2024-05-20 19:19
273

រដ្ឋធានីប៉េកាំង៖ សហរដ្ឋអាមេរិក ជាមហាអំណាចកំពូលទាំងសេដ្ឋកិច្ច និង យោធា នៅលើពិភពលោក ហើយតែងតែដាក់ទណ្ឌកម្មទៅលើប្រទេសណាមួយ តាមអ្វីដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន មិនពេញចិត្ត ប៉ុន្ដែឥឡូវ ចិន កំពុងតែប្រើប្រាស់ស្នៀតបែបនេះ ដាក់ទៅលើក្រុមហ៊ុនរបស់អាមេរិក ចំពេលមានភាពតានតឹងជាមួយកោះតៃវ៉ាន់។
ទីភ្នាក់ងារសារព័ត៌មានរបស់អង់គ្លេស Reuters បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤ ថា រដ្ឋាភិបាលក្រុងប៉េកាំង កាលពីព្រឹក ថ្ងៃចន្ទ បានប្រកាស ថា ចិននឹងដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនឧស្សាកម្មការពារជាតិរបស់សហរដ្ឋអាមេរិក មានការជាប់ពាក់ព័ន្ធ នៅក្នុងការលក់អាវុធទៅឱ្យកោះតៃវ៉ាន់។
  ក្រសួងពាណិជ្ជកម្មចិន បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ថា រដ្ឋាភិបាលចិន ដាក់ឈ្មោះក្រុមហ៊ុនឧស្សាហកម្មការពារជាតិរបស់សហរដ្ឋអាមេរិក ចំនួន៣ ចូលទៅក្នុងបញ្ជីទណ្ឌកម្មរបស់ខ្លួន រួមមាន៖ ក្រុមហ៊ុន General Atomics Aeronautical Systems (ជេណឺរ៉ល អាតូមិក អ៊ែរ៉ូណតទីខល ស៊ីស្ដែម), ក្រុមហ៊ុន General Dynamics Land Systems និង ក្រុមហ៊ុន Boeing Defense, Space & Security ។ ក្រុមហ៊ុនទាំង៣ នឹងត្រូវហាមឃាត់មិនឱ្យចូលរួម នៅក្នុងសកម្មភាពនាំចេញ-នាំចូល ពាក់ព័ន្ធជាមួយនឹងប្រទេសចិន ហើយក៏មិនត្រូវបានអនុញ្ញាតឱ្យបោះទុនវិនិយោគថ្មីៗ នៅក្នុងប្រទេសចិន ផងដែរ។ បន្ថែមពីលើនេះ នាយកក្រុមហ៊ុនទាំងនេះ ក៏នឹងត្រូវហាមឃាត់ ចេញចូលទឹកដីរបស់ចិន។
ការប្រកាសដាក់ទណ្ឌកម្មរបស់ប្រទេសចិន ទៅលើក្រុមហ៊ុនឧស្សាហកម្មការពារជាតិអាមេរិក បានកើតឡើង ស្របពេលលោក ឡៃ ឈីង-តេ (Lai Ching-te) បានស្បថចូលកាន់តំណែងផ្លូវការ ក្លាយជាប្រធានាធិបតីថ្មីរបស់តៃវ៉ាន់ កាលពីព្រឹក ថ្ងៃចន្ទ ទី២០ ខែឧសភា។ 
 រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក នៅតែជាខ្នងបង្អែកដ៏រឹងមាំ និង ជាអ្នកផ្គត់ផ្គង់គ្រឿងសព្វាវុធដ៏សំខាន់ សម្រាប់កោះតៃវ៉ាន់។ ស្របគ្នានេះដែរ សភាអាមេរិក ក៏បានអនុម័តកញ្ចប់ជំនួយយោធាយ៉ាងធំសម្បើមមួយ ជួយដល់ក្រុងតៃប៉ិ សម្រាប់បង្កើនសមត្ថភាពដល់កងទ័ពរបស់ដែនកោះមួយនេះ ដើម្បីត្រៀមខ្លួនទប់ទល់នឹងចិន ប្រសិនបើមានជម្លោះកើតឡើង ជាយថាហេតុ។ សកម្មភាពរបស់ក្រុងវ៉ាស៊ីនតោន បានធ្វើឲ្យក្រុងប៉េកាំង ប្រតិកម្មយ៉ាងខ្លាំង ហើយបានព្រមាន អំពីការបង្កើនហានិភ័យដល់ជម្លោះ នៅតំបន់ច្រកសមុទ្រតៃវ៉ាន់ ថែមទៀតផង៕