2024-06-24 08:06
128

ខេត្តពោធិ៍សាត់: បន្ទាប់ពីលោកអភិបាលខេត្តពោធិ៍សាត់ ទទួលការស្នើសុំពីប្រជាកសិករជួយអន្តរាគមន៍បើកទ្វារទឹកធ្វើស្រែក្នុងដើមរដូវវស្សារូច។ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ លោកអភិបាលខេត្តបានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធចុះផ្ទាល់ទៅពិនិត្យ ផ្នែកប្រព័ន្ធទឹក និងប្រជាកសិករកំពុងធ្វើស្រែនាដើមរដូវវស្សាចំនួន ៣ ឃុំ ក្នុងស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ដោយស្នាមញញឹមនិងយកចិត្តទុកដាក់ខ្ពស់បំផុត។

លោក ខូយ រីដា បានលើកឡើងថា: ការបង្កបង្កើនផលស្រូវដើមរដូវវស្សាឆ្នាំនេះរបស់បងប្អូនប្រជាកសិករ ខេត្តបាន អន្តរាគមន៍បើកទឹកពីទំនប់ទី៥ ដើម្បីជួយសង្គ្រោះស្រូវ និងឲ្យប្រជាកសិករ ដែលកំពុងជួបកង្វះខាតទឹក ខណៈដែរភ្លៀងធ្លាក់មិនគ្រប់គ្រាន់ នៅតំបន់មួយចំនួនដូចជា ក្នុងឃុំស្យា ឃុំអន្លង់វិល និងឃុំកណ្តៀង ក្នុងស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ 

លោកអភិបាលខេត្តក៍បានប្រាប់ទៅប្រជាកសិករថា:  ការធ្វើស្រែគឺតម្រូវការស្រូវពូជ និង ទឹក បើមានស្រូវពូជ តែកង្វះទឹក ឬ ក៍មានទឹកតែកង្វះស្រូវពូជ ក៍យើងមិនអាចដំណើរការទៅបានដែរ នេះជាគោលនយោបាយមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក៍ដូចជាការអនុវត្តន៍នូវតួនាទីភារកិច្ចនៅរដ្ឋបាល ថ្នាក់ក្រោមជាតិ ក្នុងនាមជាអ្នកបម្រើប្រជាពលរដ្ឋ មិនត្រូវសង្ហំស្ងៀម នៅពេលដែលប្រជាពលរដ្ឋ ជួបនូវបញ្ហានោះឡើយ។ ជាក់ស្តែងដូចជាករណីប្រជាពលរដ្ឋ ធ្វើស្រែនៅស្រុកកណ្ដៀងចំនួនបីឃុំជាដើម គឺបងប្អូនប្រជាកសិករ បានសុំអាជ្ញាធរខេត្តក៍ដូចជាមន្ទីរពាក់ព័ន្ធជួយអន្តរាគមន៍ ទឹកធ្វើស្រែដំណាំស្រូវក្នុងដើមរដូវវស្សាដែលខ្វះទឹក ដូចនេះក្នុងនាមអាជ្ញាធរខេត្ត បើបងប្អូនជួបការលំបាកហើយ គឺត្រូវតែចុះមកផ្ទាល់ដើម្បីពិនិត្យជាក់ស្តែង និងដោះស្រាយជូនពួកគាត់ឲ្យទាន់ពេល។

ជាមួយនឹងស្នាមញញឹមបិទមាត់មិនជិតនៃភាពរីករាយ កក់ក្ដៅជាទីបំផុតរបស់ប្រជាពលរដ្ឋ ក្នុងការបង្កបង្កេីនផលដំណាំស្រូវរបស់ប្រជាកសិករចំនួន៣ឃុំក្នុងស្រុកកណ្ដៀងក្រោយពេល ទទួលបានការអន្តរាគមន៍ផ្តល់ទឹកពីលោកអភិបាលខេត្ត គឺជាកម្លាំងចិត្តដ៏ធំមហិមារសម្រាប់លោកអភិបាលខេត្តមន្ទីរជំនាញពាក់ព័ន្ធ និងបន្តដោះស្រាយជូនពលរដ្ឋដែលរងគ្រោះគ្រប់ឃុំសង្កាត់ក្រុងស្រុកទាំងអស់ក្នុងខេត្តពោធិ៍សាត់៕ លាន គ្រន