2024-05-20 19:08
280

រដ្ឋធានីហាណូយ៖ បើទោះជាប្រទេសវៀតណាម ប្រកាន់គោលនយោបាយកុម្មុយនិស្ដ ក៏ពិតមែន ប៉ុន្ដែមួយរយៈពេលចុងក្រោយនេះ ប្រទេសអាស៊ានមួយនេះ បានផ្លាស់ប្ដូរដំណើរប្រធានាធិបតីជាបន្ដបន្ទាប់ជាច្រើនលើកច្រើនសារួចមកហើយ ឥឡូវ វៀតណាម បានរកឃើញប្រធានាធិបតីថ្មី និង ប្រធានសភាថ្មីរបស់ខ្លួន ដោយតែងតែរដ្ឋមន្រ្ដីក្រសួងប៉ូលិស នឹងចូលមកកាន់តំណែងកំពូលមួយនេះ។
ទីភ្នាក់ងារសារព័ត៌មានរបស់បារាំង AFP បានរាយការណ៍ ថា ប្រព័ន្ធផ្សព្វផ្សាយ គ្រប់គ្រងដោយរដ្ឋវៀតណាម បានរាយការណ៍ កាលពីថ្ងៃសៅរ៍ ទី១៨ ឧសភា ថា បក្សកុម្មុយនិស្តវៀតណាម បានតែងតាំង   លោក តូ ឡាម (To Lam) រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ ជាប្រធានាធិបតីថ្មីរបស់ប្រទេសអាស៊ានមួយនេះ បន្ទាប់ពីអ្នកកាន់តំណែងមុនរបស់គាត់ បានលាលែងពីតំណែង ដែលជាផ្នែកមួយ នៃការបោសសម្អាតប្រឆាំងនឹងអំពើពុករលួយយ៉ាងទូលំទូលាយ នៅក្នុងប្រទេសវៀតណាម។
មនុស្សរាប់ពាន់នាក់ រួមទាំងមន្ត្រីកំពូលៗ និង អ្នកដឹកនាំធុរកិច្ចជាន់ខ្ពស់ផងដែរ បានជាប់ពាក់ព័ន្ធ នៅក្នុងការបង្រ្កាបដ៏ខ្លាំងក្លា នៅប្រទេសវៀតណាម ជុំវិញការប្រព្រឹត្ដអំពើពុករលួយ ក្រោមការដឹកនាំរបស់អគ្គលេខាបក្សកុម្មុយនិស្ត លោក ង្វៀន ហ៊្វូទ្រុង (Nguyen Phu Trong)។
ទីភ្នាក់ងារសារព័ត៌មានវៀតណាម បានរាយការណ៍ ថា គណៈកម្មាធិការកណ្តាលរបស់គណបក្ស បានយល់ព្រមលើការតែងតាំងសមមិត្ត តូ ឡាម សមាជិកការិយាល័យនយោបាយ និង ជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ ឱ្យជាប់ឆ្នោត ជាប្រធានាធិបតីថ្មីរបស់វៀតណាម។

   លោក ឡាម វ័យ៦៦ឆ្នាំ បានកាន់តំណែង ជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ ចាប់តាំងពីឆ្នាំ២០១៦ រហូតមក ហើយគាត់បានប្រកាន់ជំហរយ៉ាងរឹងប៉ឹង លើចលនាសិទ្ធិមនុស្ស នៅក្នុងប្រទេសកុម្មុយនិស្តមួយនេះ។ រីឯការតែងតាំងលោក ឡាម បានកើតឡើង បន្ទាប់ពីលោកប្រធានាធិបតី វ៉ូ វ៉ាន់ធួង (Vo Van Thuong) បានលាលែងពីតំណែង កាលពីខែមីនា ឆ្នាំ២០២៤ ក្រោយពេលគាត់បានកាន់តំណែងកំពូលមួយនេះ ត្រឹមតែរយៈពេលមួយឆ្នាំ ហើយបានក្លាយជាមេដឹកនាំជាន់ខ្ពស់ចុងក្រោយបង្អស់ ដែលជាប់ពាក់ព័ន្ធនឹងចលនាប្រឆាំងនឹងអំពើពុករលួយ។
ប្រព័ន្ធផ្សព្វផ្សាយ គ្រប់គ្រងដោយរដ្ឋវៀតណាម បានរាយការណ៍ ថា លោក ត្រាន ថាញ់ ម៉ាន់ (Tran Thanh Man) វ័យ៦១ឆ្នាំ ក៏ត្រូវបានតែងតាំង ជាប្រធានរដ្ឋសភាថ្មីរបស់វៀតណាមផងដែរ ហើយក្លាយជាមេដឹកនាំមួយរួម នៅក្នុងចំណោមមេដឹកនាំដ៏មានឥទ្ធិពលបំផុតទាំងបួននាក់ នៅក្នុងប្រទេសកុម្មុយនិសមួយនេះ។ លោក ត្រាន ថាញ់ ម៉ាន់ ដែលបច្ចុប្បន្នជាអនុប្រធានសភាជាតិ នឹងឡើងស្នងតំណែងរបស់លោក វួង ឌីញ ហួរ (Vuong Dinh Hue) ប្រធានសភា ដែលបានសុំចុះចេញពីតំណែង កាលពីខែមុន ដោយសារ តែការបំពាន និង មានចំណុចខ្វះខាតជាច្រើន៕