2024-05-25 18:29
211

ពោធិ៍សាត់៖ ប្រធានក្រុមព្រឹក្សាខេត្ត និង លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត បានរៀបចំថ្វាយទាន ធូប និងគ្រឿងរន្តាប់បូជាជូនលោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ព្រមទាំងព្រះអង្គចៅសែន ទៅតាមគន្លងព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ក្នុងគោលបំណងបន់ស្រន់សុំសេចក្តីសុខ សេចក្តីចម្រើន ជូនដល់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ ពិសេសសូមឱ្យដំណើរការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក នាថ្ងៃទី២៦ឧសភា ស្អែកនេះ ដើម្បីឱ្យដំណើរការប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យជាដរាប។

ពិធីនេះត្រូវបានធ្វើឡើងនៅលើទីតាំង៣កន្លែង  រួមមាន៖ ទី១- នៅបូជនីយដ្ឋានលោកឧកញ៉ា ឃ្លាំងមឿង, ទី២- នៅលើបូរីវប្បធម៌កោះសំពៅមាស និងទី៣- នៅបរិវេណក្នុងសាលាខេត្ត doyមានការចូលរួមពីលោក លោកស្រី ជាបេក្ខជនក្រុមប្រឹក្សាខេត្តពេញសិទ្ធិ អភិបាលរងខេត្ត ក្រុមការងារចុះជួយសង្កាត់ ក្នុងក្រុងពោធិ៍សាត់ បេក្ខជនក្រុមប្រឹក្សាក្រុង និងមន្ត្រីអ្នកមុខអ្នកការជាច្រើនទៀត។

ក្នុងឱកាសនោះ លោក ម៉ក រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ក៏បានបួងសួងសុំឱ្យបារមីលោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ព្រមទាំងបារមីព្រះអង្គចៅសែន ដែលស្ថិតនៅលើបូរីវប្បធម៌កោះសំពៅមាស និងនៅបរិវេណសាលាខេត្តពោធិ៍សាត់  សូមតាមជួយថែរក្សាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ក៍ដូចទូទាំងប្រទេស ជាពិសេសឱ្យដំណើរនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង/ស្រុក នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤នេះ បានប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យជូនបក្ស និងជាតិ។ 

ម្យ៉ាងវិញទៀត សូមបារមីរក្សាការពារ ក្នុងទឹកដីនៃខេត្តពោធិ៍សាត់ទាំងអស់ សូមតាមជួយថែរក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងថ្នាក់ដឹកនាំទាំងអស់ក្នុងប្រទេសកម្ពុជា ទទួលបានជោគជ័យតទៅមុខជានិច្ចនិរន្តន៍៕ លាន គ្រន