2024-06-24 13:18
157

ព្រះសីហនុ៖ ប្រជានេសាទនៅលើទូកនេសាទមួយគ្រឿង ដែលលិចក្នុងលំហសមុទ្រ ចំនួន ០៦នាក់ ត្រូវបាននគរបាលការពារព្រំដែនទឹកវរៈ ២៤០ ប៉ុស្តិ៍កោះថ្មី ជួយសង្គ្រោះមកកាន់ទីសុវត្ថិភាព ក្រោមបទបញ្ជាពីឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក។

នគរបាលការពារព្រំដែនទឹក បានឲ្យដឹងថា នៅថ្ងៃទី២៤ ខែមិថុនា  ឆ្នាំ២០២៤ មានករណីទូកនេសាទ ០១គ្រឿង ប្រភេទ ទូកមងអូសក្តាម ពណ៌ ត្រួយចេក ប្រវែងបណ្តោយ ១៧ម៉ែត្រ ប្រវែងទទឹង ៣ម៉ែត្រ បានលិចដោយសារជួបខ្យល់រលកសមុទ្របក់បោកខ្លាំង នៅចំណុចជិត កោះថ្មី ។ 

តាមរបាយការណ៍ បានឲ្យដឹងថា នៅលើទូកនេសាទនោ មានមនុស្ស ចំនួន ០៤នាក់ ដែលមានម្ចាម្ចាស់ទូកឈ្មោះ សុខ យឿន ភេទ ប្រុស អាយុ ៤៧ឆ្នាំ មានទីនៅ ភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងកម្មករ ចំនួន ០៣នាក់ទៀត រួមមាន៖ ១- ឈ្មោះ ហុិច វាសនា ភេទ ប្រុស អាយុ ២៧ឆ្នាំ ទីនៅបច្ចុប្បន្ន ភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ, ទី២- ឈ្មោះ ហុិច ហាច ភេទ ប្រុស អាយុ ២២ឆ្នាំ ទីនៅភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និង ទី ៣- ឈ្មោះ  យ៉ួង គៀរ ភេទ ប្រុស អាយុ ៣០ឆ្នាំ ទីនៅភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សម្ភារៈនៅលើទូករួមមាន៖ ទូរសព្ទ ចំនួន ០៥គ្រឿង, ផែនទី ចំនួន១, តេអូរ ចំនួន ០១គ្រឿង, មងបង្គារ ចំនួន  ១២៣ដៃ, មងក្តាមចំនួន ១២៥ដៃ, មងបង្កង ១១០ដៃ។

 នគរបាលបានបញ្ជាក់ថា មនុស្ស ចំនួន ០៤នាក់ នៅលើទូកដែលបានលិចត្រូវបានជួយសង្គ្រោះទាំងស្រុងដោយកម្លាំងនគរបាលការពារព្រំដែនទឹកវរៈលេខ ២៤០ ប៉ុស្តិ៍កោះថ្មី ក្រោមបទបញ្ជាពីឧត្តមសេនីយ៍ឯកទូច ពលៈ ប្រធាននាយកដ្ឋាន នគរបាលការពារព្រំដែនទឹក និងសហការជួយស្រង់ពីទូកប្រជានេសាទនៅជិតកន្លែងកើតហេតុ ។ 

សូមបញ្ជាក់ថា ទូក និងសម្ភារៈនៅលើទូកបានលិចចូលទៅក្នុងសមុទ្រ សមត្ថកិច្ច និងក្រុមសង្គ្រោះ បន្តជួយស្រង់យកមកដីគោកវិញតាមជាក់ស្តែង៕