាង ថា យ៉ាងហោចណាស់អ្នកដំណើរម្នាក់ និង សមាជិកនាវិកម្នាក់ បានទាក់ទងជាមួយក្រុមជួយសង្គ្រោះ។ ឧទ្ធម្ភាគចក្រនោះ បានរកឃើញ បើទោះជាអឌ្ឍចន្ទក្រហមរបស់ប្រទេសអ៊ីរ៉ង់ បានបដិសេធនូវរបាយការណ៍នេះយ៉ាងណាក៏ដោយ។
ទីភ្នាក់ងារសារព័ត៌មានរបស់តួកគី Anadolu បានរាយកាណ៍ នៅលើបណ្ដាញសង្គម X ដែលពីមុនមានឈ្មោះ Twitter  ថា យន្តហោះគ្មានមនុស្សបើក ឬ ដ្រូនរបស់តួកគី បានកំណត់អត្តសញ្ញាណប្រភព នៃកម្ដៅ ដែលគេសង័្សយ ថា វាជាបំណែក នៃឧទ្ធម្ភាគចក្រ ហើយបានចែករំលែកកូអរដោនេ នៃទីតាំងធ្លាក់ឧទ្ទម្ភាគចក្រនោះ ជាមួយនឹងអាជ្ញាធរអ៊ីរ៉ង់។
លោក អាយ៉ាតូលឡះ អាលី ខាមេនី (Ayatollah Ali Khamenei) មេដឹកនាំកំពូលអ៊ីរ៉ង់ ធ្លាប់និយាយចុងក្រោយ ស្តីពីគោលនយោបាយការបរទេស និង កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដោយបានស្វែងរកនូវការធានាដល់ប្រជាជនអ៊ីរ៉ង់ ដោយបានអះអាង  ថា បញ្ហាទាំងនេះ នឹងមិនមានការរំខានដល់កិច្ចការរដ្ឋនោះឡើយ។
ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋអ៊ីរ៉ង់ បានរាយការណ៍ ថា អាកាសធាតុដ៏អាក្រក់ បានបង្កឱ្យមានការធ្លាក់យន្តហោះនេះ ហើយបញ្ហានេះកំពុងតែធ្វើឱ្យមានភាពស្មុគស្មាញ ដល់កិច្ចប្រឹងប្រែងជួយសង្គ្រោះ។ ទីភ្នាក់ងារព័ត៌មានរដ្ឋ IRNA បានរាយការណ៍ ថា លោកប្រធានាធិបតី រ៉ៃស៊ី កំពុងតែជិះ នៅក្នុងឧទ្ធម្ភាគចក្រ Bell 212 ដែលផលិត ដោយសហរដ្ឋអាមេរិក ហើយបានជួបនឹងហេតុការណ៍ដ៏អាក្រក់នេះ។
អគ្គសេនាធិការកងទ័ពអ៊ីរ៉ង់ បានចេញបញ្ជាឱ្យប្រើប្រាស់គ្រប់ធនធានទាំងអស់របស់កងទ័ព និង កងឆ្មាំបដិវត្តន៍ ចេញធ្វើប្រតិបត្តិការស្វែងរក និង ជួយសង្គ្រោះ។ ស្របគ្នានេះដែរ ទូរទស្សន៍ជាតិអ៊ីរ៉ង់ ក៏បានបញ្ឈប់រាល់កម្មវិធីធម្មតា ដើម្បីបង្ហាញ អំពីការអធិស្ឋាន សម្រាប់លោកប្រធានាធិបតី រ៉ៃស៊ី នៅទូទាំងប្រទេស។
ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋអ៊ីរ៉ង់ បានដកស្រង់សម្តីរបស់មេបញ្ជាការកងទ័ពប្រចាំតំបន់ ថា «យើងកំពុងស្វែងរកយ៉ាងខ្លាំង នៅទូទាំងតំបន់ នៃការធ្លាក់យន្តហោះ ខណៈតំបន់នេះ មានអាកាសធាតុត្រជាក់ខ្លាំង ហើយមានភ្លៀង និង អ័ព្ទធ្លាក់ខ្លាំង។
  ស្របគ្នានេះដែរ បណ្ដាប្រទេសជិតខាងជាប់ជាមួយនឹងអ៊ីរ៉ង់ បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង និង ផ្តល់ជំនួយ នៅក្នុងការជួយសង្គ្រោះណាមួយ សម្រាប់កិច្ចខិតខំប្រឹងប្រែងនេះ
សេតវិមាន បានបញ្ជាក់ ថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បានទទួលព័ត៌មានសង្ខេប អំពីរបាយការណ៍ នៃការធ្លាក់យន្តហោះនេះ។ រីឯតួកគី បានអះអាង ថា ខ្លួនបានប្រគល់យន្តហោះគ្មានមនុស្សបើក ឬ ដ្រូន, ឧទ្ធម្ភាគចក្រ យានជំនិះ និង ក្រុមជួយសង្គ្រោះ បន្ទាប់ពីមានការស្នើសុំពីអាជ្ញាធរអ៊ីរ៉ង់។ ចំណែកសហភាពអឺរ៉ុប ក៏បានផ្តល់បច្ចេកវិទ្យាផែនទីផ្កាយរណបសង្គ្រោះបន្ទាន់ផងដែរ៕