2024-05-20 18:54
247

ខេត្តកណ្ដាល៖ បុរសកំណាចម្នាក់ បានមួម៉ៅក្ដៅក្រហាយនឹងស្រ្ដីម្នាក់ មកទារលុយថ្លៃកម្លាំងពលកម្មរបស់ប្ដីគាត់ ហើយទាញទូរស័ព្ទមករកឡាយ ក៏ស្ទុះទៅទាញកាំបិតផ្គាក់ កាប់ប្រហារ មកលើជនរងគ្រោះ បណ្ដាលឲ្យបាត់បង់ជីវិតមួយរំពេច រួចហើយបានគេចខ្លួនបាត់ កាលពីវេលាម៉ោង៥ និង ៣៥នាទីល្ងាច ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤  នៅមុខផ្ទះរបស់ជនសង័្សយ ស្ថិតក្នុងភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។
   ប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹង ថា នៅមុនពេលកើតមានអំពើហិង្សា រហូតក្លាយជាអំពើឃាតកម្មនោះ ស្រ្ដីរងគ្រោះ បានធ្វើដំណើរទៅផ្ទះរបស់ជនសង្ស័យ ហើយទារលុយចំនួន៣៦ម៉ឺនរៀល ពីជនសង័្សយ ដែលជាថ្លៃកម្លាំងពលកម្មរបស់ប្ដីគាត់ បានធ្វើការជាជាងដែក ជាមួយនឹងជននេះ។ ប៉ុន្ដែនៅពេលនោះ ជនសង័្សយ បានឆ្លើយ ថា មិនទាន់មានលុយទេ ចាំបើកប្រាក់ខែសិន។ បន្ទាប់មក ពួកគេក៏មានការទាក់ពាក្យសម្តីគ្នា ទើបជនរងគ្រោះយកទូរស័ព្ទមករកឡាយ ស្រាប់តែជនសង័្សយ បានស្ទុះទៅទាញកាំបិតផ្គាក់ ទាំងកម្រោលបួនជ្រុង កាប់ប្រហារមកលើជនរងគ្រោះ ត្រូវចំសៀតផ្កា បណ្តាលឱ្យបាត់បង់ជីវិតមួយរំពេច ហើយភ្លាមៗនោះ គេបានជិះម៉ូតូគុបជ្រុងគេច ខ្លួនចេញពីផ្ទះបាត់។
មន្ត្រីនគរបាលស្រុកស្អាង បានឱ្យដឹងថា ជនសង័្សយ ឈ្មោះ ឡុង ឈាវ អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក រស់នៅភូមិ-ឃុំកើតហេតុ។ រីឯវត្ថុតាងដែលសមត្ថកិ្ចចរកឃើញ គឺមានកាំបិតផ្គាក់ ចំនួន១ដើម មានផ្លែដែក ដងឈើ មានប្រវែង៦៦សង់ទីម៉ែត្រ។ ចំណែកស្រ្ដីរងគ្រោះ ឈ្មោះ ហាន មី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។
  ក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលត្រើយស្លា កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋានគរបាលស្រុក ក៏បានចុះទៅពិនិត្យ និង ធ្វើកោសល្យវិច័យ ហើយស្រាវជ្រាវតាមចាប់ខ្លួនជនសង័្សយ នាំមកចាត់ការតាមច្បាប់៕