2024-09-22 14:20
97

ស្វាយរៀង៖ កម្លាំងសមត្ថកិច្ចជំនាញបានបើកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់ រក្សាទុក អាវុធគ្រាប់រំសេវដោយគ្មានការអនុញ្ញាត នៅក្រុងបាវិត ខេត្តស្វាយរៀង ដោយឃាត់ខ្លួនជនជាតិវៀតណាម ប្រុស-ស្រី ចំនួន ០២នាក់។

ប្រតិបត្តិការនេះ អនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្តស្វាយរៀង និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលផ្ទាល់ពីលោក ឈីវ អ៊ិចគង់ ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងខេត្តស្វាយរៀង។

ការបង្ក្រាបករណីជនជាតិវៀតណាមខាងលើ ធ្វើឡើងកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅនេះ កម្លាំងជំ​នាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានបើកប្រតិបត្តិការបង្ក្រាបករណី ជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់ រក្សាទុក អាវុធគ្រាប់រំសេវដោយគ្មានការអនុញ្ញាត នៅចំណុចផ្ទះជួល បុរីផ្សាតាពៅ ស្ថិតក្នុងភូមិបាវិតតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ក្នុងកិច្ចប្រតិបត្តិការនោះ ជាលទ្ធផល ឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាម ចំនួន ០២នាក់ ស្រី០១នាក់, ដកហូត និងចាប់យកសម្ភារ:វត្ថុតាងដែលពាក់ព័ន្ធក្នុងបទល្មើស រួមមាន៖ ថ្នាំញៀន ប្រភេទ ហេរ៉ូអ៊ីន ទម្ងន់ ៥២​៨​.៥៥ក្រាម, ថ្នាំញៀន ប្រភេទ កេតាមីន ទម្ងន់ ២៧.៦៥ ក្រាម, ថ្នាំញៀន ប្រភេទអ៊ិចស្តាស៊ី ទម្ងន់ ០.២០ ក្រាម, ថ្នាំញៀន ប្រភេទ មេតំហ្វេតាមីន ទម្ងន់ ១៥៩.៨៨ ក្រាម (សរុបសារធាតុញៀនទម្ងន់ ៧១៦.២៨ ក្រាម), ជញ្ជីងថ្លឹងថ្នាំញៀន ០១គ្រឿង, អាវុធខ្លី ០១ដើម ម៉ាក ROLO មានគ្រាប់ ចំនួន ០៥គ្រាប់, ទូរសព្ទដៃ ចំនួន ០៣ គ្រឿង, អត្តសញ្ញាណបណ្ណវៀតណាម ចំនួន ០២ សន្លឹក, ម៉ូតូ ០១ គ្រឿង, លិខិតឆ្លងដែន ០១ ក្បាល, កុំព្យូទ័រ ០១ គ្រឿង ព្រមទាំង ឧបករណ៍សម្ភារះប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់៕