2024-05-22 17:08
312

(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោស និងការប្រកាសទោសបន្ថែមដោយហាមឃាត់ចំពោះការចូល និងការស្នាក់នៅ លើដែនដី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះជនចិន២នាក់ ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌលេខ ២២៧០ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣។
ក្រោយពីបានធ្វើកិច្ចពិភាក្សាដេញ ដោលលើជនជាប់ចោទ ភាគីពាក់ព័ន្ធ និងបានពិនិត្យភស្តុតាង អង្គហេតុ និងអង្គច្បាប់ ក្រុមប្រឹក្សាជំនុំជម្រះ បានប្រកាសជាសាធារណៈនូវសាលក្រមព្រហ្មទណ្ឌលេខ ៤៦១ ក្រ១១ «ក១» នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ដោយបានសម្រេចផ្ដន្ទាទោសលើជនជាប់ចោទចំនួន២នាក់ រួមមាន៖
*ទី១៖ ឈ្មោះ វ៉ង សៀវហ្វុង (WONG XIAO FENG) ភេទប្រុស អាយុ២៨ដាក់ពន្ធនាគារកំណត់រយៈពេល២០ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤០ ០០០ ០០០ រៀល ពីបទរក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន បទល្មើសព្រហ្មទណ្ឌដែល មានចែង និងផ្តន្ទាទោសតាមមាត្រា ៤០ កថាខណ្ឌទី៥ មាត្រា ៤៨ កថាខណ្ឌទី១ កថាខណ្ឌទី៣ និងកថាខណ្ឌទី៦ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន។
*ទី២៖ ឈ្មោះ ហឺ ចឹងហាវ (HE JIANG HAO) ភេទប្រុស អាយុ២៣ឆ្នាំ ដាក់ពន្ធនាគារកំណត់រយៈពេល ២០ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤០ ០០០ ០០០ រៀល ពីបទ សមគំនិតក្នុងអំពើ រក្សាទុក និងជួញដូរដោយ ខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចក្បែរស្តុបចំការមន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមមាត ៤០ កថាខណ្ឌទី៥ មាត្រា ៤៨ កថាខណ្ឌទី១ កថាខណ្ឌទី៣ និងកថាខណ្ឌទី៦ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា ២៩ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។
ចំពោះវត្ថុចាប់យកប្រភេទគ្រឿងញៀន និងសម្ភារពាក់ព័ន្ធនឹងបទល្មើស ត្រូវបានសម្រេចរឹបអូស។ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញសូមបញ្ជាក់ជូនផងដែរថា ក្រុមប្រឹក្សាជំនុំជម្រះ ក៏បានប្រកាសទោស បន្ថែមលើជនជាប់ចោទទាំង២នាក់ ដោយហាមឃាត់ចំពោះការចូល និងការស្នាក់នៅលើដែនដី នៃព្រះរាជាណាចក្រកម្ពុជាជាស្ថាពរ បន្ទាប់ពីបាន អនុវត្តទោសចប់ក្នុងពន្ឋនាគារ៕