2024-06-24 20:28
316

មន្ទីររៀបចំដែនដីផ្សព្វផ្សាយប្រកាសកំណត់តំបន់វិនិច្ឆ័យការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រពន្ធ័នៅភូមិចំនួន៤ ក្នុងឃុំទីងចាក់ ស្រុកបរកែវ ភូមិចំនួន៤ក្នុងឃុំទីងចាក់ស្រុកបរកែវរួមមាន៖ភូមិលូត ភូមិកប ភូមិទូស និងភូមិប៉ាណល ឃុំទីងចាក់ ស្រុកបរកែវត្រូវបានផ្សព្វផ្សាយសេចក្តីប្រកាស កំណត់ តំបន់ វិនិច្ឆ័យ សម្រាប់ ការចុះបញ្ជី ដីធ្លី មានលក្ខណៈប្រព័ន្ធដែលរៀបចំឡើងដោយមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តរតនគិរី នាព្រឹកថ្ងៃទី២៤ខែ មិថុនា ឆ្នាំ២០២៤ក្រោមអធិបតីភាព ឯកឧត្តម ខ័ណ្ឌ ចំណាន អភិបាលរងខេត្តរតនគិរី។ 
   លោក លី ឧសភា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបានស្នើដល់ ប្រជាពលរដ្ឋទាំងប៤ខាងលើសូមបោះបង្គោលព្រំដីអោយបានច្បាស់លាស់ និងត្រៀមឯកសារពាក់ព័ន្ធរួមមាន សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងឯកសារពាក់ព័ន្ធផ្សេងៗដើម្បីងាយស្រួលដល់ក្រុមការងារចុះវាស់វែងបានឆាប់រហ័សក្នុងការចេញប័ណ្ណកម្មសិទ្ធជូនបងប្អូនអោយបានឆាប់រហ័ស ។ លោក លី ឧសភា បានបញ្ជាក់ថា កិច្ចប្រជុំនេះ គឺ ដើម្បី ផ្សព្វផ្សាយ ជាសាធារណៈ នូវដំណើរការ ចុះបញ្ជីដីធ្លីមាន លក្ខណៈ ជាប្រព័ន្ធ រួមមាន ការកំណត់ ព្រំដី ការវាស់វែង និង ការវិនិច្ឆ័យ ដែល អនុវត្តផ្ទាល់ ដោយ មន្ត្រី ជំនាញ នៃមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត សហការជាមួយអាជ្ញាធរដែនដី និងមន្ទីរអង្គភាព គ្រប់គ្រងដីរដ្ឋដែលពាក់ព័ន្ធ ហើយការចុះបញ្ជី ដីធ្លីនេះគឺ ត្រូវចុះបញ្ជី ទាំងដីឯកជន ទាំងដីរដ្ឋ ដែល អនុវត្ត ទៅតាមនីតិវិធី និងបច្ចេកវិទ្យាទំនើប មានតម្លាភាព និង ការទទួលខុសត្រូវ ហើយ មានប្រសិទ្ធិភាពលើការ
គ្រប់គ្រងដីធ្លី។នេះគឺជាប្រការ សមស្របបំផុត ដែលបានកំណត់ នៅក្នុងគោលនយោបាយដីធ្លីរបស់ រាជរដ្ឋាភិបាល ដើម្បី កាត់បន្ថយភាពក្រីក្រ និងទំនាស់ដីធ្លីនៅក្នុងសង្គម។

   ថ្លែងក្នុងឱកាសនេះ ឯកឧត្តម ខ័ណ្ឌ ចំណានអភិបាលរងខេត្ត បានមានប្រសាសន៍ថា ៖កិច្ចប្រជុំផ្សព្វផ្សាយនៅថ្ងៃនេះ គឺជាយន្តការរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរ ធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ហើយការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ គឺដើម្បីធានានូវសិទ្ធិធ្វើជាម្ចាស់កាន់កាប់ និងជាឯកសារសំអាងរឹងមាំមួយសម្រាប់ម្ចាស់ដីដែលបង្ហាញពីការកាន់កាប់ស្របតាមច្បាប់យ៉ាងពិតប្រាកដពិសេស ទៀតនោះការចុះបញ្ជីដីធ្លីនេះបានធ្វើឱ្យ បញ្ហាទំនាស់ដីធ្លីត្រូវបានកាត់បន្ថយជាបន្តបន្ទាប់។ ឯកឧត្តមអភិបាលរងខេត្ត បានជំរុញដល់ក្រុមការងារឱ្យបង្កើនសកម្មភាពរបស់ខ្លួនថែមទៀត ក្នុងការចុះវាស់វែងដីធ្លីនៅក្នុងតំបន់គោលដៅឱ្យបានលឿនដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះឯកឧត្តមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំង៤ភូមិ ចូលរួមសហការឱ្យបានល្អក្នុងឱកាសចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជាមួយអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរ ភូមិ ឃុំ គ្រប់លំដាប់ថ្នាក់ ដើម្បីសម្រួលការងារ និងដំណើរការដោយរលូន៕