2024-05-25 18:18
267

កំពង់ស្ពឺ៖ សមជិកក្រុមប្រឹក្សាឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ជាអង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាស្រុក មកពីគណបក្សភ្លើងទៀន ត្រូវបានចាប់ខ្លួពាក់ព័ន្ធករណីអំពើហិង្សាវ៉ាយតប់គ្នា ខណៈពេលផឹកស៊ីជុំគ្នា។

ការចាប់ខ្លួនអង្គបោះឆ្នោតគណបក្សភ្លើងទៀនខាងលើ ធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤នេះ បន្ទាប់ពីបង្កហិង្សាបណ្តាលឲ្យជនរងគ្រោះរងរបួសក្នុងពេលផឹកស៊ីជាមួយគ្នារហូតដល់ស្រវឹងមានទំនាស់ពាក្យសម្តីឈានដល់ការវាយតប់គ្នាតែម្តង។

តួអង្គបោះឆ្នោតដែលជាប់ចោទត្រូវឃាត់ខ្លួន មានឈ្មោះ ឈូក ង៉ែត ភេទប្រុស អាយុ ៤៣ឆ្នាំ រស់នៅភូមិសង្រ្គាមបូរ ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ និងបក្ខពួកម្នាក់ទៀត មានឈ្មោះ យ៉ុង ផាត ភេទប្រុស អាយុ ៤៣ឆ្នាំ រស់នៅភូមិតាម៉ឺន ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

ចំណែកជនរងគ្រោះក្នុងអំពើហិង្សាមានឈ្មោះ ដាង គ្រុយ ភេទប្រុស អាយុ ៤៦ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ រងរបួសត្រង់ត្រចៀក, បបូរមាត់ និងក្បាលជង្គង់។

តាមការបំភ្លឺពីសាក្សី បានឲ្យដឹងថា នៅយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ សមាជិកក្រុមប្រឹក្សាគណបក្សភ្លើងទៀន និងបក្ខពួកបានជួបជុំគ្នាផឹកស៊ីជាមួយជនរងគ្រោះ លុះរហូតដល់ស្រវឹងកើតមានទំនាស់ពាក្យសម្តី រួចព្រួតគ្នាវាយលើជនរងគ្រោះតែម្តង។ ក្រោយកើតហេតុកម្លាំងជំនាញព្រហ្មទណ្ឌស្រុក និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលអំពិល ចុះទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវ និងកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី។

លុះនៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ កម្លាំងជំនាញសហការជាប៉ុស្តិ៍ទួលអំពិល បន្តស្រាវជ្រាវ រហូតឈាន់ដល់ឃាត់ខ្លួនជនបង្កហិង្សាសាខាងលើយកមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ។

ជនសង្ស័យមានឈ្មោះ ឈូក ង៉ែត ជាសមាជិកក្រុមប្រឹក្សាឃុំទួលអំពិល ជាអង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ស្រុក ក្រុង នៅព្រឹកស្អែកនេះ បានឆ្លើយសារភាពថា៖ «ខ្លួន និងបក្ខពួកម្នាក់ទៀត មានឈ្មោះ យ៉ុង ផាត ពិតជាបានធ្វើសកម្មភាពត្រួតគ្នាវាយទៅលើជនរងគ្រោះឈ្មោះ ដាង គ្រុយ ប្រាកដមែនមូលហេតុផឹកស៊ីទាស់ពាក្យសម្តីគ្នា»

ចប្ចុប្បន្នសមត្ថកិច្ចកំពុងរៀបចំកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕