ភ្នំពេញ៖ យោងតាមលទ្ធផលបឋមក្រៅផ្លូវការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង និង ក្រុមប្រឹក្សាស្រុក នៅខេត្តព្រះសីហនុ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា បានឈ្នះចំនួនអាសនៈដាច់ គ្រប់ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ របស់ខ្លួនទាំងស្រុង ជាមួយការកើនឡើងសំឡេងគាំទ្រផងដែរ។
យោងតាមរបាយការណ៍ បានគូសបញ្ជាក់ថា៖ សម្រាប់ក្រុមប្រឹក្សាខេត្ត គណបក្សប្រជាជនទទួលបាន ១៧១សំលេង (កើន១០សំលេង) អាសនៈ ១៩/១៩ គណបក្សឆន្ទៈខ្មែរទទួលបាន ០៦សំលេង អាសនៈ ០/១៩។ ចំណែកក្រុមប្រឹក្សាក្រុង ស្រុក រកឃើញថា ក្រុងព្រះសីហនុ គណបក្សប្រជាជនទទួលបាន ៤០សំលេង អាសនៈ ១៩/១៩ គណបក្សឆន្ទៈខ្មែរទទួលបាន ០២ សំលេង អាសនៈ០/១៩។
ចំណែក ស្រុកព្រៃនប់ គណបក្សប្រជាជនទទួលបាន ៧៩សំលេង អាសនៈ ១៩/១៩, គណបក្សកម្លាំងជាតិទទួលបាន ០៣សំលេង អាសនៈ០០/១៩ មិនបានការ ០១សំលេង។ ស្រុកស្ទឹងហាវ គណបក្សប្រជាជន ទទួលបាន ២២សំលេង អាសនៈ ១១/១១។ ស្រុកកំពង់សីលា គណបក្សប្រជាជន ទទួលបាន ២០សំលេង អាសនៈ ១១/១១។ ក្រុងកោះរ៉ុង គណបក្សប្រជាជនទទួលបាន ១០សំលេង អាសនៈ ១១/១១។
សូមបញ្ជាក់ថា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤នេះ កម្ពុជារៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ដោយមានគណបក្សនយោបាយ ចំនួន ០៥ បានចូលរួមការបោះឆ្នោតនេះ៕