(សេអ៊ូល)៖ រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Shin Won-sik បាននិយាយនៅថ្ងៃសៅរ៍ ទី១ ខែមិថុនានេះថា មានភស្តុតាងកាន់តែច្រើនបានបង្ហាញថាអាវុធមួយចំនួនដែល រុស្ស៉ីបានប្រើនៅក្នុងសង្រ្គាមអ៊ុយក្រែន គឺត្រូវបាននាំចូលដោយខុសច្បាប់ពីកូរ៉េខាងជើង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០២៥។
លោក Shin Won-sik បានគូសបញ្ជាក់ដូច្នេះថា «កិច្ចសហប្រតិបត្តិការយោធារវាងរុស្ស៉ី និងកូរ៉េខាងជើង បាន និងកំពុងបង្កើនភាពតានតឹងនៅលើតំបន់ឧបទ្វីបកូរ៉េ និងប៉ះពាល់ ផងដែរដល់សមរភូមិសង្រ្គាមនៅអឺរ៉ុប»។ លោកថាប្រសិនបើកូរ៉េខាងជើង នៅតែបន្តទទួលបានការផ្ទេរបច្ចេកវិទ្យាយោធាពីរុស្ស៉ីជារង្វាន់មកវិញ នោះវានឹងជួយឱ្យសមត្ថភាព យោធារបស់កូរ៉េខាងជើង ល្អប្រសើរឡើង ហើយនេះគឺជាហានិភ័យបន្ទាន់មួយ។ បន្ថែមពីលើនេះ លោកប្រមុខការពារជាតិកូរ៉េខាងត្បូង ក៏បានអំពាវនាវផងដែរឱ្យចិនដើរតួនាទី ឱ្យកាន់តែសកម្ម ស្ដីពីការរំសាយអាវុធនុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ។សហរដ្ឋអាមេរិក កាលពីខែកុម្ភៈកន្លងទៅ ក៏បានអះអាងដែរថាកូរ៉េខាងជើង បានដឹកជញ្ជូនអាវុធ និងបរិក្ខារពាក់ព័ន្ធជាង ១០ ០០០កុងតឺន័រទៅឱ្យរុស្ស៉ី ចាប់តាំងពីខែកញ្ញា ឆ្នាំមុនមក។ ប៉ុន្តែទាំងទីក្រុងមូស្គូ និងព្យុងយ៉ាងបានច្រានចោលការចោទប្រកាន់ទាំងនេះ។
គួរបញ្ជាក់ថា លោក Shin Won-sik ធ្វើការសម្គាល់ខាងលើ អំឡុងថ្លែងសុន្ទរកថាទៅកាន់វេទិកា Shangri-La Dialogue ជាវេទិកាសន្តិសុខធំបំផុតមួយក្នុងតំបន់អាស៊ី ដែលកំពុង ប្រព្រឹត្តទៅក្នុងប្រទេសសិង្ហបុរី ហើយនឹងបិទបញ្ចប់នៅថ្ងៃទី២ ខែមិថុនា៕