2024-09-24 10:29
113

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី២ នៃខែកញ្ញា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅកិច្ចការបន្ត។ ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានរំលឹកដល់ថ្នាក់ដឹកនាំទាំងអស់ ត្រូវបន្តមានការសម្របសម្រួល និងកាន់តែបង្កើនភាពស្និតស្នាលជាមួយមន្រ្តីសុខាភិបាលគ្រប់កម្រិត រហូតដល់កម្រិតមណ្ឌលសុខភាព។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍គន្លឹះ ដើម្បីបង្កើនប្រសិទ្ធភាពការងារប្រចាំថ្ងៃទាំងការងារបច្ចេកទេស និងការងាររដ្ឋបាល ឱ្យប្រកាន់និយាមច្បាស់លាស់ក្នងការដឹកនាំ-គ្រប់គ្រង ដែលមាន ៥ដំណាក់កាល រួមមាន៖ ១)ត្រូវកំណត់ឱ្យបានច្បាស់លាស់ នៅអ្វីដែលត្រូវធ្វើ ២) ការធ្វើផែនការការងារ ៣) សម្របសម្រួលឱ្យបានល្អជាមួយផ្នែកពាក់ព័ន្ធ ៤) បណ្តុះបaណ្តាលឥរិយាបថ ៥)កិច្ចសហការ និងសហប្រតិបត្តិការដែលមានប្រសិទ្ធិភាព។ ឯកឧត្តមសាស្ត្រាចារ្យ បានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំនៅតាមមូលដ្ឋានសុខាភិបាល សាធារណៈ ត្រូវបន្តពង្រឹងការយកចិត្តទុកដាក់ខ្ពស់ការផ្តល់សេវាថែទាំសុខភាព ប្រកបដោយគុណភាព ជូនប្រជាពលរដ្ឋ ដែលប្រើប្រាស់ប័ណ្ណសមធម៌សុខាភិបាល និងប័ណ្ណរបបសន្តិសុខសង្គមថែទាំសុខភាព (ប.ស.ស)។ ទន្ទឹមនឹងនេះដែរក៏សូមថ្នាក់ដឹកនាំក្រសួង ជាពិសេសនៅតាមបណ្តាលរាជធានី ខេត្ត ត្រូវពិនិត្យតាមដានឱ្យបានជាប្រចាំ និងក្រើនរំលឹកដល់មន្រ្តី និងបុគ្គលិកសុខាភិបាលទាំងអស់ត្រូវបង្កើនការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល។ ចំពោះអ្នកទទួលបន្ទុករថយន្តគិលានុសង្រ្គោះ ត្រូវចូលរួមអនុវត្តឱ្យបានខ្ជប់ខ្ជួនតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវតែទទួលខុសត្រូវលើការអនុវត្តរបស់ខ្លួន។ សូមបញ្ជាក់ថានៅក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមផ្ទាល់ពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក និងលោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន នាយកមន្ទីរពេទ្យជាតិ ប្រធានមជ្ឈមណ្ឌលជាតិ និងតាមប្រព័ន្ធ Zoom រួមមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្ត ផងដែរ។