2024-05-22 16:39
282

(ភ្នំពេញ)៖ ប្រព័ន្ធលូ និងអូរប្រឡាយនៅតាមបណ្ដោយកំណាត់ផ្លូវជាតិលេខ៥ ដែលរកឃើញថា បណ្ដាលឲ្យមានការកកស្ទះ ដោយសារដីភក់ល្បាប់មួយចំនួន ជាមួយនឹងកាកសំណល់សំរាមផ្សេងៗ នៃជំនន់ទឹកភ្លៀងនោះ ពេលនេះត្រូវបានកាយស្ដារសម្អាតឡើងវិញជាបណ្ដើរៗហើយ ដើម្បីរំដោះការជន់លិច និងកាន់តែងាយស្រួលបន្ថែមទៀត ដល់ការធ្វើដំណើរចេញចូលប្រកបរបរទទួលទានសម្រាប់បងប្អូនប្រជាពលរដ្ឋ ដោយប្រើប្រាស់គ្រឿងចក្រ និងកម្លាំងពីមន្ត្រីជំនាញពាក់ព័ន្ធ ក្រោមការបញ្ជាដឹកនាំផ្ទាល់ដោយលោក ជិន ប៊ុនធឿន អភិបាលខណ្ឌឬស្សីកែវ។
សកម្មភាពរបស់លោកអភិបាលខណ្ឌឬស្សីកែវ និងមន្ត្រីក្រោមឱវាទ ក្នុងការនាំយកគ្រឿងចក្រកាយស្ដារសម្អាតឡើងវិញ នៅតាមប្រព័ន្ធលូ និងអូរប្រឡាយមួយចំនួន ដែលកកស្ទះដោយដីភក់ល្បាប់ ជាមួយកាកសំណល់សំរាមផ្សេងៗ ដើម្បីរំដោះការលិចលង់ដោយសារជំនន់ទឹកភ្លៀង ជូនបងប្អូនប្រជាពលរដ្ឋ ងាយស្រួលធ្វើដំណើរនាពេលនេះ បានអនុវត្តឡើងយ៉ាងយកចិត្តទុកដាក់នៅតាមបណ្ដោយកំណាត់ផ្លូវជាតិលេខ៥ ដែលពាក់ព័ន្ធសង្កាត់គីឡូម៉ែត្រលេខ៦ រហូតដល់សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នាយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤។
  លោក ជិន ប៊ុនធឿន ស្ថិតក្នុងឱកាសបន្តដឹកនាំមន្ត្រីជំនាញ ក្នុងការនាំយកគ្រឿងចក្រកាយស្ដារសម្អាតឡើងវិញ នៅតាមប្រព័ន្ធលូ និងអូរប្រឡាយមួយចំនួន ដើម្បីរំដោះការជន់លិចដោយសារជំនន់ទឹកភ្លៀងនេះដែរ បានផ្ដាំផ្ញើរយ៉ាងទទូចតាមរយៈសារលើបណ្ដាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ដល់បងប្អូនប្រជាពលរដ្ឋ មេត្តាចូលរួមសហការជាប់ជានិច្ចជាមួយអាជ្ញាធរ ដើម្បីធ្វើអនាម័យសម្អាត បរិស្ថាន និងការវេចខ្ចប់ទុកដាក់រាល់កាកសំណល់សំរាមឲ្យបានត្រឹមត្រូវ ជៀសវាងការហូរចូលប្រព័ន្ធលូបង្ហូររំដោះទឹក ដែលបណ្ដាលឲ្យមានការកកស្ទះ និងជន់លិចលំនៅដ្ឋាន និងផ្លូវ ជាដើម៕