ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ខណៈតាមបណ្ដារាជធានី ខេត្តអាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់។
ក្រសួង បានបញ្ជាក់ថា សម្ពាធទាបគ្របដណ្តប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាល នៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤៖
១-តំបន់វាលទំនាប៖
-សីតុណ្ហភាពអប្បបរមា២៤°C និងសីតុណ្ហភាពអតិបរមា៣៦°C។ ខ្យល់បក់មកពីទិស ទក្សិណ និងទិសនិរតី មានល្បឿនមធ្យម ២ម៉ែត្រ វិនាទី។ ខេត្តបន្ទាយមានជ័យ សៀមរាប ប៉ៃលិន បាត់ដំបង ពោធិ៍សាត់ កំពង់ធំ និងស្វាយរៀងអាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដីពី១០-៣០%។
២-តំបន់ខ្ពង់រាប៖
-សីតុណ្ហភាពអប្បបរមា២៤°C និងសីតុណ្ហភាពអតិបរមា៣៥°C។ ខ្យល់បក់មកពីទិសបូព៌ និង អាគ្នេយ៍មានល្បឿនមធ្យម ២,៥ម៉ែត្រ វិនាទី។ ខេត្តកំពង់ចាម ត្បូងឃ្មុំ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់ លើផ្ទៃដីពី១០%-៣០%។
៣-តំបន់មាត់សមុទ្រ៖
-សីតុណ្ហភាពអប្បបរមា២៤°C និងសីតុណ្ហភាពអតិបរមា៣៤°C ។ ខ្យល់បក់មកពីទិសបូព៌ និងទិសទក្សិណមានល្បឿន មធ្យម២,៥ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប អាចមានភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីពី១០%-២០%។
-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ៕